លិខិតមិត្តអ្នកអាន៖ ឃ្លីបវីដេអូវែងរបស់មេធាវីចុងចោទ ចាក់ក្នុងសវនាការ គឺបញ្ជាក់សុក្រឹតភាពរបស់វីដេអូខ្លីថា កឹម សុខា ពិតជាបានរៀបផែនការក្បត់ជាតិមែន

(ភ្នំពេញ)៖ ឃ្លីបវីដេអូមានរយៈពេលជាង១ម៉ោង ដែលលោក កឹម សុខា និងមេធាវីការពារ ទាមទារឲ្យចាក់បង្ហាញនោះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះធ្វើតាមសំណើរហើយ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ហើយសុក្រឹតភាពរបស់វា គឺបញ្ជាក់ថា លោក កឹម សុខា ពិតជាមានផែនការបំផ្លាញជាតិ តាមការណែនាំពីបរទេសមែន។

អ្វីដែលសំខាន់ គឺពាក្យសម្តីទាំងអស់ ដែលលោក កឹម សុខា បាននិយាយពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ហើយដែលដើមបណ្តឹងបានយកចេញពីការផ្សាយរបស់ទូរទស្សន៍អ៊នឡាញ CBN របស់អូស្រ្តាលី មកធ្វើជាភស្តុតាង គឺមានទាំងអស់នៅក្នុងឃ្លីបនេះ ដោយគ្មានបាត់ពាក្យពេចន៍ណាមួយនោះឡើយ។

នេះសបញ្ជាក់ថា ឃ្លីបវីដេអូខ្លី ដែលគេយកចេញពីឃ្លីបទាំងស្រុងនោះ គឺមិនបានធ្វើឲ្យបាត់ន័យដើម ហើយក៏មិនមែនជាការកាត់តដើម្បីបំភ្លៃ កាឡៃការពិត ដូចមនុស្សមួយចំនួនបាននិយាយនោះឡើយ។

លោក កឹម សុខា ខ្លួនឯងបានទទួលស្គាល់រួចទៅហើយ តាំងពីសវនាការថ្ងៃដំបូងម្ល៉េះថា នោះជារូបពិត និងជាសំឡេងពិតរបស់គាត់។

ឥឡូវនេះ ពេលចាក់ឃ្លីបវីដេអូទាំងស្រុង ដែលលោក កឹម សុខា បានដាក់ជូនតុលាការ ក៏វាបានបង្ហាញយ៉ាងច្បាស់ថា ឃ្លីបវីដេអូរបស់ដើមបណ្តឹងនេះ គឺពិត និងដូចគ្នាទាំងស្រុង ដោយគ្មានការកែប្រែអ្វីនោះឡើយ។ នេះជាចំណុចសំខាន់បំផុតមួយសម្រាប់ដំណើរការក្តីមួយនេះ។

ដូច្នេះ តាមការយល់ឃើញរបស់ខ្ញុំ ឃ្លីបវីដេអូនេះ មិនអាចជួយដោះបន្ទុកលោក កឹម សុខា បានទេ។ ប៉ុន្តែផ្ទុយទៅវីញ ឃ្លីបវីដេអូរបស់លោក កឹម សុខា គឺជាភស្តុតាងដ៏រឹងមាំមួយ ដែលបញ្ជាក់យ៉ាងច្បាស់ថា វីដេអូរបស់ដើមបណ្តឹង គឺជាវីដេអូពិត និងមិនបានកាត់តនោះទេ។ វាក៏អាចក្លាយជាភស្តុតាងកាន់តែរឹងមាំ និងច្បាស់លាស់បន្ថែមទៀតដើម្បីដាក់បន្ទុកបន្ថែមទៅលើលោក កឹម សុខា។

ម្យ៉ាងទៀត វាក៏បានលាងជម្រះក្តីមន្ទិលសង្ស័យទាំងឡាយ អំពីធាតុពិតនៃឃ្លីបវីដេអូខ្លីនេះឲ្យជ្រះស្រឡះអស់។ កន្លងទៅមានអ្នកខ្លះនិយាយដោយមិនដឹងការពិតថា ឃ្លីបវីដេអូខ្លី ដែលដើមបណ្តឹងយកមកធ្វើជាដើមចមដាក់បន្ទុកលោក កឹម សុខា គឺជាឃ្លីបកាត់ត កាឡៃសម្តីលោក កឹម សុខា។ ប៉ុន្តែ ឥឡូវនេះ អាប៉ោងបានបើកគ្របហើយបន្ទាប់ពីតុលាការបានយកឃ្លីបទាំងស្រុងរបស់លោក កឹម សុខា ខ្លួនឯងមកចាក់ ដែលក្នុងនោះមានពាក្យសម្តីរបស់គាត់ទាំងអស់ដែលនិយាយក្នុងឃ្លីបខ្លី។

ដូច្នេះ រឿងមន្ទិលសង្ស័យជុំវិញថាតើឃ្លីបវីដេអូនេះពិត ឬប្រឌិតនោះ បានចប់សព្វគ្រប់ហើយ ដោយគ្មានអ្វីត្រូវលើកមកជជែកទៀតទេ ពីព្រោះទាំងលោក កឹម សុខា ខ្លួនឯងក៏បានសារភាពទទួលស្គាល់ថា ក្នុងវីដេអូនេះ គឺពិតជារូបភាព សំឡេង និងសម្តីរបស់ខ្លួនគាត់ពិតប្រាកដមែន។

ដូច្នេះ សូមអ្នកទាំងឡាយ ដែលមិនបានដឹងការពិត សូមឈប់និយាយបំភ័ន្តរឿងឃ្លីបនេះតទៅទៀត ពីព្រោះការផ្ទៀងផ្ទាត់បានធ្វើរួចរាល់ និងប្រកបដោយតម្លាភាពបំផុត។ ហើយបើនិយាយឲ្យខ្លី គឺទាំងរូបភាព សំឡេង និងសម្តីនៅក្នុងឃ្លីបវីដេអូរបស់លោក កឹម សុខា និងវីដេអូរបស់ដើមបណ្តឹង គឺជាវីដេអូពិត និងដូចគ្នា១០០ភាគរយ។

ពីពេលនេះតទៅ អ្វីដែលពួកយើងទាំងអស់គ្នាគួរគប្បីត្រូវតាមដានបន្តនោះគឺថា តើលោក កឹម សុខា បាននាំយកគំរូបដិវត្តន៍ពណ៌នៅយូហ្គោស្លាវី និងស៊ែប៊ី ដែលគាត់បានរៀន និងទទួលការណែនាំបង្គាប់បញ្ជាពីបរទេសមកអនុវត្តន៍នៅកម្ពុជាយ៉ាងណាខ្លះ ពោលគឺ តើអ្វីដែលលោក កឹម សុខា បាននិយាយទាំងនោះ មានភាពស៊ីសង្វាក់គ្នាដែរ ឬទេ ជាមួយព្រឹត្តិការណ៍ ដែលបានកើតឡើង កាលពីមុនពេលបោះឆ្នោត កំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ឆ្នាំ២០១៣?

សវនាការនេះនឹងបើកកកាយរឿងរ៉ាវទាំងនេះយ៉ាងពិស្តារជាមិនខានឡើយ។ មេធាវីដើមបណ្តឹងអះអាងថា មានភស្តុតាងបីវ៉ាលីធំៗសម្រាប់ដាក់បន្ទុកលោក កឹម សុខា។

ដូច្នេះ យើងគួរគប្បីទុកកិច្ចការនេះឲ្យអង្គសវនាការក្នុងតុលាការបន្តធ្វើការវិនិច្ឆ័យតទៅទៀតចុះ ជាពិសេសទាំងលោក កឹម សុខា ជាជនជាប់ចោទ និងក្រុមមេធាវីការពារកូនក្តី ដែលត្រូវរកភស្តុតាងដើម្បីមកដោះបន្ទុក ចំពោះបទក្បត់ជាតិមួយនេះ។

ប៉ុន្តែអ្វីដែលខ្ញុំបានកត់សម្គាល់ផងដែរនៅថ្ងៃនេះ ដែលជាព្រឹត្តិការណ៍សំខាន់ គឺខណៈសវនាការកាត់ក្តីរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា កំពុងដំណើរការនៅឯភ្នំពេញ, ព្រឹទ្ធសភាសហរដ្ឋអាមេរិកឯណោះក៏កំពុងដំណើរការនីតិវិធី សវនាការដើម្បីដកតំណែងប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងមានទំនាក់ទំនងឃុបឃិតជាមួយប្រធានាធិបតីអ៊ុយក្រែន ប្រឆាំងនឹងគូប្រជែងរបស់ខ្លួន គឺលោក ជោ បាយដិន។

នេះសបញ្ជាក់ថា រឿងសន្ទិដ្ឋិភាព ជាមួយបរទេស ជាបញ្ហារសើប និងជារឿងសាកល ដែលគ្រប់ប្រទេសក្នុងលោក ជាពិសេសប្រទេសអភិវឌ្ឍន៍ជឿនលឿនចាប់អារម្មណ៍ខ្លាំង។ ដូច្នេះ សូមអ្នកទាំងឡាយ ដែលនិយាយថា ករណីលោក កឹម សុខា ជារឿងនយោបាយនោះ សូមបើកភ្នែកមើលរឿងរ៉ាវ ដែលកើតឡើងក្នុងពិភពលោកផង មុននឹងហារមាត់និយាយពីករណី លោក កឹម សុខា ហើយក៍យើងមិនគួរគប្បីទាញការសន្និដ្ឋានទុកជាមុនថា ជារឿងនេះ ឬរឿងនោះឡើយ ព្រោះរឿងក្តីនេះបាននិងកំពុងតែដំណើរការតាមផ្លូវច្បាប់។

ខ្ញុំយល់ថា គេមិនអាចលើកយករឿងនយោបាយមកបិទបាំងរឿងព្រហ្មទណ្ឌបានទេ។ អ្នកនយោបាយក៏មិនអាចគេចវេសពីបញ្ហាផ្លូវច្បាប់ដោយសារតែខ្លួនមានឋានៈជាអ្នកនយោបាយបាននោះដែរ។ ប៉ុន្តែ អ្វីដែលសំខាន់ គឺត្រូវតតាំងគ្នានៅចំពោះមុខតុលាការ ហើយត្រូវទុកឲ្យតុលាការចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មាននរណាអាចដាក់សម្ពាធ ឬបញ្ជាតុលាការបានឡើយ។ ជាពិសេស ក្រោយពីមានការចាក់បញ្ចាំងវីដេអូ តាមការទាមទាររបស់លោក កឹម សុខា បានបង្ហាញនូវការពិតមួយ ដែលមិនអាចប្រកែកបាន ដូចអាប៉ោងបើកគ្របអញ្ចឹង គឺវីដេអូទាំង២នេះ ដូចមួយដំបរ និងបួន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង