សិស្សវិទ្យាល័យស្រុកកែវសីមាដួលសន្លប់បន្តបន្ទាប់ពេញមួយសប្តាហ៍ អាចបណ្តាលមកពីមូលហេតុបឋមចំនួនបី

(មណ្ឌលគិរី) ៖ ឈានមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ សិស្សស្រីជាច្រើននាក់ នៅវិទ្យាល័យហ៊ុនសែនកែវសីមា បានបន្តដួលសន្លប់លើកទីពីរ។ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា សិស្សសាលាវិទ្យាល័យហ៊ុនសែនកែវសីមា បានដួលសន្លប់ចំនួន១៤នាក់ទៀត នៅវេលាម៉ោង ២រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។សិស្សទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងពេទ្យឯកជន ស្រុកកែវសីមា និងមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី។

បន្ទាប់ពីសង្រ្គោះនិងធូរសហរាល សិស្សស្រីម្នាក់ក្នុងចំណោមសិស្សដែលដួលសន្លប់ បានរៀបរាប់ថា ក្នុងពេលកំពុងសិក្សាពេលរសៀល ក៏ស្រាប់តែមានសិស្សម្នាក់ បានដួលសន្លប់ក្នុងបន្ទប់រៀន មួយសន្ទុះក្រោយមកក៏មា នការដួលជាបន្តបន្ទាប់ទៀត ពេលឃើញ មិត្តភក្កិរបស់ខ្លួនសន្លប់។ សិស្សដដែលបានរៀបរាប់ថា នៅសាលារៀនរបស់ពួកគេ គឺជាអគារសិក្សាថ្មី ដែលទើបសាងសង់រួច និងនៅក្បែរ ព្រៃការពាររបស់ដែនជម្រកសត្វព្រៃកែវសីមា ហើយនៅពេលដែលដួលសន្លប់នោះ អាកាសធាតុនៅក្នុងបន្ទប់រៀន មានសភាពក្តៅខ្លាំង បើទោះបីជាមានកង្ហារ ចំនួនពីរគ្រឿងក៏ដោយ។ សិស្សដដែលបន្តទៀតថា ចំពោះអាការៈ នៃសិស្សដែលដួលសន្លប់ គឺមានការចុកជើង ណែនដើមទ្រូង ពិបាកដកដង្ហើម និងវិលមុខ។

លោកគ្រូបង្រៀនម្នាក់ បានបញ្ជាក់ដែរថា អាកាសធាតុនៅថ្ងៃកើតហេតុនេះ មានភាពក្តៅហប់ខ្លាំង ហើយសិស្សបានដួលសន្លប់ជាបន្តបន្ទាប់ ដែលតម្រូវឱ្យលោកគ្រូអ្នកគ្រូរួមទាំងអាជ្ញាធរ ប្រញាប់ប្រញាល់បញ្ជូនសិស្សានុសិស្ស មកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ក្រោមកិច្ចអន្តរាគមន៍ពីលោកឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកនួនសារ៉ន អភិបាលស្រុកកែវសីមា។

លោកវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យឯកជន ឈ្មោះ សុខ បញ្ញា២ បានឱ្យដឹងថា ចំពោះអាការៈអាចបណ្ដាលមកពី ក្តៅខ្លាំង និងកង្វះអុកស៊ីសែននៅក្នុងបន្ទប់រៀន។

ករណីដួលសន្លប់នៅក្នុងវិទ្យាល័យហ៊ុនសែនកែវសីមានេះ ត្រូវបានសិស្សានុសិស្សបញ្ជាក់ថាមិនមែនជាលើកទី ១នោះទេ គិតចាប់ពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០មក គឺតែងកើតមានការដួលសន្លប់ជាបន្តបន្ទាប់ អស់រយៈពេលច្រើនថ្ងៃមកហើយ គ្រាន់តែក្នុងទ្រង់ទ្រាយតូច គឺមានសិស្សម្នាក់ ឬពីរនាក់ប៉ុណ្ណោះដែលដួលសន្លប់។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី លោក ទុយ ស្រស់ ឲ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែមករានេះថា មូលហេតុដែលបណ្ដាលឱ្យកើតមានករណីសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់នៅស្រុកកែវសីមានេះ គឺបណ្ដាលមកពីមូលហេតុបឋមចំនួន៣ ៖

ទី១៖ ពាក់ព័ន្ធទៅនឹងអាកាសធាតុក្ដៅខ្លាំង បណ្ដលឱ្យកង្វះខ្យល់ដកដង្ហើម

ទី២៖ ទាក់ទងនឹងការរៀនសូត្ររបស់កូនសិស្សទាំងអស់នេះ ដោយប្រឹងរៀនជ្រុលម៉ោង

ទី៣៖ បណ្ដាលមកពីអារម្មណ៍ភិតភ័យពេលឃើញសិស្សដូចគ្នាដួលសន្លប់ជាបន្តបន្ទាប់។

លោក ទុយ ស្រស់ បានពន្យល់ថា ការខំប្រឹងរៀនជ្រុលម៉ោង ព្រមទាំងការហូបចំណីអាហារមិនទៀងពេល បណ្ដាលឱ្យសិស្សសាលាទាំងនេះអស់កម្លាំង រួមផ្សំនិងអារម្មណ៍ភ័យខ្លាចផង បណ្ដាលឱ្យខ្វះជាតិស្ករ ទើបបណ្ដាលឱ្យសិស្សទាំងនោះដួលសន្លប់បែបនេះ។ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បន្ថែមថា បច្ចុប្បន្នសិស្សទាំងនេះមានសុខភាពប្រសើរឡើងវិញ ហើយ ដោយមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ។

ស្របគ្នានេះ លោក ប៊ុន សួ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីឲ្យដឹងថា មកដល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតចំពោះករណីសិស្សដួលសន្លប់នេះ ក្នុងចំណោម ស្រុក ៤ -ក្រុង១ នៅខេត្តមណ្ឌលគិរី សម្រាប់ស្រុកផ្សេងៗពុំមានករណីសិស្សដួលសន្លប់នោះទេ មានតែនៅស្រុកកែវសីមា បានកើតឡើងចំនួន២លើកមកហើយ ក្នុងខែមករាដើមឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា ជុំវិញករណីដួលសន្លប់នេះ គឺមានការភ្ញាក់ផ្អើលចំនួន ២ លើក នៅស្រុកកែវសីមានេះ ដោយសារតែសិស្សដួលសន្លប់មានចំនួនច្រើន ដែលក្នុងនោះ ករណីទី១ កើតឡើង នៅថ្ងៃ ២៣ ខែមករា សិស្សបានដួលសន្លប់ចំនួន ១០នាក់ ធ្ងន់២នាក់ និងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ជាករណីទី២ មានសិស្សស្រីដួលសន្លប់ចំនួន១៤នាក់ សភាពធ្ងន់ធ្ងរ៣នាក់៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង