សម្តេច​ក្រឡា​ហោម ស ខេង​ អំពាវនាវ​ដល់​ជនរួមជាតិ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អគ្គិភ័យ និង​បើកបរ​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន

(ភ្នំពេញ) ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ដែលនឹងចូលមកដល់​នាថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ​ខាងមុខនេះ សម្តេចក្រឡាហោម ស ខេង អំពាវនាវដល់បងប្អូនជនរួមជាតិ​ទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែស ដែលអាចកើតមានអគ្គិភ័យបំផ្លាញផ្ទះ​សម្បែង ទ្រព្យសម្បត្តិផ្សេងៗ និង​សូមបងប្អូនជនរួមជាតិទាំងអស់ បើកបរយានយន្ត​ធ្វើដំណើរ​កម្សាន្ត​ ប្រកបដោយការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ផ្ញើសារ​អំពាវនាវ​នៅលើហ្វេសប៊ុកផ្លូវការក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា ៖

« ខ្ញុំនិងភរិយា សូមជូនពរដល់បងប្អូនខ្មែរដែលមានសែស្រឡាយចិនទាំងអស់ និង បងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខសុមង្គល និងមានលាភសំណាង សេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព។

ក្នុងពិធីបុណ្យនេះដែរបងប្អូនខ្មែរដែលមានសែស្រឡាយចិន និងបងប្អូនជនរួមជាតិដែលចូលរួម​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន តែងតែមានការរៀបចំពិធីសែនពេ្រនដោយដុតទៀន ធូប និងគ្រឿងសក្ការៈបូជាផ្សេងៗ និង ធ្វើដំណើរកម្សាន្តសប្បាយទីជិតទីឆ្ងាយ ។

ខ្ញុំសូមបងប្អូនជនរួមជាតិទាំង អស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀស​វាងការធ្វេសប្រហែស ដែលអាចកើតមានអគ្គិភ័យបំផ្លាញផ្ទះ សម្បែង ទ្រព្យសម្បត្តិផ្សេងៗ និង​សូមបងប្អូនជនរួមជាតិ​ទាំងអស់ បើកបរយានយន្តធ្វើដំណើរកម្សាន្តប្រកបដោយការប្រុង ប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយ រីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខាន​ឡើយ ៕» ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង