សត្វពាហន:ជាង៦០ក្បាលកំពុងតែស្លាប់ជាបន្តបន្ទាប់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែ

(ស្ទឹងត្រែង)៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារគោ និងក្របីជាង៦០ក្បាលបានស្លាប់ជាបន្តបន្ទាប់  នៅក្នុងភូមិដាច់ស្រយ៉ាលមួយ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយមិនទាន់មានការជួយអន្តរាគមន៍ពីមន្ត្រីបសុពេទ្យនៅឡើយទេ។

 

 

ករណីសត្វស្លាប់ដ៏ច្រើននេះ កំពុងតែកើតឡើងនៅភូមិជាន់ទុ ឃុំសេកុង ស្រុកសៀមប៉ាង ហើយអ្នកភូមិបានត្អួញត្អែថា គោ និងក្របីរបស់ពួកគាត់ ក្នុងមួយគ្រូសារៗ បានស្លាប់អស់ជាច្រើនក្បាល។ ការស្លាប់សត្វពាហន:ដ៍ច្រើនបែបនេះ អាចគំរាមកំហែងដល់សេដ្ឋកិច្ចគ្រួសារពួកគាត់ផងដែរ។

ពួកគាត់បន្តថា មុនពេលស្លាប់ សត្វទាំងនោះមានអាការ:ហើមពោះ សុីស្មៅមិនបាន ហើយពួកគាត់បានដាក់ថ្នាំដោយខ្លួនឯង ប៉ុន្តែមិនអាចការពារបាន។

 

លោកមេភូមិជាន់ទុ បាននិយាយថា ពួកគាត់បានរកឃើញសត្វស្លាប់ទាំងអស់ចំនួន៦៤ក្បាល ខ្លះបានស្អុយរលួល ខ្លះទើបតែស្លាប់ នៅពាសពេញព្រៃតែម្តង។

ប្រជាជនជាម្ចាស់សត្វ មិនអាចធ្វើអ្វីបានក្រៅតែពីរាយការណ៍ទៅមេឃុំ ដើម្បីស្នើទោមន្រ្តីបសុសត្វឲ្យជួយព្យាបាលជំងឺដល់សត្វ ដែលកំពុងតែឈឺថ្មីៗនេះ ព្រោះពួកវាអាចងាប់ជាបន្តបន្ទាប់ទៀត។

 

ចំណែកមន្ត្រីបសុសត្វបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅថ្មីៗនេះ បានយកថ្នាំវ៉ាក់សាំងទៅចាក់ការពារដល់សត្វគោ ក្របីដល់ភូមិខាងលើនោះដែរ  ប៉ុន្តែចាក់បានចំនួនតែជាងម្ភៃក្បាលប៉ុណ្ណោះ។

 

មន្ត្រីទាំងនេះបានឲ្យដឹងទៀតថា សត្វពាហន:ទាំងនេះ កើតជំងឺសាទឹក ព្រោះសត្វមានអាការៈហើមពោះ ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្តដឹងទៀតថា មិនមែនតែនៅក្នុងភូមិជាន់ទុ មួយនេះទេ ដែលមានសត្វឈឺ និងស្លាប់ច្រើន ប៉ុន្តែវាកំពុងកើតឡើងស្ទើរគ្រប់ភូមិក្នុងស្រុកសៀមប៉ាងទាំងមូលតែម្តង ។

លោក សុី សួន អភិបាលស្រុកសៀមប៉ាងសុំមិនអធិប្បាយអំពីរបាយការណ៍ និងមូលហេតុនាំឲ្យសត្វស្លាប់នេះទេ ដោយលោកបង្វែរមន្ត្រីបសុពេទ្យវិញ ដែលបានចុះពិនិត្យ និងចាក់ថ្នាំការពារនាពេលកន្លងមក៕ (SN-មេត្តា)

photo_2017-05-22_09-24-40 photo_2017-05-22_09-24-51

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង