CDC អាមេរិច បញ្ជូនឧបករណ៍តេស្ដរកវីរុសរលាកសួតថ្មី «មានកំហុស» ចែកចាយទូទាំងប្រទេស

(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់មួយរូបបានថ្លែងកាលពីថ្ងៃពុធ ថាឧបករណ៍សាកល្បងមួយចំនួន ដែលត្រូវបានបញ្ជូនដោយអាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកទៅមន្ទីរពិសោធន៍នៅទូទាំងប្រទេស ដើម្បីធ្វើការវិនិច្ឆ័យរកវីរុសកូរ៉ូណា (COVID-19) មានកំហុស។ នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) បានចាប់ផ្តើមដឹកជញ្ជូនសម្ភារសម្រាប់ធ្វើតេស្តចំនួន ២០០ឈុតនៅទូទាំងប្រទេស កាលពីថ្ងៃទី៥ ខែកុម្ភៈ ដើម្បីពន្លឿនការធ្វើរោគវិនិច្ឆ័យ ខណៈនាពេលនេះសហរដ្ឋអាមេរិចមានករណីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ចំនួន ១៣ករណី។

មន្ត្រីជាន់ខ្ពស់ CDC លោកស្រី នែនស៊ី មេសសុននៀ (Nancy Messonnier) បានឱ្យដឹងថា មន្ទីរពិសោធន៍បានរាយការណ៍ថា ខណៈកំពុងអនុវត្តនីតិវិធីផ្ទៀងផ្ទាត់ ពួកគេបានរកឃើញថាឧបករណ៍ដែលទទួលបាន ពុំបានបញ្ជាក់លទ្ធផលពេញលេញថាវិជ្ជមាន ឬអវិជ្ជមាននោះឡើយ។

សូមបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកកំពុងដឹកឧបករណ៍តេស្ដទៅ៣៦ប្រទេសដែលបានបញ្ជាទិញ ហើយឧបករណ៍នីមួយៗអាចប្រើប្រាស់បានប្រមាណពី៧០០ ទៅ៨០០ដង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com