អាជ្ញាធរខេត្តសៀមរាបស្នើ​ ៤ចំណុច​ ដល់ក្រុមហ៊ុន​វិនិយោគ​សាង​សង់​​កំពង់ផែ​​ទេសចរណ៍​នៅតំបន់​ចុងឃ្នៀស​

(សៀមរាប)៖ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត កាលពីពេលថ្មីៗនេះ បានប្រជុំពិភាក្សាការងារពាក់ព័ន្ធលើការវិនិយោគសាងសង់កំពង់ផែទេសចរណ៍របស់ក្រុមហ៊ុន ស៊ូ ជីង ស្ថិតនៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក នាយករដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាង​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេស​ចរណ៍ខេត្ត សាខាពន្ធដារខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះ មានគោលបំណងឆ្លើយតបទៅនឹងលិខិតលេខ ១៨៩៤ លស.អគឧ ចុះពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មការអន្តរក្រសួង
ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ស្តីពីការស្នើសុំឲ្យក្រុមហ៊ុន ស៊ូ ជីង រៀបចំអភិវឌ្ឍន៍ និងកែលម្អបន្ថែមកំពង់ផែចុងឃ្នៀស បឹងទន្លេសាប ដោយក្រុមហ៊ុន​ ស៊ូ ជីង ត្រូវរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ និងកែលម្អបន្ថែមកំពង់ផែចុងឃ្នៀស ដូចខាងក្រោម ៖

១.បង្កើនការអភិវឌ្ឍបន្ថែមលើសោភណ្ឌភាព ភាពស្អាត បៃតង និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រច្បាស់លាស់
២.រៀបចំឲ្យមានផលិតផលថ្មីៗប្រកបដោយភាពទាក់ទាញ និងមានលក្ខណៈគោរព និងការពារបរិស្ថាន
៣.រៀបចំឲ្យមានការស្នាក់នៅជាមួយប្រជាជននៅលើទឹក ឬនៅតាមមាត់ទឹក
៤.រៀបចំឲ្យមានការជិះរទេះគោ ឬដើរកំសាន្តទៅតាមភូមិជាប់បឹងទន្លេសាប ជាលក្ខណៈកញ្ចប់ដែលពន្យារ​ការស្នាក់នៅរបស់ភ្ញៀវទេសចរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com