កីឡាករកូរ៉េ Gisung មិនដែលគិតថាអាចរកបាន៧គ្រាប់ក្នុងមួយប្រកួតបែបនេះឡើយ

មុននឹងចាកចេញពីប្រទេសកម្ពុជាដើម្បីឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូងសម្រាប់ការឈប់សម្រាករយៈពេល ១សប្តាហ៍របស់ខ្លួន ខ្សែប្រយុទ្ធ Gisung Yeon បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនចំពោះការរកបានគ្រាប់បាល់ ៧គ្រាប់តែម្នាក់ឯងកាលពីជំនួបជាមួយក្រុមសុីម៉ាក់ដែលបានបញ្ចប់ដោយលទ្ធផល ១១-០ ។

កីឡាកររូបនេះមានប្រសាសន៍ថា៖ ខ្ញុំមិនដែលគិតថា ខ្ញុំនឹងអាចរកបានគ្រាប់បាល់រហូតដល់ ៧គ្រាប់ក្នុងមួយប្រកួតបែបនេះឡើយ ប៉ុន្តែខ្ញុំត្រូវតែមានគំនិតវិជ្ជមានឡើងវិញ ហើយត្រូវខិតខំឲ្យកាន់តែខ្លាំងថែមទៀតដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរ ។ ខ្ញុំពិតជាមានក្តីរីករាយណាស់ចំពោះជ័យជម្នះដែលបានកើតចេញពីការតស៊ូរបស់មិត្តរួមក្រុម និងក្រុមគ្រូបង្វឹកទាំងអស់ ។ ដោយសារតែសាមគ្គីភាពនេះហើយទើបក្រុមរបស់យើងទទួលបាននូវលទ្ធផលដ៏ល្អនេះ។
ដោយបន្តថា មួយវិញទៀត ពួកយើងបាននាំគ្នាហ្វឹកហាត់យ៉ាងខ្លាំង ហើយបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ជំនួបជាមួយក្រុមសុីម៉ាក់នេះ ដូច្នេះហើយទើបទម្រង់លេងមានភាពផ្លាស់ប្តូរ ហើយខ្ញុំមានជំនឿចិត្តថា ប្រសិនបើក្រុមរបស់យើងនៅតែបន្តលេងល្អដូចកាលពីម្សិលមិញ នោះយើងនឹងអាចគ្រងជើងឯកបានជាមិនខាន ។ 

ជាមួយគ្នានេះ Gisung ក៏សូមថ្លែងអំណរគុណម្តងទៀតដល់អ្នករាល់គ្នាដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត និងបានសហការគ្នាយ៉ាងល្អដើម្បីសម្រេចគោលដៅរួមរបស់យើង ។ 
កីឡាកររូបនេះបានបន្ថែមថាគេពិតជាសប្បាយចិត្តណាស់សម្រាប់ការស្នាក់នៅទីក្រុងភ្នំពេញនេះ ហើយមែនទែនទៅ គេកំពុងតែស្នាក់នៅជាមួយកីឡាករកូរ៉េខាងត្បូងមួយចំនួនទៀតដែលលេងនៅក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ, ក្លឹបសុីម៉ាក់, ស្វាយរៀង និងភ្នាក់ងារទំនាក់ទំនងផ្នែកទីផ្សាររបស់យើង ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com