អ្នកស្រុកអង្គរជាង៥០០នាក់ជុំគ្នាចាប់ត្រីក្នុងបឹងធំមួយក្នុងភូមិបង្កោងដើម្បីយកធ្វើចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតា

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ប្រជាជន ទាំងប្រុស ស្រី ចាស់ ក្មេង ប្រមាណ ៥០០ នាក់ បានមកប្រមូលផ្តុំគ្នានៅបឹងធំមួយ ដែលស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បឹងធំមួយនេះ អ្នកភូមិអភិរក្សត្រីទុកមិនឱ្យមានការនេសាទផ្តេសផ្តាសនោះឡើយ គឺសម្រាប់តែរកត្រីរួមគ្នាដើម្បីយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតាដែលប្រារព្ធធ្វើឡើងនៅថ្ងៃ២៧ ខែមករា ឆ្នាំ២០២០ និងធ្វើម្ហូបសម្រាប់គ្រួសារ ព្រមទាំងទទួលភ្ញៀវ ដែលជាទំនៀមរបស់អ្នកស្រុកអង្គរប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

នៅម៉ោង៧ព្រឹក គណៈកម្មការភូមិ បាញ់កាំជ្រួច បន្លឺស្នូរជាសញ្ញា អនុញ្ញាតឱ្យចុះចាប់ត្រីបានហើយ។ ដោយឡែកការរកត្រីនេះ អនុញ្ញាតឱ្យប្រជាជនក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យតែប្រជាជនភូមិក្រៅចុះចាប់នោះឡើយ និងប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឆ្នៀងអង្រុត និងសំណាញ់ជាដើម។

ចំពោះការចាប់ត្រីនេះ គណៈកម្មការបានកំណត់ជាពីរផ្នែក។ ជាដំបូងប្រជាជនទាំងអស់អាចរកត្រីទុកសម្រាប់ខ្លួនឯងផ្ទាល់ រីឯមួយផ្នែកនៃបឹងដែលដាក់សម្រាស់ការពារមិនឱ្យចាប់ពីដំបូងនោះ ត្រូវចាប់ទុករួមសម្រាប់ធ្វើទឹកនំបញ្ចុកប្រគេនព្រះសង្ឃ។

លោក ពេជ្រ ឃិន មេភូមិបង្កោង និងជាគណៈកម្មការរៀបចំ បានរៀបរាប់ថា ដោយនៅឆ្នាំនេះខ្សត់ទឹកភ្លៀង និងមិនមានទឹកធំផង ទើបមិនសំបូរត្រី ហើយគណៈកម្មការគ្រប់គ្រង និងអភិរក្សបឹងបានប្រលែងកូនត្រីប្រមាណ ១៥០០ក្បាល កាលពីអំឡុងខែ១០ ឆ្នាំ២០១៩ ដើម្បីរក្សាទិន្នផល ត្រីដើម្បីបានផ្គត់ផ្គង់កម្មវិធីនៅឆ្នាំនេះបន្ត។

លោកមេភូមិបង្កោងបន្តថា ការចាប់ត្រីឡើងមាឃនេះ មានជាយូរយារមកហើយ រៀងរាល់ខែមាឃ បន្ទាប់ពីបញ្ចប់ការច្រូតកាត់ និងដាក់ស្រូវក្នុងជង្រុករួចរាល់។ លោកបញ្ជាក់ថា ថ្វីបើកម្មវិធីនេះមានជាយូរមកហើយ តែការរៀបចំបានគគ្រឹគគគ្រេងប្រមាណជាង១០ឆ្នាំកន្លងមកនេះ នៅពេលលោកមានតួនាទីជាមេភូមិក្នុងភូមិបង្កោង។ លោកតែងតែអប់រំប្រជាជនក្នុងភូមិ និងអ្នកណាក៏ដោយដែលនឹងក្លាយជាអ្នកដឹកនាំបន្តវេណពីលោក ធ្វើយ៉ាងណាថែរក្សាទនៀមទម្លាប់នេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយនាពេលអនាគត។

លោកស្រី ឆៃ ណាត ដៃមមាញឹកចាប់ត្រី ដោយដៃម្ខាងកាន់អង្រុត ដៃម្ខាងរាវរកត្រីក្នុងអង្រុត បាននិយាយដោយទឹកមុខរីករាយថា ខ្ញុំបានមករកត្រីជារៀងរាល់ឆ្នាំ ហើយថ្ងៃនេះបានក្រោកមកជាមួយអ្នកភូមិតាំងពីម៉ោង៥ មកម្ល៉េះ។ លោកស្រីបន្តថា ឆ្នាំនេះមិនសូវសំបូរត្រីដូចឆ្នាំមុនៗនោះទេ ដោយសារតែឆ្នាំនេះមិនមានទឹកធំ មានតែទឹកភ្លៀងប៉ុណ្ណោះ បណ្តាលឱ្យទិន្និផលត្រីធ្លាក់ចុះ។

តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែលសម្បូរទៅដោយមរតកអរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ពិធីបុណ្យឡើងមាឃឬបុណ្យឡើងអ្នកតា ក៏ជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិក ភណ្ឌអរូបីជាច្រើនប្រតិបត្តិដោយអ្នកស្រុកអង្គរ។

គួរបញ្ជាក់ថា រៀងរាល់ថ្ងៃ១ កើត ខែមាឃ ប្រជាជនតែងតែរកត្រីរួមគ្នាដើម្បីយកត្រីមកធ្វើម្ហូប និងធ្វើចង្ហាន់ប្រគេនព្រះសង្ឃសម្រាប់ថ្ងៃ៣កើត ខែមាឃ ដែលជាថ្ងៃឡើងមាឃ ឬឡើងអ្នកតា៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង