តុលាការនឹងបន្តសវនាការរឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្មនៅថ្ងៃទី១២ ខែមិថុនា

(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ី​ ឋាវីរៈ ប្រធានក្រុមប្រឹក្សាជំនុំជំម្រះនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ បានបើកសវនាការលើអង្គសេចក្តីក្នុងសំណុំរឿង ផ្តើមគំនិតក្នុងអំពើឃាតកម្ម និងសមគំនិតក្នុងអំពើឃាតកម្ម កាលពីអំឡុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

ជនជាប់ចោទ១.ឈ្មោះ​ សុខ គឹមលី ភេទស្រី អាយុ៤១ឆ្នាំបានឆ្លើយបដិសេធនៅពេលសវនាការថា ខ្លួនមិនបានជួលមនុស្សឲ្យទៅតាមបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អៀ លីហួរទេ។ ២.ឈ្មោះ​ នី ស័រប៉ិញ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិវៀតណាម បានឆ្លើយថាខ្លួនស្គាល់ គឹមលី តាមរយៈឈ្មោះ ឡេ យាំងយ៉ុង ដោយបានប្រាប់ថាគឹមលីត្រូវការជួលឃាតកមួយនាក់ឲ្យទៅបាញ់សម្លាប់ ឈ្មោះ អៀ លីហួរ។

ពេលនោះក៏បានប្រគល់កាំភ្លើងK៥៩មួយដើម និងលុយ១០០០ដុល្លារ តែពេលនោះខ្ញុំមិនបានបាញ់ទេហើយក៏តែយកលុយ។ ចំណែក៣.ឈ្មោះ​ ចាំង ធីវ៉េ ភេទស្រីអាយុ៤៦ឆ្នាំ ជនជាតិវៀតណាម ន៨ងទី៤.ឈ្មោះ ឡេ យាំងយ៉ុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មិនទាន់បានសួរដេញដោលនៅឡើយទេ ដោយសារតែអស់ម៉ោងរដ្ឋបាល។

ទោះជាយ៉ាងណាលោកចៅក្រមក៏បានសម្រេចលើកពេលរឿងក្តីនេះទៅបន្តសវនាការនៅរសៀលថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៧ បន្តទៀត។

សូមជម្រាបថា នេះជារឿងក្តីមួយ ដែលឈ្មោះ​ សុខ គឹមលី បានជួលជនជាតិវៀតណាមបីនាក់ឲ្យតាមបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អៀ​ លីហួរ។ ចំណែករឿងក្តី សុខ គឹមលី ជួលឲ្យមនុស្សទៅបោកគ្រាប់បែកនោះមិនទាន់បើកសវនាការនោះទេ។

កាលពីព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីបំផ្ទុះគ្រាប់បែកមួយ នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្សបួននាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្តបួនគ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះខូចខាតផងដែរ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សង្ស័យប្រាំនាក់ទៀត ដែលពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនហើយ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២០០​នៃ​ក្រម​ព្រហ្មទណ្ឌ​៕






appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com