ថៃចាប់បញ្ជូនវៀតណាមថា ជាខ្មែរសមត្ថកិច្ចខ្មែរបញ្ជូនឲ្យថៃវិញ តាមច្រកប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ខណៈពលករខែ្មរអត់ច្បាប់ខ្លះធ្វើការនៅប្រទេសថៃ កំពុងត្រូវបានសម្ថកិច្ចថៃ ចាប់បញ្ជូនមកវិញ និងភាគច្រើនមកដោយខ្លួនឯង ដើម្បីមកធ្វើឯកសារស្របច្បាប់ ដើម្បីវិលទៅវិញ ស្រាប់តែសមត្ថកិច្ចថៃបានចាប់បញ្ជូនជនជាតិវៀតណាមមកជាមួយដែរ។

ជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនតាមរថយន្តដឹកពលករខ្មែរ មកឲ្យអាជ្ញាធរកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ប៉ុន្តែត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សពិនិត្យឃើញថា ជាជនជាតិវៀតណាមក៏សហការជាមួយនគរបាលអន្តោប្រវេសន៍ ទាក់ទងឲ្យសមត្ថកិច្ចថៃមកយកត្រឡប់ទៅវិញ។

លោក អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០១៧ ក្រុមការងារដែលចាំទទួលពលករខ្មែរ បានរកឃើញជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនលាយជាមួយពលករខ្មែរ។

ក្រោយពីដឹងថា មានជនជាតិវៀតណាម ត្រូវថៃចាប់បញ្ជូនមកកម្ពុជាដែរ នគរបាលខ្មែរបានហៅមកសាកសួររកលិខិតស្នាមរួច ក៏សម្រេចបញ្ជូនឲ្យសមត្ថកិច្ចអន្តោប្រវេសន៍ថៃយកទៅប្រទេសថៃវិញ ដើម្បីបញ្ចូនទៅប្រទេសវៀតណាមដោយផ្ទាល់ ព្រោះវាជាសមត្ថកិច្ចរបស់ថៃ។​

ជនជាតិវៀតណាម ដែលត្រូវថៃចាប់បញ្ជូនមកនេះ ឈ្មោះយឿង គឹមអញ កើតនៅឆ្នាំ១៩៥២ បានឆ្លងដែនទៅរស់នៅក្នុងប្រទេសថៃតាំងពីឆ្នាំ២០០៤ និងបានប្តីជាជនជាតិថៃ មានមុខរបរលក់ឥវ៉ាន់ចាប់ហួយ៕ (SN-ពៅ)



appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង