គណៈកម្មការទី៥ព្រឹទ្ធសភាចុះឈ្វេងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ការងារឃោសនាការ និងព័ត៌មាននៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការបានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នងការនគបាលខេត្តដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ក្នុងឱកាសនៃជំនួបពិភាក្សាជាមួយអាជ្ញាធរខេត្តកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានមានប្រសាសន៍ថា គោលបំណងរបស់គណៈប្រតិភូ ដែលបំពេញបេសកកម្មនាពេលនេះគឺដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅតាមសម្ថកិច្ចរបស់គណៈកម្មការពាក់ព័ន្ធកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះមានការងារពាក់ព័ន្ធជនអន្តោប្រវេសន៍ និងជនបរទេស ព្រមទាំងការងារពាក់ព័ន្ធនឹងវិស័យផ្សព្វផ្សាយ ឃោសនា និងព័ត៌មាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើរបាយការណ៍សង្ខេបអំពីការងារទូទៅក្នុងខេត្ត ការអភិវឌ្ឍវិស័យនានា ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនអន្តោប្រ វេសន៍ និងជនបរទេស ការផ្តល់និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេស ដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុន ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្តពេលកន្លងទៅ ដែលបានទទួលលទ្ធផលល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានេះ ស្នងការនគបាលខេត្ត តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរព័ត៌មានបានរាយការណ៍យ៉ាងលំអិតអំពីសកម្មភាព លទ្ធផលសម្រេចបាន បញ្ហាប្រឈមតិចតួចដែលបានជួបប្រទះ។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ លោកជំទាវ ទី បូរ៉ាស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនដែលបានធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងនាមគណៈកម្មការទី៥ លោកជំទាវ ទី បូរ៉ាស៊ី បានសន្យានាំនូវរបាយការណ៍នៃការរីកចម្រើន ដែលលោកជំទាវបានឃើញជាក់ស្តែងជម្រាបជូនថ្នាក់ដឹកនាំនៃព្រឹទ្ធសភា។

បន្ទាប់មកនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិថ្មដា ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ អមដំណើដោយលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ និងឯកឧត្តមអភិបាលរងខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិថ្មដា ដឹកនាំដោយលោក ហេង សុភាណា អភិបាលស្រុកថ្មដា ដើម្បីស្វែងយល់អំពីសកម្មភាពគ្រប់គ្រងច្រកទ្វារព្រំដែន សកម្មភាពចេញ-ចូលរបស់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលឆ្លងកាត់ច្រកទ្វារព្រំដែន ព្រមទាំងពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តច្បាប់អន្តោប្រវេសន៍៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com