រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ស្តីពី ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19)

(​ភ្នំពេញ​)៖ តប​តាម​លិខិតអញ្ជើញ​របស់​ឯកឧត្តម សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​៥ ដោយមាន​ចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម និង​ចិន និង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ស្តីពី ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០២០​។​
​    ​
​ក្រសួងការបរទេស ប្រកាសថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​៥ នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤ ដែល​បាន​រៀបចំឡើង កាលពី​ខែធ្នូ ឆ្នាំ​២០១៨
​ពិភាក្សា​ពី​ទិសដៅ​អនាគត​របស់​កិច្ចសហប្រតិបត្តិការ​នេះ ក្នុង​គោលដៅ​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។
​    ​
​សេចក្តីប្រកាស បន្តថា កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ស្តីពី ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា នឹង​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រិះរក​មធ្យោបាយ និង​របៀប​ថ្មីៗ ដែលមាន​ប្រសិទ្ធភាព ដើម្បី​ប្រយុទ្ធប្រឆាំង​និង​រីក​រាលដាល​នៃ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​នេះ ហើយ​ដែល​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជម្រាប​អំពី​ព័ត៌មាន​ចុងក្រោយបង្អស់ ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា ក៏ដូចជា វិធានការ ដែល​បាន​ដាក់ចេញ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ នៅ​កម្ពុជា​។​
​    ​
​ក្រសួងការបរទេស គូសបញ្ជាក់ថា ការអញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមិន​ត្រឹមតែ​ដើម្បី​ពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការគំរាមកំហែង​ដល់​សុខភាព​ពិភពលោក​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ហាញ​ពី​ការគាំទ្រ​និង​ទំនុកចិត្ត​មុតមាំ​របស់​កម្ពុជា ចំពោះ​វិធានការ​ចាំបាច់​នានា​របស់​រដ្ឋាភិបាល​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​រាលដាល​នៃ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​នេះ​ផងដែរ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង