Breaking News៖ បុរសជនជាតិចិនម្នាក់ ចូលមកកម្ពុជា កើតជំងឺ​រលាកសួត ប្រភេទថ្មី កូរ៉ូណា វីរុស​

(ភ្នំពេញ)៖ ទីបំផុតទៅ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានប្រកាសក្នុង​សន្និសីទកាសែត នៅព្រលប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ថា វិទ្យាស្ថាន Pasteur ទើបតែបាន​បញ្ជាក់នៅរសៀលម៉ោង ៣ ថ្ងៃនេះថា បុរសជនជាតិចិនម្នាក់ អាយុ ៦០ឆ្នាំ ដែលបានធ្វើដំណើរមក​ពី​ទីក្រុងវូហាន ​ចូល​មក​ខេត្ត​ព្រះសីហនុ ក្នុងប្រទេស​កម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មានផ្ទុកមេរោគរលាកសួត កូរ៉ូណា វីរុស ប្រភេទថ្មី។ បុរសជនជាតិចិននេះ ធ្វើដំណើរ​មក​កាន់ខេត្តព្រះសីហនុ ជា​មួយក្រុម​គ្រួសារ ៣នាក់ទៀត ខណៈដែល​សមាជិកគ្រួសារគាត់ ៣នាក់នេះ មិនមានរោគសញ្ញា​ជំងឺ​រលាក​សួតថ្មីនោះទេ​។

បុរសជនជាតិចិននេះ នៅពេលមកដល់​ក្រុងព្រះសីហនុ​ នាថ្ងៃទី​២៣​ មករា​ ចេញ​រោគសញ្ញា​ នាថ្ងៃទី​២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​ ហើយយកវត្ថុវិភាគ នៅថ្ងៃទី២៦​ ខែមករា​ និង​លទ្ធផល​វិជ្ជមាន នា​ថ្ងៃទី២៧​ មករា​ ដោយ​វិទ្យស្ថាន​ ប៉ាស្ទ័រ។​ វិធានការ​របស់ក្រុមគ្រូពេទ្យ គឺដាក់គាត់ ក្នុងបន្ទប់​ដោយ​ឡែក នៅមន្ទីរពេទ្យខេត្តពព្រះសីហនុ​​ ហើយ​ដាក់អ្នកប៉ះពាល់ទាំងអស់ ដែលជាសមាជិកគ្រួសារ​គាត់ ៣នាក់​ នៅ​តាមដានសុខភាព​ បាញ់សម្លាប់​មេរោគនៅ​កន្លែងគាត់ស្នាក់នៅ​។

ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា បុរសជនជាតិចិននេះ នៅសម្រាកព្យាបាលក្នុង​ប្រទេស​​កម្ពុជា​យើង រហូតដល់ជាសះស្បើយ ទើបឲ្យគាត់ធ្វើដំណើរ​ចាកចេញពីកម្ពុជា។​

គិតត្រឹម​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ​នៅ​ប្រទេស​ចិន អ្នកស្លាប់ដោយជំងឺរលាកសួត កូរ៉ូណា វីរុស ប្រភេទថ្មីនេះ បាន​កើន​ដល់ ៨០​នាក់ រីឯ​អ្នក​ឆ្លង​វិ​រុស​ដ៏​សាហាវ​នេះ កើន​លើស ២៧០០​ករណី​ហើយ​។ ក្នុងនោះ ប្រទេសជាង ១០ផ្សេងទៀត ក៏កើតមានជំងឺរលាកសួត កូរ៉ូណា វីរុស ដូចជា នៅថៃ និងវៀតណាម ជាដើម៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង