ជិតបោះឆ្នោត លេចមុខមន្ត្រីខិលខូច និងអ្នកមានអំណាច មួយក្តាប់តូច ដាក់គ្រឿងចក្រទៅឈូសឆាយបំផ្លាញដំណាំ និង រំលោភយកដីគ្រួសារកងទ័ព នៅច្រកអានសេះ

 

(ព្រះវិហារ)៖ ថ្ងៃទី២២ ខែឧសភា ២០១៧នេះ ខណៈពេលបក្សនយោបាយកំពុងស្វែងរកការគាំទ្រសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស ស្រាប់តែមានក្រុមគ្រួសារកងទ័ពជាច្រើននាក់ ដែលហ៊ាននិយាយការពិត បានរាយការណ៍មកថា មានក្រុមមន្ត្រីខិលខូច និងអ្នកមានអំណាចមួយក្តាប់តូច មានតួនាទី តែខ្វះគុណធម៌ ខ្វះសីលធម៌ រស់នៅដោយគំនិតអាក្រក់ និងសកម្មភាពក្លែងក្លាយ នៅតែបន្តធ្វើឲ្យទឹកភ្នែកក្រុមគ្រួសារកងទ័ពហូរគ្មានស្រាកស្រាន្ត ដោយសារតែមេទ័ពខ្លះរួមគំនិតជាមួយមន្ត្រីខិលខូច ប្រើសិទ្ធិអំណាចតាមទឹកលុយរបស់ឈ្មួញដី ទៅធ្វើបាបគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារព្រំដែននៅច្រកអានសេះ ក្នុងវីរៈសេនាតូចលេខ៤០៥ ចំណុះសឹករងខេត្តព្រះវិហារ ។

 

ប្រជាជន មន្ត្រីរាជការ និងគ្រួសារកងទ័ពជាច្រើនកំពុងរស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលស្រឡាញ់សន្តិភាព តាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន បាននិយាយពេញៗមាត់ថា ពួកគាត់នៅតែគោរពស្រឡាញ់ សម្តេចតេជោ ជាមេដឹកនាំរៀងរហូត  ប៉ុន្តែទង្វើអាក្រក់របស់មន្ត្រីខិលខូច និងមន្ត្រីពុករលួយ មានតួនាទីហើយ តែខ្វះគុណធម៌ ខ្វះសីលធម៌ នៅតែបន្តធ្វើឲ្យប្រជាជនមានការថ្នាំងថ្នាក់រហូតឈានទៅដល់ការខឹងគោវាយរទេះទៀតផង ។

 

ប្រជាជនភាគច្រើនដែលរស់នៅក្នុងឃុំជាំក្សាន្តបានបង្ហាញថា លទ្ធផលឆ្នោតក្នុងឆ្នាំ២០១៣ កន្លងទៅ គឺជាសារមួយបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពួកមន្ត្រីខិលខូចពុករលួយ នៅតំបន់នោះឲ្យចេះភ្ញាក់ កែខ្លួន ជម្រុះអំពើអាក្រក់ ដើម្បីឆក់យកបេះដូងប្រជាជន មកចូលរួមគាំទ្រ គោលនយោបាយ ការពារសន្តិភាពរបស់រាជរដ្ឋាភិបាលវិញ ប៉ុន្តែមន្ត្រីអស់សាច់មួយចំនួនរួមមាន ១.លោកវីវៈសេនីយ៍ឯក លាស់ ណាម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រចាំការនៅទិសអានសេះ ២.លោកវីរៈសេនីយ៍ទោ រៀម ខេត មេបញ្ជាការវីរៈសេនាតូច៤០៥ ៣.លោកវីរៈសេនីយ៍ទោ ប៉ូច សុខជា មុខងារជាឌឺបេកងទ័ពជើងគោក បានឃុបឃិតជាមួយក្រុមឈ្មួញដីឈ្មោះ បញ្ញា និង មករា ជាអ្នកយាមដីឲ្យក្រុមហ៊ុន ទ្រី ភាព បានយកគ្រឿងចក្រជាច្រើនគ្រឿង ទៅឈូសបំផ្លាញដំណាំប្រជាពលរដ្ឋ និងរំលោភយកដីរបស់គ្រួសារកងទ័ពជាងប្រាំហិកតា ចែកគ្នាធ្វើជាកម្មសិទ្ធិរបស់ខ្លួន សម្រាប់លក់ទៅឲ្យក្រុមហ៊ុន។

ប្រជាជនបានឲ្យដឹងទៀតថា ពួកមន្ត្រីខិលខូចខាងលើនេះ ពូកែណាស់ខាងលូនក្រាបលុតជង្គង់នៅចំពោះមុខថ្នាក់ដឹកនាំ តែនៅពីក្រោយខ្នងថ្នាក់ដឹកនាំវិញ ជាន់កមន្ត្រីតូចតាច និងរាស្ត្រទន់ខ្សោយគ្មានត្រាប្រណី។ ពួកគាត់បានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានថា សូមសម្តេចមេត្តាជួយ បញ្ឈប់សកម្មភាព មន្ត្រីខិលខូចឲ្យឈប់ធ្វើទុក្ខបុកម្នេញដល់គ្រួសារកងទ័ព ដែលកំពុងរស់នៅតាមខ្សែបន្ទាត់ព្រំដែននេះ ជាពិសេសសូម សម្តេចចាប់ផ្តើមដុះក្អែលមន្ត្រីខិលខូច និងត្រូវតែហ៊ានកាត់សាច់ស្អុយគ្រវាត់ចោល ប្រសិនជាអាចកាត់សាច់ស្អុយគ្រវាត់ចោលបាន នោះគោលនយោបាយ ការពារសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន នៅជាអមតៈរៀងរហូត ៕ 

 

photo_2017-05-22_11-29-40 photo_2017-05-22_11-29-45 photo_2017-05-22_11-29-49 photo_2017-05-22_11-29-53 photo_2017-05-22_11-29-57

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង