គ្រូពេទ្យ​កម្ពុជា បន្ត​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ទាំងអស់ មុនពេល​ពួកគេ ចេញពី​នាវា​ទេសចរណ៍​អាមេរិក Westerdam

(​ភ្នំពេញ​)៖ ទោះជា​ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ អវិជ្ជមាន លើ​អ្នកទេសចរ ដែលមាន​រោគសញ្ញា ២០​នាក់​ក៏ដោយ ក៏​ក្រុមគ្រូពេទ្យ​ជំនាញ នៅតែ​បន្ត​ត្រួតពិនិត្យ​សុខភាព​អ្នក​ដំណើរ​ទាំងអស់ មុនពេល​ពួកគេ​ចេញពី​នាវា​ទេសចរណ៍ Westerdam ធ្វើ​ណើ​រ​ទៅ​ជិះ​រថយន្តក្រុង ដើម្បី​ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ ក្នុង​គោលបំណង​ត្រលប់​ទៅ​ប្រទេស​ពួកគេ​រៀងៗ​ខ្លួន​វិញ​។ នេះ​បើតាម​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង របស់​ក្រសួងសុខាភិបាល​។​

​សេចក្តីរាយការណ៍​បង្ហា​ញ​ថា កាលពី​ថ្ងៃទី​១៤​កុម្ភៈ​ម្សិលមិញ ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ស្វាគមន៍ ទទួល​យ៉ាង​រាក់ទាក់​កក់ក្តៅ​ដល់​ក្រុម​អ្នកទេសចរ​បរទេស ចម្រុះ​ជាតិ​សាសន៍ ចំនួន ៤១​សញ្ជាតិ នៅ​នាវា​ទេសចរណ៍​អាមេរិក Westerdam ដែល​បាន​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​រួចមក អ្នកទេសចរ​បរទេស​ជាង ៤០០ នាក់ បាន​ចាក​ចេញពី​នាវា ឡើង​ឡានក្រុង បន្តដំណើរ​ទៅ​ជិះ​យន្តហោះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ដើម្បី​បន្តដំណើរ វិលត្រឡប់​ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន​។​

​នៅ​ថ្ងៃទី​១៥​កុម្ភៈ​នេះ សេចក្តីរាយការណ៍​បង្ហា​ញ​ថា មាន​អ្នកទេសចរ​ជាង ៨០០​នាក់​ទៀត បាន​ចាក​ចេញពី​នាវា​ទេសចរណ៍ Westerdam ហើយ​ឡើង​យន្តហោះ វិលត្រឡប់​ទៅ​ប្រទេស​រៀងៗ​ខ្លួន​។​

​នាវា​ទេសចរណ៍​លំដាប់​អន្តរជាតិ​មួយគ្រឿង​របស់​សហរដ្ឋ​អាមេរិក Westerdam មាន​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍ ៤១​សញ្ជាតិ ចំនួន ១៤៥៥ នាក់ និង​មាន​បុគ្គលិក ជា​កង​នាវិក​បម្រើការ​លើ​នាវា​នេះ ចំនួន ៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ដំណើរ​ទេសចរណ៍ តាម​បណ្តា​ប្រទេស​នានា​។

ប៉ុន្តែ​នាវា​ទេសចរណ៍​នេះ ត្រូវបាន​អាជ្ញាធរ​កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និង​កោះ​ហ្គាំ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការព្រួយបារម្ភ​ពី​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ កូ​វីដ ១៩ (Covid-19)​។​

​យ៉ាងណាក៏ដោយ កាលពី​យប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ដ៏​ធំ​នេះ ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១៣ ខែកុម្ភៈ​។ ការសម្រេច​នេះ បានធ្វើ​ឡើង​ដោយ​ផ្អែកលើ​មនុស្សធម៌ ដែល​ទទួលបាន​ការ​កោត​សរសើ​រ​ពី​គ្រប់ទិសទី​ជុំវិញ​ពិភពលោក ពិសេស​ប្រធានាធិបតី​អាមេរិក ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា នាយក WHO រួមទាំង​ក្រុម​អ្នកទេសចរ​បរទេស ដែល​ជាប់​លើ​នាវា​ទេសចរណ៍ Westerdam អស់​រយៈពេល ប្រមាណ ២​សប្តាហ៍​ផងដែរ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង