ចូលឆ្នាំ​ចិន​! មេបញ្ជាការ​កងទ័ព​ក​ម្ពុ​ជា ជួប ជូនពរ​ឯកអគ្គរដ្ឋទូត​ចិន​!

(​ភ្នំពេញ​)៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​ដឹកនាំ​ប្រតិភូ​អគ្គបញ្ជាការ ចូលជួប និង​ជូនពរ​ឆ្នាំ​ថ្មី ជូន​ឯកឧត្តម វ៉ាង វិ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា​។ ពិធី​ជួប​ជូនពរ​នេះ បានធ្វើ​ឡើង កាល​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០​។

​ឯកឧត្តម វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​កម្ពុជា​-​ចិន ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​ក្នុង​រយៈពេល​មួយឆ្នាំ​២០១៩​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ខិតខំ​លើកកម្ពស់​ឈានដល់​កម្រិត​កំពូល​។

​ឯកឧត្តម បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​កន្លងមក បាន​ជួយឧបត្ថម្ភ​ដល់​កងយោធពល​ខេមរភូមិន្ទ ធ្វើ​ឲ្យ​កងទ័ព​កម្ពុជា មានការ​វិវត្តន៍​រីកចម្រើន​ជា​បន្តបន្ទាប់​។

​ឯកឧត្តម អគ្គមេបញ្ជាការ បាន​ជូនពរ​ដល់​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន និង​ក្រុមគ្រួសារ ព្រមទាំង​សហការី សូម​ជួបតែ​ភាពសប្បាយ​រីករាយ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​សូម​ឲ្យ​មាន​សុខភាព​ល្អ មាន​សុភមង្គល ជាពិសេស​សូម​ឲ្យ​ចំណងមិត្តភាព រវាង​ប្រទេស​ទាំងពីរ​ស្ថិតស្ថេរ​ជា​អមតៈ​។​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម វ៉ាង វិ​ន​ធាន បាន​ថ្លែងអំណរគុណ​ដល់​ប្រតិភូ​អគ្គបញ្ជាការ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​មក​ជូនពរ​ឆ្នាំ​ថ្មី​នាឱកាស​នេះ​។

ឯកឧត្តម បាន​រម្លឹក​ឡើងវិញ ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែមេសា ឆ្នាំ​២០១៩ ដែលជា​ព្រឹត្តិការ​ណ៏​ដ៏​សំខាន់ នៃ​កិច្ចពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។

​ពាក់ព័ន្ធ​ដល់​វិស័យ​យោធា​រវាង​ប្រទេស​ទាំងពីរ ឯកឧត្តម​អគ្គរដ្ឋទូត​ចិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចទំនាក់ទំនង​នាពេល​កន្លងមក ហើយ​ឯកឧត្តម បាន​ប្រសិទ្ធពរ​សូម​ឲ្យ​ចំណង​សាមគ្គីភាព មិត្តភាព ដែលមាន​ស្រាប់ កាន់តែ​ត្រូវបាន​ពង្រឹងពង្រីក​ទ្វេរ​ដង​ថែមទៀត សមស្រប​នឹង​ស្ថានការណ៍ ដែល​កំពុង​ឈានដល់​ការរីកចម្រើន​ក្នុងដំណាក់កាល​ថ្មី​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង