ឯកឧត្តម ហ៊ុន ម៉ាណែត៖ធនធានមនុស្សដែលប្រកបដោយសក្តានុពលខ្លាំងក្លានឹងរួមចំណែកធានាការពារជោគវាសនានិងអនាគតកម្ពុជា

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ចំនួន ៤០០ រូប នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តព្រះសីហនុ,។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវការចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីទាំង ៤០០ រូប ព្រមទាំងមាតាបិតា អាណាព្យាបាល ចំពោះការទទួលបានសញ្ញាបត្រកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ក្នុងឱកាសនេះ បន្ទាប់ពីបានយកចិត្តទុកដាក់ពុះពារខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងតស៊ូជម្នះការលំបាកអស់រយៈពេលជាច្រើនឆ្នាំ និងសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ នឹងបន្តអភិវឌ្ឍចំណេះដឹង និងសមត្ថភាព ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសក្តានុពលខ្លាំងក្លាថែមទៀត ជាពិសេសដើម្បីចូលរួមចំណែកធានាការពារជោគវាសនា និងអនាគតកម្ពុជា សម្រាប់អ្នកជំនាន់ក្រោយរបស់យើងតទៅមុខទៀត។

ឯកឧត្តម ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យ ដែលអាចចាត់ទុកបានជាការចូលរួមចំណែកមួយយ៉ាងសំខាន់ មិនអាចខ្វះបាន ជាមួយរាជរដ្ឋាភិបាលក្នុងការបន្តកសាងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមថា ទាំងនេះ សរបញ្ជាក់យ៉ាងច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយក្នុងការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ ឆ្ពោះទៅកាន់ការកសាងអនាគតរុងរឿងរបស់ប្រជាពលរដ្ឋ។ ការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ, ការទ្រទ្រង់និរន្តរភាពនៃកំណើនសេដ្ឋកិច្ច, និងភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត គឺអាស្រ័យលើការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចាំបាច់ ដែលត្រូវបន្តយកចិត្តទុកដាក់ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាពជំនាញ សម្រាប់បម្រើសង្គមជាតិ និងទីផ្សារការងារ ពីព្រោះសេដ្ឋកិច្ច ដែលដំណើរការបានល្អ គឺសេដ្ឋកិច្ចដែលមានការបណ្តុះបណ្តាល, ការប្រើប្រាស់ និងការគ្រប់គ្រងនូវមូលធនបញ្ញាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រធានគណៈកម្មការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តាំផ្ញើរថា ការបណ្តុះបណ្តាលនៅក្នុងសាលា ជាការផ្តល់មូលដ្ឋានចំណេះដឹងជំនាញ ដើម្បីត្រៀមលក្ខណៈឱ្យនិស្សិតយើង មុននឹងចូលទៅក្នុងមជ្ឈដ្ឋានការងារ។ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺផ្នត់គំនិតទទួលខុសត្រូវ ល្អិតល្អន់ ហ្មត់ចត់ ខិតខំប្រឹងប្រែងធ្វើការងារមិនថាតូចធំ និងផ្នត់គំនិតជឿជាក់លើខ្លួនឯង ដោយផ្នត់គំនិតទាំងនេះនឹងជួយជំរុញនិស្សិតឱ្យកាន់តែមានភាពជោគជ័យ។ ម្យ៉ាងវិញទៀត អ្វីដែលរាជរដ្ឋាភិបាលអាចជួយបាន គឺការខិតខំពង្រឹងលំនឹងសន្តិភាព, លំនឹងស្ថិរភាព, ពង្រីកវិសាលភាពសេដ្ឋកិច្ចទាក់ទាញវិនិយោគបរទេស និងក្នុងស្រុក ដើម្បីបង្កើនឱកាសធុរកិច្ច ព្រមទាំងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានការងារ ដើម្បីគាំទ្រដល់ដំណើរការនៃទីផ្សាសេរី និងបង្កើនភាពជោគជ័យឱ្យប្រជាពលរដ្ឋ។ ដោយឡែក ការប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌទីផ្សារសេរីនេះ ក៏ត្រូវពឹងផ្អែកជាចម្បងលើសមត្ថភាពរបស់ប្រជាពលរដ្ឋយើងផ្ទាល់ ជាពិសេសការខិតខំប្រឹងប្រែងតស៊ូដើម្បីទទួលបាននូវឱកាសទាំងក្នុង និងក្រៅប្រទេសក្នុងបរិបទនៃចរន្តសាកលភាវូបនីយកម្មសព្វថ្ងៃនេះ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង