ឈ្មួញទុច្ចរិតដឹកឈើបាក់ស្ពាន រួចជញ្ជូនឈើអស់ ចៅហ្វាយខេត្តក្រចេះអត់ដឹង

(ភ្នំពេញ) ៖ លោក ស ចំរុង អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់ Swift News នៅព្រឹកនេះថា លោកមិនទាន់បានទទួលរបាយការណ៍ពីករណីបាក់ស្ពានអូរអង្គ្រង ក្នុងស្រុកសំបូរ ទេ ព្រោះអភិបាលស្រុកមិនបានធ្វើរបាយរាយការណ៍។

លោក ស ចម្រុង បានឆ្លើយបដិេសធដូច្នេះថា «ខ្ញុំអត់ដឹងទេ ចាំសួរចៅហ្វាយស្រុកសិន។ ខ្ញុំនឹងចាត់មនុស្សឲ្យទៅពិនិត្យមើល»។

កាលពីម្សិលមិញ រថយន្តធុនយីឌុបមួយគ្រឿង ផ្ទុកឈើប្រហែលជាង៥០ម៉ែត្រគូប ដែលគេដឹងជាទូទៅថា កម្មសិទ្ធិរបស់ឈ្មួញឈើឈ្មោះ នី និងប្តីឈ្មោះ អាត បានបើកកាត់ស្ពាននេះ រួចងបង្កឲ្យបាក់តែម្តង ចំណែករថយន្តដឹកឈើក៏ទៅមុខលែងរួច។

ក្រោយពីជាប់គាំងនៅលើស្ពានទៅមុខលែងរួច ម្ចាស់ឈើបានយករថយន្តស្ទូចមកស្ទូចឈើទម្លាក់ចូលទៅក្នុងអូរ ដើម្បីលាក់ពីភ្នែកមហាជន និងយករថយន្តចេញ។

តាមសេចក្តីរាយការណ៍នាព្រឹកនេះ បានឲ្យដឹងថា ឈើជាង៣០ម៉ែត្រគូប ដែលទម្លាក់ចូលទៅក្នុងទឹក ត្រូវបានស្រង់ឡើងវិញ នឹងដឹកចេញបាត់ហើយ កាលពីយប់មិញ ហើយឈើនៅសល់ អាចនឹងត្រូវដឹកឲ្យអស់នៅយប់នេះ។

លោក សូម សារិទ្ធ អភិបាលស្រុកសំបូរ បានមានប្រសាសន៍ប្រាប់ Swift News បែបទើសទាល់ថា លោកបានចាត់មេព្រៃចុះទៅពិនិត្យមើលករណីបាក់ស្ពានរួចហើយ ដើម្បីពិនិត្យឲ្យដឹងថា ឈើទាំងអស់នេះពិតជាខុសច្បាប់មែនឬទេ។

លោកបានមានប្រសាសន៍ថា «តាមពិត ខ្ញុំបានឲ្យមន្ត្រីរដ្ឋបាលព្រៃឈើចុះទៅមើលហើយ ដើម្បីពិនិត្យមើលឈើហ្នឹងខុសច្បាប់ឬអត់។ ខ្ញុំកំពុងរងចាំរបាយការណ៍ពីមេព្រៃសិន»។

នៅពេលសួរថា តើត្រូវរងចាំរបាយការណ៍ដល់ពេលណា ព្រោះឈើត្រូវបានដឹកចេញជិតអស់ហើយ លោក សូម សារិទ្ធ បានអះអាងប្រាប់ Swift News ថា «ខ្ញុំនឹងចាប់បង្ខំឲ្យម្ចាស់ឈើសង់ស្ពានឡើងវិញ»។

ស្ពានមួយនេះបានបាក់ពីរដងរួចមកហើយ ព្រោះតែឡានដឹកឈើរបស់ថៅកែមុខដដែលៗ ហើយពេលឡានដឹកឈើ កំពុងជាប់នៅលើស្ពាន មិនមានអាជ្ញាធរចុះអន្តរាគមន៍ទេ បានឆ្លើយត្រឹមថា អត់ដឹងប៉ុណ្ណោះ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពរដ្ឋរស់នៅ ចំណុចភូមិកោះខ្ញែរបានឲ្យដឹងថា ជារាងរាល់យប់ គេសង្កេតឃើញមាន ទូកកាណូតធំៗធ្វើកាដឹកជញ្ជួនឈើតាមកាណួត តាមដងទន្លេមេគង្គ ពីខេត្តស្ទឹងត្រែង យកចូលមកចំណុចមាត់កំពង់នៅភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តខេត្តក្រចេះ មុននឹងប្រមូលដាក់រថយន្តធុនធំ ដើម្បីដឹកបន្តទៅលក់នៅព្រំដែនវៀតណាម ដែលគេដឹងច្បាស់ថា អត់ច្បាប់ របស់ឈ្មួញរកស៊ីខុសច្បាប់ ឈ្មោះថា ចែ នី នឹងប្ដីឈ្មោះ អាត៕ (ផាន់ អាណា)

photo_2017-06-28_12-55-50

photo_2017-06-28_12-56-26 photo_2017-06-28_12-56-23

photo_2017-06-28_12-56-34

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com