តំបន់ទេសចរណ៍ពិសិដ្ឋ «នាគរាជ» ទំហំជាង ៣ពាន់ហិកតា នឹងក្លាយជាតំបន់សក្តានុពលសេដ្ឋកិច្ចខ្ពស់ ក្នុងខេត្តព្រះសីហនុ

(ភ្នំពេញ)៖ គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រកាស​គាំទ្រលទ្ធផល នៃការសិក្សាគម្រោងបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ «នាគរាជ» នៅក្នុង​ខេត្តព្រះសីហនុ ដែលស្នើឡើងដោយក្រសួងទេសចរណ៍។

នេះបើយោង​តាម​លទ្ធផលនៃកិច្ចប្រជុំគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ​សមុទ្រកម្ពុជា ដែលបានរៀបចំឡើងក្រោមអធិបតីភាព​ឯកឧត្តម ជា សុផារ៉ា ប្រធានគណ:កម្មាធិការជាតិ​គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាកាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំនោះ សមាសភាពដឹកនាំនៃគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់​ឆ្នេរសមុទ្រកម្ពុជា ដែលរួមមានប្រធាន អនុប្រធាន សមាជិកនៃគណ:កម្មាធិការជាតិ ដែលមក​ពីក្រសួងស្ថាប័ននានាដូចជា ក្រសួងរៀបចំដែនដី ,ក្រសួងទេសចរណ៍ ,ក្រសួងបរិស្ថាន ,ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ,រដ្ឋបាលខេត្តព្រះសីហនុ និង​មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប បានប្រកាសគាំទ្រគម្រោងបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ«នាគរាជ» បន្ទាប់ពីគម្រោងនេះ ត្រូវបានសិក្សារៀបចំរួចរាល់ពីសំណាក់ក្រុមការងារអន្តរក្រសួង។

សូមជម្រាបថា តំបន់ទេសចរណ៍ពិសិដ្ឋ«នាគរាជ» គ្រោងនឹងបង្កើតឡើងនៅជាប់​ជាមួយក្រុងព្រះសីហនុ លើផ្ទៃដី ៣០៨១ហិកតា ស្ថិតនៅក្នុងឃុំរសម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយដែលនឹងក្លាយជាតំបន់សហពន្ធសេដ្ឋកិច្ចខ្ពស់មួយដែលតភ្ជាប់ឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាលព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដោយមានបណ្ដាញផ្លូវធំៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលបាននឹងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល។

តំបន់ទេសចរណ៍ពិសិដ្ឋ«នាគរាជ» នេះ នឹងក្លាយជាតំបន់ពិសិដ្ឋគំរូមួយ ក្នុងការអភិវឌ្ឍន៍​ទេសចរណ៍និងផ្នែកពាក់ព័ន្ធដោយផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចសង្គម ព្រមទាំងចូលរួម​សម្រេច​ចក្ខុវិស័យជាយុទ្ធសាស្ត្រប្រែក្លាយខេត្តព្រះសីហនុ ឲ្យទៅជាតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស​ពហុបំណង ស្របតាមផែនការយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង