ភរិយា​សម្តេច ហេង សំរិន ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ផ្តល់​គោរមងារ ជា «​សម្តេច​»

(​ភ្នំពេញ​)៖ លោកជំទាវ សៅ ទី ដែលជា​ភរិយា​សម្តេច ហេង សំរិន ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឡាយ​ព្រះហស្ថលេខា លើ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ត្រាស់បង្គាប់ ផ្តល់​គោរមងារ លោកជំទាវ ជា «​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន​»​។​

សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​សម្តេច ហេង សំរិន ​នៅ​ខែមីនា ឆ្នាំ​១៩៥៧។ សម្តេច មានកូន​បង្កើត ៤​នាក់ ( ស្រី ៣​នាក់ និង​ប្រុស ១​នាក់ ) រួមមាន​៖ ១-​ហេង ​ពៅ ( ស្រី ) ២-​ហេង​ សំ​អូន ( ស្រី​) ៣-​ហេង​ សំណាង ( ប្រុស​) និង​៤-​ហេង​ សំអាន (​ស្រី​)​។

សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ប្រសូត្រ​នៅ​ឆ្នាំ​១៩៣៨​ នៅ​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ( អតីត​ខេត្តកំពង់ចាម ​)។

ក្នុងព្រះរាជក្រឹត្យ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​មាន​ព្រះរាជចំណារ​បន្តថា សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន បាន​ដឹកនាំ កសាង និង​គោរព​ព្រះពុទ្ធសាសនា​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុង​ព្រះរាជក្រឹត្យ ព្រះករុណា​ព្រះមហាក្សត្រ ទ្រង់​បានលើកឡើង​បន្ថែមថា សម្តេច​ធម្ម​វិសុទ្ធ​វង្សា បាន​បរិច្ចាគ​កម្លាំងកាយ​ចិត្ត និង​ទ្រព្យធន​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​បរិសុទ្ធ​ដ៏​ខ្ពង់​ខ្ពស់បំផុត ជូន​សង្គមជាតិ និង​បាន​ជួយ​កសាង​សមិទ្ធផល​នានា ជួយឧបត្ថម្ភ​ដល់​ជនក្រីក្រ​គ្មាន​ទី​ពំនឹង​ទាំងឡាយ ប្រកបដោយ​មហា​សប្បុរ​ស​ធម៌ មនុស្សធម៌ ដ៏​ឧត្តុង្គឧត្តម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ប្រកាន់ខ្ជាប់​ក្នុង​សេចក្តី​បរិសុទ្ធ​ដ៏​វិសេសវិសាល​ក្នុង​ព្រះធម៌​បូជា​ចំពោះ​ព្រះពុទ្ធសាសនា​។

នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល បានយកព្រះរាជក្រឹត្យរបស់​ព្រះមហាក្សត្រ ដែលបានត្រាស់បង្គាប់ផ្តល់គោរមងារនេះ ជូន​ផ្ទាល់​ដៃដល់​សម្តេច​​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន នៅគេហដ្ឋាន ក្នុងរាជធានីភ្នំពេញ៕

    

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង