អាមេរិក រុញឲ្យមានសង្គ្រាមការទូត រវាងបណ្តាប្រទេសនៅជុំវិញឈូងសមុទ្រ ពែក្ស

សង្គ្រាមការទូតរវាងប្រទេស៤ក្នុងតំបន់ឈូងសមុទ្រ ពែក្ស ជាមួយនឹងប្រទេសកាតា បានផ្ទុះឡើងយ៉ាងខ្លាំង កាលពីថ្ងៃចន្ទទី០៥ខែមិថុនាឆ្នាំ២០១៧នេះ ដែលអាចបណ្តាលមកពី សហរដ្ឋអាមេរិកជាអ្នករុញបញ្ឆេះ ឲ្យឆាបឆេះឡើង ។
ប្រទេសអេហ្ស៊ីប អារ៉ាប៊ី សាអូឌីត អារ៉ាប់រួម និងប្រទេសបារ៉ែន បានប្រកាសកាត់ផ្តាច់ការទូតទាំងស្រុងជាមួយនឹងប្រទេសកាតា ដោយចោទប្រកាន់កាតាថា បានជួយជ្រោមជ្រែងដល់ក្រុមភេរវករឲ្យបន្តវាយប្រហារភេរវកម្មសម្លាប់មនុស្សស្លូតត្រង់ ។
យោងតាមលិខិតជូនដំណឹងផ្លូវការ ប្រទេសកាតាត្រូវបានក្រុមប្រទេសអារ៉ាប់ទាំងនោះ ចោទប្រកាន់ថាជាប្រទេសក្បត់ដោយបានគាំទ្រទំនុកបំរុងចលនាភេវកម្ម។ កាតាបានឆ្លើយតបវិញថា ទាំងអស់នេះគឺជាការរៀបចំបំប៉ោងព័ត៌មាន ដោយសារតែគេចង់ត្រួតត្រាលើអធិបតេ យ្យភាពរបស់កាតា តែមិនបានសម្រេច ។
ខ្យល់ព្យុះពាក្យសំដី កំពុងបោកបក់មកលើប្រទេសអារ៉ាប់ដំបន់ដើមបូព៌ាឈូងសមុទ្រពែក្ស។ កាតាកូនប្រទេសមហាសេដ្ឋីអារ៉ាប់ កំពុងត្រូវគេឡោមព័ទ្ធដោយពាក្យសម្តីចោទប្រកាន់។ អារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និង អារ៉ាបរួម បានចេញសេចក្តីប្រកាសជាបន្តបន្ទាប់ នៅវេ លាព្រឹកថ្ងៃចន្ទទី៥មិថុនាថា ប្រទេសគេប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា ។
រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានផ្សាយថា អារ៉ាប៊ីសាអូឌីត និងបិទទូត ហើយបិទព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមួយនឹងកាតា។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បានលើកឡើងថា អារ៉ាប៊ីសាអូឌីត បានចេញវិធានការនេះ គឺដើម្បីការពារសន្តិសុខអារ៉ាប៊ីសាអូឌីត ព្រោះថាកាតា បានចូលរួមគាំទ្រក្រុមចលនាភេរវកម្មនិងពួកជ្រុលនិយម ។
ដោយឡែក អេហ្ស៊ីបវិញ បានបញ្ជាក់ថា គេបានសម្រេចផ្តាច់ទំនាក់ទំនងទូតជាមួយកាតានេះក៏ដោយសារតែកាតាបានបង្កើនគោលនយោបាយប្រឆាំងនឹងរដ្ឋាភិបាលអេហ្ស៊ីបកាន់ តែខ្លាំងឡើងៗ។ ចំណែក អារ៉ាបរួម និងបារ៉ែន បានបញ្ជាក់ថា ចាប់ពីថ្ងៃអង្គារទៅគេនឹងបិទ មិនឲ្យមានជើងយន្តហោះជាមួយនឹងប្រទេសកាតាទេរហូតទាល់តែមានការចេញបទបញ្ជាថ្មី។
ប្រជាជនកាតានៅតាមប្រទេសទាំង៤នេះមានពេល១៤ថ្ងៃដើម្បីចាកចេញពីប្រទេសគេ ហើយចំណែកបុគ្គលិកមន្ត្រីការទូតរបស់កាតាមានពេល៤៨ម៉ោងដើម្បីចាកចេញ។ ប្រទេសទាំងបួននេះក៏បានហាមឃាត់ប្រជាជនខ្លួនមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកាតាដែរ ។ សម្ព័ន្ធយោធាអារ៉ាប់ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត កំពុងតែធ្វើប្រតិបត្តិការនៅប្រទេសយេមែននោះក៏បានសម្រេចដកកាតាចេញដែរ ។
ជារួមប្រទេសទាំងបួន មានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានចោទប្រទេសកាតាថា បានគាំទ្រចលនាភេរវកម្ម មានដូចជា ចលនាអាល់កាយដា ចលនាបងប្អូនអ៊ីស្លាម និងចលនាជីហាតរដ្ឋអ៊ីស្លាម ។
សង្រ្គាមពាក្យសំដីនៃប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពែក្ស នេះ បានចាប់ផ្តើមកើតមានតាំងតែពី២សប្តាហ៍កន្លងមកហើយ ពោលគឺក្រោយពេលដែលលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានធ្វើដំណើរទៅកាន់ អារ៉ាប៊ីសាអូឌីត។
ក្នុងឱកាសនោះ លោកដូណាល់ ត្រាំ បានចង្អុរមុខអ៊ីរ៉ង់ ហើយបានពន្យុះឲ្យប្រទេសអារ៉ាប់ផ្សេងទៀតឲ្យនាំគ្នាតតាំងជាមួយអ៊ីរ៉ង់ ដែលលោកដូណាល់ ត្រាំ ចោទថាគឺជាអ្នកចិញ្ចឹមបណ្តាញភេរវកម្ម ។
សង្រ្គាមការទូតរវាងប្រទេសអារ៉ាប់ទាំងបួននេះ ជាមួយនឹងកាតាបានចាប់ផ្តើមឡើង កាលពី២សប្តាហ៍មុននេះ តាមរយៈសង្រ្គាមនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មាន។ បណ្តាញព័ត៌មានអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម បានលើកឡើងថា ប្រមុខដឹកនាំកាតា គឺលោក តាមីម បេនហាម៉ាដ អាល់ថានី បាននិយាយសម្តីដែលមានខ្លឹមសារកាន់ជើងអ៊ីរ៉ង់ ។
ការចោទប្រកាន់របស់បណ្តាញព័ត៌មានអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម គឺដោយយោងទៅលើអត្ថបទផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កាតា (QNA) ដែលទីភ្នាក់ងារនេះ បានស្រង់សំដីរបស់លោក តាមីម បេនហាម៉ាដ អាល់ថានី ថា បាននិយាយថា “អ៊ីរ៉ង់គឺជាមហាអំណាចអ៊ីស្លាមមួយក្នុងតំបន់ដែលមានតួនាទីធំ មិនគួរមើលរំលង ហើយការប្រឈមមុខតទល់ជាមួយអ៊ីរ៉ង់ គឺជាជម្រើសមួយដែលមិនប្រយ័ត្នប្រយែងឡើយ”។
ប្រភពដដែលនេះបានបន្តថា លោកប្រមុខរដ្ឋាភិបាលកាតា បានចំអកថា អារ៉ាប៊ីសាអូឌីត គួរណាតែគិតគូរពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនខ្លួន ជាជាងចំណាយប្រាក់មហាសាលទៅទិញគ្រឿងសព្វាវុធពីអាមេរិកទុកច្បាំងជាមួយអ៊ីរ៉ង់ ។
គឺសំដីនេះហើយ ដែលអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អេហ្ស៊ីប និងបារ៉ែន នាំគ្នាយកទៅបកស្រាយថា កាតា កំពុងកាន់ជើងអ៊ីរ៉ង់ ហើយគាំទ្រចលនាភេវកម្មនានា ។ ក៏ប៉ុន្តែ រដ្ឋាភិបាលកាតា បានឆ្លើយតបមកវិញថា នេះគឺជាការប្រឌិតទាំងស្រុង។ លោក ប្រមុខរដ្ឋាភិបាលកាតា មិនបាននិយាយសម្តីនេះទេ ៕IMG_0987

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង