កាំកុងត្រូលកំពង់ធំ រកឃើញចាហ៊ួយវៀតណាមខូចគុណភាព នៅផ្សារកំពង់ឈើទាល

(កំពង់ធំ) ៖ កាលពីម្សិលមិញ មន្ត្រីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានត្រួតពិនិត្យរកឃើញផលិតផលចាហួយតំណាប់ដូងខូចគុណភាព នាំចូលពីវៀតណាម នៅក្នុងផ្សារកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងផលិតផលខូចគុណភាពមួយចំនួនទៀត។

មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ពួកគេបានឆែករកឃើញចាហ៊ួយតំណាប់ដូងម៉ាក ថាញប៊ីន (Thanh Binh) ដែលផលិតនៅប្រទេសវៀតណាមចំនួន១១កេះកន្លះ ស្មើនឹងង៨២កញ្ចប់ធំ, ទឹកត្រចៀកកាំម៉ាក យ៉ាងហ្គូ (Yango) ចំនួន១៨កំប៉ុង, ទឹកក្រូចម៉ាក ខេម (Cam) ចំនួន១៧ដប, ភេសជ្ជៈម៉ាក រ៉េនជើ (Ranger) ចំនួន៤៨កំប៉ុង, ទឹកដោះគោខាប់, ម៉ីម៉ាម៉ាចំនួន១១កំប៉ុង និងទឹក្រូចចំណុះ២១០មីលីលីត្រ ចំនួន១៨ដប។

ក្នុងឱកាសចុះត្រួតពិនិត្យនេះ លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានពន្យល់ដល់ក្រុមអាជីវករឲ្យឈប់លក់ផលិតផលហាមឃាត់ដែលបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ ដូចជាចាហ៊ួយតំណាប់ដូង ម្ស៉ៅបូរ៉ាក់ និងផលិតផលប្រេងខ្យងមួយចំនួន នាំចូលពីប្រទេសចិន ព្រមទាំងបានចុះបិទស្លាកសញ្ញាព័ត៌មានណែនាំអំពីការថែរក្សាគុណភាពផលិតផលឲ្យបានល្អ ដើម្បីធានាសុវត្ថិភាពដល់អ្នកទទួលទាន៕ (SN- សុផាត)

photo_2017-07-06_09-34-03 (2) photo_2017-07-06_09-34-03 photo_2017-07-06_09-48-05

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com