កងអាវុធហត្ថបង្ក្រាបកន្លែងលាក់ឈើប្រណិតខុសច្បាប់នៅខេត្តក្រចេះ

(ក្រចេះ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុន សាមឿន តំណាងឯកឧលោកនាយ ឧ ត្ត ម សេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរង នៃ កងយោធពល ខេមរៈភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ជា ប្រធាន គណៈកម្មការ ជាតិ ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើស ព្រៃឈើ និង ដោយមានការ ចូលរួម ពី លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងលាក់ឈើប្រណិតខុសច្បាប់ជាច្រើនម៉ែត្រគូប។

ការបង្ក្រាបនេះធ្វើឡើងកាលពីម្សិលមិញ នៅចំណុចក្នុងទឹកទន្លេ និងក្រោយផ្ទះអ្នកស្រុក ស្ថិតក្នុងភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយបានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើសង្កាត់អូរគ្រៀងចាត់ការបន្តតាមនីតិវិធី។

មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា ក្រុមស្រាវជ្រាវបង្រ្កាបបទល្មើសព្រៃឈើមកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្ត និងអាវុធហត្ថស្រុកសំបូរ បង្ក្រាបបានឈើប្រណីតខុសច្បាប់ជាច្រើនម៉ែត្រគូប ដែលឈ្មួញលាក់ទុកក្នុងទឹកទន្លេ និងក្រោយផ្ទះអ្នកស្រុក បម្រុងដឹកជញ្ជូនឈើប្រណីតខុសច្បាប់ទាំងអស់នោះបន្តទៅលក់នៅព្រំដែនប្រទេស វៀតណាម ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចះុស្រាវជ្រាវចាប់ឃាត់បានភ្លាមៗ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ខរស់នៅក្បែរចំណុចខាងលើនោះ ។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាល ព្រៃឈើអូរគ្រៀង បានឱ្យដឹងថា កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបបទល្មើស ព្រៃឈើខុសច្បាប់បានរាប់សិបកំណាត់ និងជាច្រើនម៉ែត្រគូប ហើយបានប្រគល់ឲ្យខាងកម្លាំងជំនាញ រដ្ឋបាលព្រៃឈើរបស់លោក ក្រោមការដឹកនាំផ្ទាល់ពីលោក ប៊ួយ រតនា នាយផ្នែករដ្ឋបាល ព្រៃឈើក្រចេះ បានសម្រេចនាំយកឈើទាំងនេះជាបន្តបន្ទាប់ទៅរក្សាទុកនៅសង្កាត់ រដ្ឋបាលព្រៃឈើអូរគ្រៀង ។

លោកបានឲ្យដឹងបន្ថែមថា ពេលនេះកម្លាំងរបស់លោកកំពុងតែវាស់វែង និងកសាងឯកសារដើម្បីចាត់វិធានការតាមផ្លូវច្បាប់រដ្ឋបាលព្រៃឈើ ។
ប្រពភពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានឲ្យដឹងថា ផ្លូវមួយខ្សែ និងស្ពានឈើដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ ចូលទៅភូមិកោះខ្ញែរ ត្រូវបានបំផ្លាញស្ទើរទាំងស្រុង ដោយសាររថយន្តដឹកឈើរបស់ក្រុមឈ្មួញមួយក្តាប់តូច ដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនរៀងរាល់យប់រំខាន់ដល់ការដេកពួនរបស់ពួកគាត់ជារៀងរាល់ថ្ងៃ។

ប្រភពដដែលបានបន្តថា ចំណុចកោះខ្ញែរ គឺជាកន្លែងជួញដូរឈើប្រណិតយ៉ាងសកម្មរបស់ក្រុមឈ្មួញ ដែលមានឥទ្ធិពល និងមានខ្នងបង្អែកនៅពីក្រោយ ដោយពួកគេអង្គុយចាំប្រមូលទិញ ឈើប្រណិតគ្រប់ប្រភេទដឹកតាមទូកចេញពីស្រុកសៀមបូកខេត្តស្ទឹងត្រែង ហើយស្តុកទុកនៅទីនេះ ដោយរង់ចាំរថយន្តធុនប្រភេទយីឌុបចូលមកដឹកជញ្ជូនចេញធ្វើដំណើរតាមផ្លូវជាតិ លេខ៧ឆ្លងកាត់ស្រុកសំបូរ ស្រុកចិត្របុរី និងស្រុកស្នួល យកទៅលក់ក្នុងប្រទេសវៀតណាម បានយ៉ាងរលូន។

ប្រជាពលរដ្ឋក្នុងតំបន់នេះ បានសំណូមពរដល់អាជ្ញាធរគ្រប់ថ្នាក់ និងសមត្ថកិច្ចជំនាញ សូមមេត្តាជួយទប់ស្កាត់បន្តទៀត បើមិនដូច្នេះទេផ្លូវ និងស្ពានឈើទាំងឡាយក្នុងមូលដ្ឋានខាងលើនឹងត្រូវបំផ្លិចបំផ្លាញគ្មានសល់ឡើយ ព្រោះក្រុមឈ្មួញដឹកជញ្ជូនឈើប្រើសុទ្ធតែរថយន្តយីឌុបភ្លៅប្រាំបែបហ្នឹង៕ (SN- ក្រចេះ)

 

photo_2017-07-09_10-03-15 (2) photo_2017-07-09_10-03-15 photo_2017-07-09_10-03-16 (2) photo_2017-07-09_10-03-16 (3) photo_2017-07-09_10-03-16

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com