អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោកផ្ញើលិខិតអរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើមនុស្សធម៌ធំធេងករណីនាវា Westerdam

(ភ្នំពេញ)៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ញើលិខិតអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើសកម្មភាពមនុស្សធម៌ធំធេងក្នុងករណីនាវា Westerdam។

លិខិតចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ របស់អង្គការទេសចរណ៍ពិភពលោកបានធ្វើការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្វាគមន៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍លើកប៉ាល់យក្ស Westerdam ឱ្យសំចតនៅផែខេត្តព្រះសីហនុ ខណៈពិភពលោកកំពុងភ័យខ្លាចនឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។

លិខិតបានបន្ដថា អង្គការទេសចរណ៍ពិភពលោកពិតជាមានមោទកភាពណាស់ចំពោះការបង្ហាញទឹកចិត្ត និងសាមគ្គីភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ដែលសកម្មភាពនេះនឹងជំរុញលើកទឹកចិត្តឱ្យប្រជាជាតិដទៃទៀតយកគំរូ និងផ្តល់ការគាំទ្រនៅគ្រប់ពេលវេលា និងទីកន្លែងដែលចាំបាច់។

គួរបញ្ជាក់ផងដែរថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

ក្នុងឱកាសអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កា ដល់អ្នកទេសចរ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏ប្រកាសមិនឲ្យមានការរើសអើងភ្ញៀវទេសចរណ៍ ដែលចេញពីនាវានេះទេ មិនតែនៅខេត្តព្រះសីហនុ ឬនៅទីណានោះឡើយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com