ក្រសួងឧស្សាហកម្ម សហការជាមួយកូរ៉េ ដើម្បីបង្កើតសួនបច្ចេកវិទ្យានៅកម្ពុជា

(ភ្នំពេញ) ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីម្សិលមិញ បានជួបពិភាគ្សាជាមួយពាណិជ្ជករដ៏ល្បីផ្នែកបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ ដើម្បីរួមគ្នាបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។

 

 

ក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកបណ្ឌិត Bae Jung-Chan ប្រធានសួនបច្ចេកវិទ្យា Gwangju នៃប្រទេសកូរ៉េ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង ដើម្បីបើកផ្លូវឲ្យក្រុមជំនាញបច្ចេកទេស នៃភាគីទាំងពីរ បានពិភាក្សាគ្នាលើខ្លឹមសារអនុស្សរណៈយោគយល់គ្នា ក្នុងកិច្ចសហការជម្រុញការបង្កើតសួនបច្ចេកវិទ្យាកូរ៉េនៅកម្ពុជា។

 

 
យោងតាមលទ្ធផលផ្លូវការរបស់ក្រសួងឧស្សាហកម្ម បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នា ដើម្បីឈានទៅចុះហត្ថលេខា នាពេលឆាប់ៗខាងមុខនេះ លើគម្រោងវិនិយោគបង្កើតសួនបច្ចេកវិទ្យា កម្ពុជា-កូរ៉េ។

 

 

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្វាគមន៍ និងចាត់ទុកថា គម្រោងវិនិយោគ ផ្នែកបច្ចេកវិទ្យានេះ គឺសំខាន់ណាស់ ហើយបានស្នើដល់ភាគីកូរ៉េ ពិនិត្យជាក់ស្តែងនៅទីតាំងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។

 

 

លោកបន្តទៀតថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាខេត្តមួយមានតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅ ដែលងាយស្រួលដល់ការដឹកជញ្ជូនទំនិញចេញទៅក្រៅប្រទេស និងជាខេត្តមានបណ្តាញផ្លូវដែកឆ្លងកាត់ក្នុងប្រទេសផងដែរ។

 

 
លោកទេសរដ្ឋមន្ត្រី បានសំណូមពរដល់ដៃគូកូរ៉េ សូមយកប្រទេសកម្ពុជាធ្វើជាទីតាំង ដើម្បីផលិត ដំឡើង ឬកែច្នៃសម្ភារៈ បិរក្ខាផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើដល់ការនាំចេញ ពីព្រោះប្រទេសកម្ពុជាទទួលបានការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដែលអាចឲ្យនាំទំនិញចេញទៅកាន់ប្រទេសគោលដៅជាច្រើន ដោយមិនជាប់ពន្ធ និងមិនជាប់កូតា រួមទាំងប្រទេសកូរ៉េផងដែរ ។

 

 

លោកបណ្ឌិត Bae Jung-Chan ប្រធានសួនបច្ចេកវិទ្យា Gwangju នៃប្រទេសកូរ៉េ បានបង្ហាញនូវជំហររឹងមាំ ដើម្បីសហការ និងធ្វើឲ្យសម្រេចកិច្ចការខាងលើនេះ នាពេលឆាប់បំផុត ដែលអាចឈានទៅចុះអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចនៃភាគីទាំងសងខាង៕ (SN-រដ្ឋា)

photo_2017-06-28_10-33-53 photo_2017-06-28_10-34-04 photo_2017-06-28_10-34-09

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com