លោក កឹម សុខា តវ៉ាថា វីដេអូខ្លី និងវីដែអូវែង មិនដូចគ្នា, អយ្យការថា ខ្លឹមសារដូចគ្នា

(ភ្នំពេញ)៖​​​ នៅឯសវនាការពេញមួយរសៀលថ្ងៃនេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានតវ៉ានឹងការលើកឡើងរបស់តំណាងអយ្យការ ដែលថាខ្លឺមសារក្នុងវីដេអូខ្លី និងខ្លឺមសារក្នុងវីដេអូវែង មានអត្ថន័យដូចគ្នា ដើម្បីបញ្ជាក់ពីបំណងប្រព្រឹត្តអំពើក្បត់ជាតិ។

សវនាការរបស់សាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងនេះពេញមួយរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ផ្តោតលើសុក្រឹតភាពនៃឃ្លីបវីដេអូខ្លី មានរយៈពេល២នាទី និងឃ្លីបវីដេអូវែង មានរយៈពេលជាង១ម៉ោង នៃសុន្ទរកថារបស់លោក កឹម សុខា ថ្លែងប្រាប់អ្នកគាំទ្រនៅក្នុងប្រទេសអូស្ត្រាលី។

លោកអតីតប្រធានគណបក្យប្រឆាំង បានតវ៉ាបន្ទាប់ពីលោកព្រះរាជអាជ្ញារង ផ្លង់ សុផល បានបកស្រាយប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា ខ្លឹមសាររួមនៃឃ្លីបវីដេអូ​​​ទាំងពីរនេះ មានភាគរយច្រើន សម្រាប់បញ្ជាក់ថា លោក កឹម សុខា ពិតជាបាននិយាយពីផែនការផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជា រួចឡើងកាន់អំណាចតាមរយៈការតវ៉ាបែបបបដិវត្តពណ៌។

លោក ផ្លង់ សុផល បានអះអាងថា «វីដេអូខ្លី គឺដូច៩៩ភាគរយ។ ខ្លឹមសារដូចគ្នាទាំងស្រុង មិនមែនពាក្យដូចគ្នាទំាងស្រុងទេ»។

បន្ទាប់ពីតំណាងអយ្យការនិយាយចប់ លោក កឹម សុខា ដែលស្លៀកពាក់ក្នុងឯកសណ្ឋានអាវក្រវាត់ក អាវធំ កំពុងតែអង្គុយនៅមុខក្រចកសេះយ៉ាងស្ងៀមស្ងាត់ និងអានសំណេរដកស្រង់ចេញសម្តីរបស់លោកក្នុងខ្លីបវីដេអូដើម បានលើកដៃសុំការអនុញ្ញាតពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីមានប្រសាសន៍បកស្រាយតបវិញ។

លោក កឹម សុខា បានមានប្រសាសន៍ថា «វីដេអូ២នាទី និង១ម៉ោង ៣នាទី ១៩វិនាទី ដូចគ្នា៩៩ភាគរយ គឺកុហក់។ខ្ញុំសុំជម្រាបលោកចៅក្រមថា​​​ វីដេអូនេះ​​​ វាអយុត្តិធម៌ណាស់។ វាបាត់ខ្លឹមសារពិត»។

ឃ្លីបវីដេអូខ្លីនេះ គឺជាភស្តុតាង ដែលមេធាវីការពាររាជរដ្ឋាភិបាលដាក់ជូនតុលាការ តាំងពីតំណាក់កាលស៊ើបអង្កឹត ចំណែកឃ្លីបវីដេអូវែង គឺភស្តុតាងថ្មី ដែលសហមេធាវីការពារជនជាប់ចោទ ដាក់ជូនអង្គសវនាការ នៅក្នុងថ្ងៃនេះ។

នៅក្នុងសវនាការ ដែលមានការចូលរួមស្តាប់ពីសំណាក់មន្ត្រីទូតបរទេសប្រចាំកម្ពុជា, មន្ត្រីសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាច្រើនរូបផងនោះ, លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានចាក់វីដេអូទាំងនេះ ម្តងហើយម្តងទៀត សម្រាប់ពិចារណាចំពោះសុក្រឹតភាពរបស់វា ដើម្បីដាក់បន្ទុក ឬដោះបន្ទុកដល់ជនជាប់ចោទ។

ក្រោយពីចាក់វីដេអូនេះហើយ ក្រុមមេធាវីការពារសិទ្ធិលោក កឹម សុខា បានបកស្រាយថា​​​ ឃ្លីបវីដេអូខ្លី គឺកាត់ចេញពីវីដេអូវែង ហើយធ្វើឲ្យបាត់ខ្លឹមសារដើម និងខុសពីគោលបំណងពិត ដែលកូនខ្លីរបស់ខ្លួនបានលើកឡើង។

ក្រោយពីចប់សវនាការ លោកស្រី ម៉េង ធារី សហមេធាវីការពារលោក កឹម សុខា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា «ខោ ពេលណាវាជាកំណាត់ៗ គេលែងហៅថា​​​​​​ ខោហើយ។ វីដេអូ បាត់ច្រើនណាស់ គឺបាត់អស់មួយម៉ោង»។

ចំណែកលោក គី តិច ប្រធានក្រុមមេធាវីតំណាងរាជរដ្ឋាភិបាល បានមានប្រសាសន៍ពីការផ្អាកសវនាការថា ការដាក់ភស្តុតាងថ្មី មានជាវីដេអូវែង និងរូបថត ពីភាគីជនជាប់ចោទ គឺជាភស្តុតាងបន្ថែមបន្ទុកលើកំហុសរបស់លោក កឹម សុខា ទៅវិញទេ។

កាលពីចប់សវនាការតង់ទី១ នាព្រឹកមិញនេះ លោកមេធាវីបានលើកឡើងទៀតថា​​​ សវានាការចាប់ផ្តើមតាំងពីម៉ោង៨ និង៣០នាទី រហូតដល់១១ និង២០នាទី គឺផ្តោតលើកភស្តុតាងថ្មី ជាឃ្លឺបវីដេអូខ្លីៗជាង១០ និងរូបថត ដែលជនជាប់ចោទទើបតែយកបង្ហាញតុលាការ។

ចំណែកលោក ផែង ហេង សហមេធាវីការពារលោក កឹម សុខា បានមានប្រសាសន៍ថា «យើងបានស្នើឲ្យតុលាការពិនិត្យពីសុក្រិតភាពនៃភស្តុតាង មានទាំងវីដេអូ និងរូបថត ដាក់ជូនអង្គជំនុំជម្រះ ដើម្បីដោះបន្ទុកការចោទប្រកាន់ពីបទសន្ទិដ្ឋិភាព ប្រព្រឹត្តរវាងឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧»។

សូមបញ្ជាក់ថា នៅព្រឹកស្អែកនេះ សវនាការនឹងបន្តទៀត ដែលមានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយមានចៅក្រម​ប្រឹក្សា ២រូបទៀត គឺលោក​​​ សេង លាង និងលោក ធាម ច័ន្ទពិសិដ្ឋ។ រីឯតំណាងអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ មានលោកព្រះរាជអាជ្ញារងពីររូប គឺលោក វង្ស​ ប៊ុនវិសុទ្ធ និងលោក ប្លង់​ សុផល។

ចំណែកមេធាវី​បួនរូប មានលោក ផែង ហេង, លោក ចាន់ ចេន, លោក ផាន់ ចាន់សាក់ និង​លោកស្រី ម៉េង សុធារី គឺជាមេធាវីការពារសិទ្ធិលោក កឹម សុខា នៅក្នុងសវនាការនេះ៕

SWIFT NEWS- ផាន់ អាណា

     

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង