សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​៖ កុមារ​ជា​អ្នក​បន្តវេន​ប្រកបដោយ​សក្តានុពល កម្ពុជាបាន​យកចិត្តទុកដាក់​អប់រំ​កុមារ តាំងពី​ឆ្នាំ​១៩៧៩​មក​

(ស្វាយរៀង)៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បានលើកឡើង​ថា កុមារ​ជា​អ្នក​បន្តវេន ប្រកបដោយ​ធនធាន​សក្តានុពល​រប​ស់​ប្រទេសជាតិ​។ កុមារ​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​សេចក្ដីថ្លៃថ្នូរ ដើម្បី​រួមចំណែក​កាត់បន្ថយ​គម្លាត​សង្គម​។​

​សម្តេច​ប្រធានរដ្ឋសភា​បានលើកឡើង​ដូច្នេះ នៅក្នុង​ឱកាស​សម្តេច​បា​ន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​សាលាបឋមសិក្សា​តា​សួស ស្ថិតនៅ​ភូមិ​តា​សួស ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​ឧបត្ថម្ភ​ការសាងសង់​ដោយ​អង្គការ​ស្គូ​ល​អេ​ដ​ជប៉ុន​។

​សម្តេច​បាន​គូសបញ្ជាក់ថា ការយកចិត្តទុកដាក់​ចំពោះ​ការអប់រំ រៀនសូត្រ​របស់​កុមារ មិនមែនជា​កិច្ចការ​ថ្មី​នោះទេ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តើម​យកចិត្តទុកដាក់​អនុវត្ត តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ មកម្ល៉េះ ហើយ​ថា ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​បង្កលក្ខណៈ​ឱ្យ​យុវជន​ជំនាន់​ក្រោយៗ ទទួលបាន​ការសិក្សា​ពេញលេញ រហូត​ទទួលបាន​សញ្ញាបត្រ បរិញ្ញាបត្រ​រាប់ពាន់នាក់ ក្នុង​មួយឆ្នាំៗ មានឱកាស​ធ្វើការ​ងារ និង​មាន​មុខរបរ​ដូចនឹង​បណ្តា​ប្រជាជាតិ​ក្នុង​តំបន់ និង​បានរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​នៅក្នុង​ប្រទេសជាតិ​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា កុមារ​នៅ​កម្ពុជា​ត្រូវបាន​ការពារ ការ​ជួយឧបត្ថម្ភ​គាំទ្រ ការចិញ្ចឹម​បីបាច់​ថែរក្សា ការផ្តល់​អាហារូបត្ថម្ភ ការអប់រំ​រៀនសូត្រ ត្រូវបាន​លើក​តម្កើង​ជា​បន្តបន្ទាប់​។ សម្តេច​បាន​បន្តថា “​យុវជន​ជា​សសរទ្រូង​ជា​កម្លាំង​ស្នូល ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​នៅក្នុង​ពេលអនាគត ដែល​ពួកគេ​នឹង​ក្លាយជា​អ្នកដឹកនាំ គ្រប់គ្រង​ស្ថាប័ន​ក្លាយជា​មេ​គ្រួសារ​។ កម្ពុជា​តែង​យកចិត្តទុកដាក់​ក្នុង​កិច្ច​គាំពារ និង​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមធម៌ ដើម្បី​ផ្តល់ឱកាស​ដល់​កុមារ​គ្រប់រូប ទទួលបាន​នូវ​ការ​គាំពារ​តាំងពី​កុមារភាព​។ ជា​យុទ្ធ​សាស្ត្រ​​របស់​រាជរដ្ឋាភិបាល គឺ​កុមារ​ទាំងអស់​ត្រូវ​ទទួល​បានការ​គាំពារ ការអប់រំ​កម្រិត​មតេយ្យ​សិក្សា ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ឱ្យ​ពួកគេ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរៀន​ទៅតាម​កម្រិត នៃ​បឋមសិក្សា​”​។

​សូមជម្រាបថា អគារសិក្សា​ថ្មី​មួយ​ខ្នង មាន​៥​បន្ទប់ ដែល​សម្ពោធ​និង​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ ជាការ​ឧបត្ថម្ភ​របស់​អង្គការ​ស្គូ​ល​អេ​ដ​ជប៉ុន​។ អង្គការ​នេះ​បាន​សាងសង់​អាគារ​សិក្សា​ជាច្រើន​ខ្នង​នៅ​ទូទាំងប្រទេស ដែល​សរុបមក​ដល់ពេលនេះ មាន​ចំនួន ២៦៤​អគារ ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក​។ សម្រាប់​២០២០ និង​២០២១ អង្គការ​ស្គូ​ល​អេ​ដ​ជប៉ុន មាន​គម្រោង​សាង​សង់​អគារសិក្សា ២០​អាគារ​បន្ថែមទៀត​។ ក្រៅពី​ការកសាង​អគារសិក្សា អង្គការ​ស្គូ​ល​អេ​ដ​ជប៉ុន នៅមាន​សកម្មភាព​ផ្សេងៗ​ទៀត ដូចជា ផ្តល់​អាហារូបករណ៍ ជា​ស្បៀង សម្ភារៈ​សិក្សា និង​សំលៀក​បំពាក់​ដល់​សិស្ស​ក្រីក្រ​ទៀតផង​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ ឯកឧត្តម វ៉ា​តា​ណា​បេ មិ​គិ អតីត​សមាជិកសភា​ជប៉ុន និង​ជា​ប្រធាន​អង្គការ​ស្គូ​ល​អេ​ដ​ជប៉ុន ប្រចាំ​កម្ពុជា ព្រមទាំង​សហការី និង​សប្បុរសជន​ជប៉ុន ដែល​បានរួម​ចំណែក​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។

ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែលជា​និច្ច​ជា​កាល​តែង​បានផ្តល់​ការឧបត្ថម្ភ​គាំទ្រ​លើ​គ្រប់​វិស័យ​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាំងពី​ដំណាក់​កាល​​ស្វែងរក​សន្តិភាព ស្តារ និង​អភិវឌ្ឍន៍​ប្រទេស រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។ វឌ្ឍនភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​សម្រេចបាន​នាពេល​បច្ចុប្បន្ន ពិតជា​មិនអាច​កាត់ផ្តាច់​ពី​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​មិត្ត​ជប៉ុន នោះឡើយ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​បាន​អំពាវនាវ​ដល់​មាតាបិតា​ទាំងអស់​ត្រូវបញ្ជូន​កូន​គ្រប់​អាយុ​សិក្សា​ទៅ​សាលារៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

សម្តេច​បាន​ផ្តាំផ្ញើ​ដល់​យុវជន គោរព​ច្បាប់​ចរាចរណ៍ និង​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។ សម្តេច​ប្រធាន​រដ្ឋសភា បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​គ្រប់​ចុះ​ស្វែងយល់​ទុក្ខលំបាក និង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា ពិសេស​ចូលរួម​ដោះស្រាយ​រាល់​បញ្ហា​របស់​កុមារ​ដោយហេតុថា ការយក​ចិត្តទុកដាក់ ការផ្តល់​ការអប់រំ ដល់​កុមារ ជា​ភារកិច្ច​ទាំងអស់គ្នា មាន​រាជរដ្ឋាភិបាល ក្រសួង​អប់រំ អាជ្ញាធរ អង្គការ​សមាគម សហគមន៍ លោកគ្រូ​អ្នកគ្រូ និង​មាតាបិតា​សិស្ស ជាដើម​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង