លិខិតមិត្តអ្នកអាន៖ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំខ្មែរ មានបេះដូងមហាសមុទ្រ

(ភ្នំពេញ)៖ កាលពីមុននេះ ប្រជាពលរដ្ឋខ្មែរធ្លាប់បានលឺពាក្យថា «ទីណា មានទុក្ខ គឺមានមុខសម្តេចតេជោ ហ៊ុន សែន» មេដឹកខ្មែរ។

ឥឡូវនេះ ពិភពលោកទាំងមូលក៏បានឃើញ និងបានចែក រម្លែកទស្សនៈទាននេះ ដូចគ្នាជាមួយពលរដ្ឋខ្មែរដែរពោល គឺមិនថាតែខ្មែរទេ សូម្បីជនបរទេសណា ដែលមានទុក្ខ គឺមានមុខលោកនាយករដ្ធមន្ត្រី ហ៊ុន សែន រួមសុខទុក្ខជាមួយដែរ។

ជាក់ស្តែង ក្នុងកាលៈទេសៈដែល ពិភពលោកកំពុងជ្រួលច្របល់ភ័យខ្លាច រឿងការឆ្លងវីរុសCorona ឬហៅថា Covid-19 រហូតបង្កើតឲ្យមានការរើសអើង យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមេដឹកនាំប្រទេសកម្ពុជាឯណេះវិញ បានបង្ហាញកាយវិការជាគំរូមួយដ៏គួរឲ្យស្ញប់ស្ញែងក្រៃលែង។ ការសម្រេចចិត្តរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការរាលដាលនៃវីរុស Covid-19 បានធ្វើឲ្យពិភពលោកចាត់ទុកជាគំរូ នៃការសាមគ្គីភាពនិងគំរូ នៃការប្រយុទ្ធប្រឆាំងនឹងការរើសអើង។

មេដឹកនាំកម្ពុជា បានធ្វើឲ្យអ្នកដំណើរ១៤៥៥នាក់ លើនាវា Westerdam ពីការភ័យខ្លាច ពីការបោះបង់ ពីការរើសអើង ពីការឯកោ មកជាស្នាមញញឹមនៅកម្ពុជា ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចតេជោ ហ៊ុន សែន។ កាយវិការ និងសកម្មភាពក្នុងស្មារតី មនុស្សធម៌ដ៏គួរឲ្យកត់សម្គាល់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាមានដូចខាងក្រោម៖

ទី១៖ នៅពេលបណ្តាប្រទេសនានានាំគ្នាផ្អើលនឹងជ្រួលច្របល់យ៉ាងខ្លាំង ព្រោះតែការភ័យខ្លាចការឆ្លងវីរុស Covid-19 ហើយនាំគ្នាចាត់វិធានការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន ប្រទេសចិន និងហាមជើងហោះហើរពីប្រទេសចិនចូលទឹកដីរបស់ខ្លួន នោះ នាយករដ្ឋមន្ត្រីខ្មែរ បែរជាប្រកាសមិនជម្លៀសនិស្សិតខ្មែរដែលកំពុងរៀននៅវូហានមកកម្ពុជាវិញឡើយ។

រីឯជើងហោះហើរពីគ្រប់ទិសទី រាប់ទាំងពីប្រទេសចិនផងក៏មិនត្រូវបានហាមឃាត់ឡើយ លើកលែងតែជើង ហោះហើរពីវូហាន ដែលភាគីចិនបានប្រកាសបិទដោយខ្លួនឯង។ ខណៈមនុស្សម្នាកំពុងផ្អើលទិញម៉ាសដើម្បីពាក់រហូតធ្វើឲ្យម៉ាស់ឡើងថ្លៃកប់ពពកនោះ នាយករដ្ឋមន្ត្រីខ្មែរ បែរជាធ្វើគំរូដោយបដិសេធមិនពាក់ម៉ាស និងបានប្រាប់ទៅពលរដ្ឋខ្មែរថា ត្រូវប្រុងប្រយ័ត្នតែមិនបាច់ពាក់ម៉ាស់ទេ បើមិនចាំបាច់។

ស្របពេលមនុស្សម្នាក្នុងពិភពលោកនាំគ្នារើសអើងជនជាតិចិន នាយករដ្ឋមន្ត្រីខ្មែរបែរជាបង្ហាញភាពស្និទ្ធស្នាលជាមួយប្រជាជនចិនយ៉ាងខ្លាំង។ នេះជាសកម្មភាពដើម្បីបំបាត់ការភ័យខ្លាចហួសហេតុចំពោះវីរុស មួយនេះ និងម្យ៉ាងទៀតក៏ដើម្បីបង្ហាញពសាមគ្គីភាពក្នុងគ្រាដ៏លំបាកដោយមិនត្រូវរត់ចោលគ្នាយក រួចខ្លួនតែឯងនោះឡើយ។

ទី២៖ ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិភពលោកនៅប្រទេសកូរ៉េខាងត្បូងកាលពីដើមខែកុម្ភៈនេះ លោក

សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានស្នើសុំភាគីចិនទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហាន ដែលជាប្រភពនៃការផ្ទុះឡើងវីរុស Covid-19 ។ ក្រោយពីភាគីចិន បដិសេធក្រោមហេតុផល នៃការដាក់ទីក្រុងវូហានឲ្យស្ថិតនៅដាច់ពីគេដើម្បីចៀសវាងការរាលដាល នៃវីរុស នាយករដ្ឋមន្ត្រីខ្មែរក៏នៅតែព្យាយាមទៅដល់ទីក្រុងប៉េកាំងឲ្យទាល់តែបាន ដើម្បីបង្ហាញថា វីរុស Covid-19 មិនគួរឲ្យខ្លាចពេកទេ។ ម្យ៉ាងទៀត ក៏ដើម្បីពិភាក្សាអំពី សុវត្ថិភាពរបស់និស្សិតខ្មែរ២៣នាក់ នៅវូហានផងដែរ។ អ្វីជាការកត់សម្គាល់បំផុតនោះ គឺទោះបីជាមិនបានទៅដល់ទីក្រុងប៉េកាំងក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នៅតែបដិសេធមិនពាក់ម៉ាស់ និងថែមទាំងបានចាប់ដៃ នាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដែលទើបតែ វិលមកពីទីក្រុងវូហាន។ អត្ថន័យត្រង់នេះបានបង្ហាញថា នៅពេលគេនាំគ្នារត់ចេញ មេដឹកនាំខ្មែររត់ចូល។

ទី៣៖ ការទទួលឲ្យនាវា Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ឲ្យចូលចតក្នុងកំពុងផែខេត្តព្រះសីហនុបន្ទាប់ពី នាវានេះបានរសាត់អណ្តែតគ្មានកោះត្រើយអស់រយៈពេលពីរសប្តាហ៍ដោយសារតែការបដិសេធពីសំណាក់បណ្តាប្រទេសនានាមិនឲ្យចូលចតក្នុងទឹកដីរបស់គេ ព្រោះតែខ្លាចឆ្លងវីរុសកាចសាហាវនោះ គឺជាភាពលេចធ្លោបំផុតរបស់មេដឹកនាំខ្មែរ។

សម្រាប់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បេះដូងមនុស្សធម៌មានទំហំធំជាងការភ័យខ្លាច និងការរើសអើង។ ក្នុងន័យនេះ មេដឹកនាំកម្ពុជារូបនេះមិនត្រឹមតែអនុញ្ញាតឲ្យនាវាខ្នាតយក្សនេះចូលចត ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានទៅទទួលស្វាគមន៍ភ្ញៀវទេសចរទាំងនោះដល់មាត់ច្រកចេញពីនាវា ដោយបានចាប់ដៃពួកគេរហូតដល់ឱបស្វាគមន៍តាមបែបបស្ចឹមប្រទេសដោយគ្មានពាក់ម៉ាស់ទៀតផង។

កាយវិការរបស់មេដឹកនាំខ្មែររូបនេះត្រូវបានទទួលការសាទរនិងការកោតសរសើរពីប្រធានអង្គការសុខភាពពិភពលោក និងបណ្តាស្ថានទូតបរទេស ដែលមានជនជាតិរបស់ខ្លួននៅក្នុងនាវានោះយ៉ាងកក់ក្តៅ ជាពិសេស គឺការកោតសរសើរ និងការដឹងគុណបំផុតពីសំណាក់ភ្ញៀវទេសចរនៅក្នុងនាវាតែម្តង។ សារព័ត៌មានល្បីៗក្នុងពិភពលោកក៏បានចុះផ្សាយយ៉ាងព្រោងព្រាតដោយកោតសរសើរកម្ពុជាយ៉ាងខ្លាំងចំពោះទឹកចិត្តមនុស្សធម៌ដ៏ថ្លៃថ្លានេះ។

ក្នុងនាមកូនខ្មែរមួយរូប ដែលបានតាមដាននយោបាយតាមតុកាហ្វេជាច្រើនទសវត្សរ៍ ខ្ញុំយល់ឃើញថា កាយវិការរបស់សម្តេចតេជ ហ៊ុន សែន នៅពេលនេះ គឺពិតជាបានបង្ហាញឲ្យឃើញថា សម្តេចតេជោជាមេដឹកនាំនៃប្រទេសតូចមួយតែមានបេះដូងធំដូចមហាសមុទ្រ។

សម្តេចតេជោ គឺជាមេដឹកនាំប្រទេសក្រីក្រមួយ តែមានទឹកចិត្តមនុស្សធម៌ដ៏ជ្រាលជ្រៅក្នុងការយកអាសារ មនុស្សដូចគ្នាដោយមិនប្រកាន់ជាតិសាសន៍ ដែលប្រទេសអ្នកមានខ្លះធ្វើមិនបាន។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដែលហ៊ានចេញមុខធ្វើជាគំរូដើម្បីសាមគ្គីភាពនិងប្រឆាំងការរើសអើងខណៈ ដែលមនុស្សក្នុងពិភពលោក បច្ចុប្បន្នពោរពេញដោយភាពអាត្មានិយម ដោយគិតតែយករួចតែខ្លួនឯង ចង់អ្នកណាស្លាប់ក៏ស្លាប់ទៅ។

ប្រសិនបើយើងក្រឡេកថយក្រោយបន្តិចទៅ មើលអតីតកាលរបស់សម្តេចតេជោ ហ៊ុន សែន យើងប្រាកដជាយល់យ៉ាងច្បាស់អំពីពលិកម្មរាប់មិនអស់ ដែល មេដឹកនាំរូបនេះបានធ្វើដើម្បីប្រទេសជាតិ និងប្រជាជន របស់ខ្លួន។

ខណៈពលរដ្ឋខ្មែរធ្លាក់ក្នុងកណ្តាប់ដៃពួកប្រល័យពូជសាសន៍ខ្មែរក្រហមស្លាប់រង្គាល មានពលរដ្ឋខ្មែរមួយចំនួនព្យាយាមរត់គេចខ្លួនទៅក្រៅប្រទេសដើម្បីរួចផុតពីសេចក្តីស្លាប់តែខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន។ ចំណែកឯ មេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន ម្នាក់នេះក៏បានរត់ឆ្លងដែនទៅវៀតណាមដែរ ប៉ុន្តែមិនមែនដើម្បី យករួចខ្លួនតែម្នាក់ឯង នោះទេ តែគឺជាបេសកកម្មដើម្បីរំដោះប្រជាពលរដ្ឋខ្មែរទូទាំងនគរឲ្យរួចផុតពីសេចក្តីស្លាប់។

ក្នុងដំណើររំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍នេះដែរ មេដឹកនាំខ្មែររូបនេះ បានឆ្លងកាត់១០៥សមរភូមិប្រយុទ្ធដោយផ្ទាល់រហូតដល់ពិកាភ្នែកម្ខាង។

សម្តេចតេជោ ហ៊ុន សែន ដដែលនេះក៏ធ្លាប់បានប្រថុយជីវិតចូលក្នុងតំបន់ ដែលកាន់កាប់ដោយខ្មែរក្រហមដោយមិនខ្លាចស្លាប់ដើម្បីបុព្វហេតុ ស្វែងរកសន្តិភាព និងការ បង្រួបបង្រួមជាតិ។ ទាំងនេះគឺជាគំរូវីរភាព ដែលប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេច។

ឥឡូវនេះ មេដឹកនាំខ្មែរដែលពោរពេញដោយបទពិសោធន៍រូបនេះ ក៏បានបង្ហាញគំរូវីរភាពសម្រាប់ពិភពលោកវិញម្តងតាមរយៈកាយវិការ និងការលះបង់ប្រកបដោយទឹកចិត្តមនុស្សធម៌យ៉ាងជ្រាលជ្រៅបំផុត។ «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ឬ «អ្វីដែលគ្រោះថ្នាក់ពេលនេះមិនមែនវីរុសកាចសាហាវទេ ប៉ុន្តែ គឺការភ័យខ្លាច» ឬក៏ «រួមគ្នាដើម្បីពិភពលោកគ្មានការរើសអើង»។ល។ និង ។ល។ សុទ្ធសឹងជាពាក្យពេចន៍ដែល លោកនាយករដ្ឋមន្ត្រីខ្មែរ បានប្រើដើម្បីបញ្ចាក់ពី ការសម្រេចចិត្តនិងសកម្មភាពរបស់ខ្លួន។

តាមរយៈការសម្រេចចិត្ត និងសកម្មភាពចុងក្រោយនេះ មេដឹកនាំកម្ពុជាបានបង្ហាញប្រាប់ពិភពលោកនូវភាពជាគំរូដ៏លេចធ្លោបំផុតសម្រាប់ជានិម្មិតរូប នៃ«សាមគ្គីភាព» ការជួយគ្នាក្នុងគ្រាអាសន្ន និងការប្រយុទ្ធប្រឆាំងនឹងការរើសអើងដោយចាត់ទុកអាយុជីវិតមនុស្សជាសិទ្ធិដែលត្រូវតែបានគោរពមុនគេបំផុត។

តាមរយៈសកម្មភាពនេះ កម្ពុជាកំពុងត្រូវបានពិភពលោកកោតសរសើរស្ញប់ស្ញែង។ ពិភពលោកក៍កំពុងមើលមកកម្ពុជាថា ជាប្រទេសតូចតែមានមេដឹកនាំមានបេះដូងធំដូច មហាសមុទ្រ។

ក្នុងនាមកូនខ្មែរ យើងពិតជាមានមោទនភាព ចំពោះមេដឹកនាំរបស់យើងដែលមិនត្រឹមតែនាំសេចក្តីសុខដល់យើងប៉ុណ្ណោះទេ តែក៏កំពុងសាបព្រួសវប្បធម៌សន្តិភាពដែលជាប្រភពនៃសេចក្តីសុខដល់មនុស្សទូទាំងពិភពលោកផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង