AFC CUP 20: ព្រះខ័នរាជស្វាយរៀងត្រៀមរួចហើយជួបជាមួយក្រុមខ្លាំង Ceres Negros

(ម៉ានីល, ហ្វីលីពីន)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតពានលំដាប់ទី២ទ្វីបអាស៊ី ២០២០ (AFC Cup 2020) ដោយត្រូវលេងជាមួយក្រុមល្អផ្តាច់គេនៅអាស៊ី Ceres Negros ក្នុងពូល Gល្ងាចនេះ។

ក្លិបទាំងពីរ ត្រូវប្រជែងគ្នារកបីពិន្ទុដំបូងក្នុងពូល នៅក្នុងពហកីឡដ្ឋាន Rizal Memorial ទីក្រុងម៉ានីល វេលាម៉ោង ៦និង៣០នាទីល្ងាចម៉ោង នៅព្រះរាជាណាចក្រកម្ពុជា។

មុនការប្រកួតដ៏សំខាន់នេះមកដល់ព្រះខ័នរាជស្វាយរៀង ត្រៀមខ្លួនបានយ៉ាងល្អក្នុងការប្រកួតមិត្តភាពអន្តរជាតិដោយយកឈ្នះជើងឯកម៉ាកាវពីរប្រកួត ឈ្នះក្លិបខ្លាំងៗបីនៅម៉ាឡេស៊ី និងចុងក្រោយឈ្នះជើងឯកសិង្ហបុរី DPMM ៥ទល់នឹង១។

ចំពោះការឡើងមកលេងក្នុងវគ្គនេះ ជើងឯកព្រះរាជាណាចក្រកម្ពុជា បានបំបាក់ជើងឯករងឡាវ Master 7 FC ៧ទល់នឹង១ ទំាងពីរជើង ក្នុងការលេង Playoff ។

ពេលមួយរដូវកាលឆ្នាំ២០១៩ ក្នុងបាល់ទាត់កម្ពុជា ព្រះខ័នរាជស្វាយរៀង ចាញ់តែពីរប្រកួតប៉ុណ្ណោះ នោះគឺចាញ់ណាហ្កាវើលប្រកួតចុងក្រោយលីហ្គកំពូល និងចាញ់បឹងកេតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup)។

មកមើលក្លិបហ្វីលីពីន Ceres Negros វិញ, យោងតាមការផ្សព្វផ្សាយលើផេកផ្លូវការក្លិបព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថា ពួកគេគឺជាជើងឯកនៃលីគកំពូលរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០១៩(ក្រុមល្អផ្ដាច់គេប្រចាំបាល់ទាត់ហ្វីលីពីន) និងជាក្រុមអាស៊ីអាគ្នេយ៍មួយដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងសហព័ន្ធបាល់ទាត់ AFC, រួមទាំងពានរង្វាន់ AFC Champions League ផងដែរ។

Ceres ជាក្រុមជើងឯកលីគកំពូលហ្វីលីពីនដល់ទៅ ៣ សម័យកាលឯណោះគឺនៅ (ឆ្នាំ ២០១៧, ២០១៨ និង ២០១៩) និងជើងឯក Copa Paulino Alcantara (២០១៩)។ មិនតែប៉ុណ្ណោះពួកគេក៏ជាជើងឯកនៃពានរង្វាន់ PFF National Men’s Club Championship (ឆ្នាំ ២០១២-១៣ និង ២០១៣-១៤) និងជាជើងឯកពានរង្វាន់ United Football League (ឆ្នាំ ២០១៥) ថែមទៀតផង។

ពួកគេក៏ធ្លាប់បានចូលរួមនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League រួចហើយ, ហើយជាពិសេសគឺពួកគេក៏ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Cup ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។

នេះជាលើកដំបូងដែលក្រុមទាំងពីរជួបគ្នា ប៉ុន្តែពីរឆ្នាំមុន Ceres Negros ឈ្នះក្លិបបឹងកេត ៩ទល់នឹង០ជើងទី១នៅម៉ានីល និងឈ្នះ ៤ទល់នឹង០ នៅភ្នំពេញ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com