អ្នកជំងឺ​ម្នាក់ នៅ​ពេទ្យរុស្ស៊ី ដែល​សង្ស័យថា មាន​ជំងឺ​រលាក​សួត​ថ្មី គឺលទ្ធផលពី Pasteur បង្ហាញថា ​មិនមាន​ឆ្លងជំងឺនោះ​ទេ​!

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ នេះ មាន​អ្នកជំងឺ​ខ្មែរ​ម្នាក់ សម្រាក​ព្យាបាល​នៅ​ពេទ្យរុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គ្រូពេទ្យ​សង្ស័យថា ឆ្លង​ជំងឺ​រលាក​សួត​ថ្មី ដែល​កំពុង​ផ្ទុះឡើង​នៅ​ចិន និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​។ ក៏ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា​នេះ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា លទ្ធផល​វិភាគ​នៅ Pasteur បង្ហាញថា អ្នកជំងឺ​នោះ មិនមាន​ផ្ទុកមេរោគ​ថ្មី កូ​រ៉ូ​ណា វីរុស ដូច​ការសង្ស័យ​ឡើយ​។

​នេះ​ជា​ករណី​ទី​៣​ហើយ ដែល​គ្រូពេទ្យ​កម្ពុជា​យើង សង្ស័យ​លើ​អ្នកជំងឺ ថា​ឆ្លង​មេរោគ កូ​រ៉ូ​ណា វីរុស​។ ២​ករណី នៅ​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​លទ្ធផល​ពិនិត្យ និង​វិភាគ សុទ្ធតែ​បង្ហាញថា អ្នក​ទាំងនោះ មិនមាន​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី ដែល​កើតឡើង​នៅ​ចិន​នោះទេ​។​

​យ៉ាងណាក៏ដោយ មកដល់ពេលនេះ កម្ពុជា​សម្រេច​បិទ​ជើងហោះហើរ​ត្រង់​តាម​យន្តហោះ ពី​ទីក្រុង​វូ​អាន ប្រទេស​ចិន មកកាន់​ខេត្ត​ព្រះសីហនុ​ហើយ​។​

​ជំងឺ​ផ្លូវដង្ហើម​ថ្មី កូ​រ៉ូ​ណា វីរុស មកដល់​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ បានសម្លាប់​មនុស្ស ៤១​នាក់ និង​អ្នក​ឆ្លង​ជំងឺ​នេះ កើនឡើង​ដល់ ១២៩៧​នាក់​ហើយ​។

​ក្នុងនោះ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៥​មករា​នេះ ជំងឺ​ផ្លូវដង្ហើម​ថ្មី កូ​រ៉ូ​ណា វីរុស បានកើត​ឡើង នៅ​ចិន ហុងកុង ថៃ បារាំង ម៉ាឡេស៊ី សិង្ហ​បុរី តៃវ៉ាន់ ម៉ា​កាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម អូស្ត្រាលី និង​ប្រទេស​នេ​ប៉ាល់​។ ជំងឺ​ថ្មី​នេះ ឆ្លង​រាលដាល​ពី​មនុស្ស ទៅ​មនុស្ស​។​

​ជាមួយនឹង​ការឆ្លង​រាលដាល​ដ៏​កាច​សាហាវ​នេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានប្រកាស​នូវ​ការការពារ និង​បង្ការ​ការឆ្លង មេរោគ កូ​រ៉ូ​ណា វីរុស ប្រភេទ​ថ្មី ចំនួន ៧ ចំណុច រួមមាន​៖
១. ឧស្សាហ៍​លាងដៃ​ដោយ​អាល់កុល ហ្សែ​ល ឬ​សាប៊ូ និង​ទឹក​
២. ពេល​ក្អក និង​កណ្តាស ខ្ទប់មាត់ និង​ច្រមុះ ដោយ​កែងដៃ ឬ​ក្រដាស ឬ​កន្សែង ក្រមា និង​លាងដៃ​
៣. ជៀសវាង​ប៉ះពាល់​ជាមួយ​បុគ្គល​ទាំងឡាយណា ដែលមាន​រោគសញ្ញា​គ្រុនក្តៅ និង​ក្អក​
៤. បើ​អ្នកមាន​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម សូម​រក​ការព្យាបាល​ឱ្យ​ឆាប់ និង​ប្រាប់​ពី​ប្រវត្តិ​នៃ​ការធ្វើដំណើរ​ដល់​គ្រូពេទ្យ​
៥. សូមកុំ​ប៉ះពាល់​សត្វ​រស់ និង​ផ្ទៃ​ទាំងឡាយ មាន​ដាក់​សត្វ​រស់​
៦. សូមកុំ​បរិភោគ​សាច់​ឆៅ និង​ស៊ុត​ឆៅ​
៧. អនុវត្តន៍​អនាម័យ​ខ្ជាប់ខ្ជួន ក្នុងការ​សំលាប់សត្វ​ចំអិន​សាច់ និង​ដាក់​ដោយឡែក​អាហារ​ឆៅ និង​អាហារ​ឆ្អិន​។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ ១១៥៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង