រថយន្តដឹកផ្លែស្វាយ បុកគ្នាជាមួយរថយន្តដឹកទឹកកក កៀបជាប់តៃកុង

(បាត់ដំបង) ៖ អ្នកបើកបររថយន្តវ័យក្មេងម្នាក់ ដែលជាអ្នកបើកបររថយន្តដឹកផ្លែស្វាយចេញពីតំបន់ភ្នំគិរីរម្យ ឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនថៃ ត្រូវរងគ្រោះដោយក្បាលរថយន្តកៀបជាប់ជើងទាំងពីរ ខណៈដែលគេកំពុងបើកបរសុខៗ ត្រូវរថយន្តរបស់ក្រុមហ៊ុនទឹកកកអនាម័យប្រើល្បឿនយ៉ាងលឿនកាត់ពីមុខតែម្តង ដោយគ្មានការគោរពសិទ្ធិនៅត្រង់ចំណុចផ្លូវបំបែកភ្លើងស្តុបបន្តិចណាសោះ ។

 

 

 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបែកជា៤ ( កណ្តាលភ្លើងស្តុបដំណាក់ហ្លួង ) ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រវាងរថយន្តម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3D-7128 ជាមួយនឹងរថយន្តកូរ៉េ របស់ក្រុមហ៊ុនទឹកកកអនាម័យសេះហោះ ពាក់ស្លាកលេខ ភ្នំពេញ 3A-2964 ។

 

 

 

តាមការអះអាងរបស់ប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុគេសង្កេតឃើញមានរថយន្តហ៊ីណូមួយគ្រឿង ដោយមានដឹកផ្លែស្វាយពេញទ្រុង បានបើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៥៧ ដោយផ្លែស្វាយនេះត្រូវបានគេបង្ហើបថា ដឹកចេញពីតំបន់ចំការស្វាយនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ផ្សារព្រំ ក្នុងខេត្តប៉ៃលិន ។

 

 

 

ប្រភពដដែលបានបន្តថា នៅពេលដែលរថយន្តនេះបើកមកដល់ពាក់កណ្តាលភ្លើងស្តុបក៏ស្រាប់តែមានរថយន្តមួយគ្រឿងដែលមានដឹកទឹកកកពេញផងនោះ បានបោះពួយយ៉ាងលឿនក្នុងទិសដៅខ្វែងគ្នាពីត្បូងទៅជើង ធ្វើឲ្យរថយន្តដឹកផ្លែស្វាយបុកពេញទំហឹងទៅលើជញ្ជាំងរថយន្តធ្វើឲ្យរថយន្តដឹកទឹកកកក្រឡាប់តែម្តង នៅពេលនោះដែរដោយសារតែកម្លាំងនៃការប៉ះទង្គិចធ្វើឲ្យក្បាលរថយន្តដឹកផ្លែស្វាយរួញកៀបជាប់ជើងទាំងពីររបស់អ្នកបើកបរ ដែលនៅពេលនោះដែរ ក៏មានរថយន្តដឹកខ្សាច់ និងអ្នករួមដំណើរចុះជួយទាញ និងគាស់រថយន្តដើម្បីទាញយកអ្នកបើកបរចេញពីក្នុងរថយន្ត ។

 

 

 

បើតាមប្រភពក្រៅផ្លូវការជាច្រើនបានរិះគន់ថា សមត្ថកិច្ចគួរតែធ្វើការរឹតបន្តឹងទៅលើក្រុមហ៊ុនទឹកកកអនាម័យសេះហោះនេះឲ្យខ្លាំងបន្តិច ដោយសារតែរយៈពេលកន្លងមកការបើកបររបស់មនុស្សនៅក្នុងក្រុមហ៊ុននេះបានបង្កបញ្ហាជាច្រើនទាំងការបង្កឲ្យមានគ្រោះថ្នាក់ទៅលើអ្នកដទៃ ក៏ដូចជាការបើកបរមិនគោរពច្បាប់ចរាចរណ៍ជាដើម ដែលទំនងជាអ្នកបើកបរនៅក្នុងក្រុមហ៊ុននេះមិនទាន់មានប័ណ្ណបើកបរឲ្យបានត្រឹមត្រូវយ៉ាងដូច្នេះដែរ។

 

 

 

ក្រោយពេលកើតហេតុគេសង្កេតឃើញថា សមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានចុះមកត្រួតពិនិត្យដើម្បីយករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយជាក្រោយ ៕

AAAAAA AAAAAAA AAAAAAAA AAAAAAAAA AAAAAAAAAA AAAAAAAAAAA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង