ជប៉ុន ផ្តល់​សម្ភារៈ​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​

(​ភ្នំពេញ​)៖ ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា បានប្រកាសថា ជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅលើ​សកលលោក រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ ដែល រួមមាន អាវ​បំពង់ ៩៣៦០ សម្រាប់ អាកុល​សម្អាត​ដៃ ៤៨០ វ៉ែនតា​ការពារ​សុវត្ថិភាព ៥៤០ និង​ស្រោមដៃ ២៤៤០០ គូ ជាដើម​។ សម្ភារៈ​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ឧបករណ៍​ការពារ​ខ្លួន ដែល​មូលនិធិ​អាស៊ី​-​អឺរ៉ុប (ASEF) បាន​ស្ដុក​ទុក ក្រោម​ការឧបត្ថម្ភ​រប​ស់​រដ្ឋាភិបាល​ជប៉ុន​។​

​សម្ភារៈ​ទាំងនេះ នឹងត្រូវ​បាន​ផ្ញើ​មកដល់​កម្ពុជា​ពី​ឃ្លាំង​នៅ​ប្រទេស​សឹង្ហ​បុរី ដោយមាន​ការសម្រប​សម្រួល​​ពី​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ខាងលិច (WPRO)​។​

​សេចក្តីប្រកាស​បន្តថា ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ គឺ​មិនអាច​ខ្វះ​បាន ដើម្បី​ការពារ​ការរីក​រាលដាល​ថែមទៀត​នៃ​ការឆ្លង​វី​រ៉ុ​ស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ ជាមួយគ្នានេះ ប្រទេស​ជប៉ុន ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​។​

​សេចក្តីប្រកាស លើកឡើងថា មូលនិធិ​អាស៊ី​-​អឺរ៉ុប (ASEF) ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៩៦ នៅ​ប្រទេស​សឹង្ហ​បុរី ជា​អង្គភាព​អចិ​ន្ត្រៃ​ន៍​មួយ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) ដែលមាន​សកម្ម​ភាពជា​ច្រើន ផ្ដោតទៅលើ​វិស័យ​វប្បធម៌​-​សង្គម​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង