មេបញ្ជាការ​កងទ័ព រម្លឹក​ដល់​កងទ័ពជើងទឹក បន្ត​លើកកម្ពស់​ការប្រុងប្រយ័ត្ន និង​តាមដាន​ជាប់​ជាប្រចាំ ដោយ​បង្ក្រាប​ឲ្យ​បាន​ដាច់ខាត នូវ​រាល់​ឧបាយកល នៃ​ចលនា​បដិវត្តន៍​ពណ៌

(​ភ្នំពេញ​)៖ មេបញ្ជាការ​កងទ័ព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ក្រើនរម្លឹក​ដល់​កងទ័ពជើងទឹក​ទាំងអស់ ត្រូវ​បន្ត​លើកកម្ពស់​ការប្រុងប្រយ័ត្ន និង​តាមដាន​ជាប់​ជាប្រចាំ ដោយ​បង្ក្រាប​ឲ្យ​បាន​ដាច់ខាត នូវ​រាល់​ឧបាយកល នៃ​ចលនា​បដិវត្តន៍​ពណ៌ ដែល​មានបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បានលើកឡើង​ដូច្នេះ ក្នុង​ពិធី​បើក​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​បញ្ជាការ​កងទ័ព​ជើង​ទឹក​
​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម នាយ​ឧត្ដម​នារី ទៀ វិញ អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ បាន​លើកឡើងថា កងទ័ពជើងទឹក បាន​ចាត់​តាំងធ្វើ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ត្រួតពិនិត្យ​នូវ​រាល់​សកម្មភាព​ការងារ និង​បណ្តា​សមិទ្ធផល ដែល​សម្រេចបាន ទាំង​ចំណុចខ្លាំង និង​បញ្ហា​ប្រឈម​នានា ដោយ​ធ្វើការ​ប្រៀបធៀប​លទ្ធផល​ដែល​សម្រេចបាន នឹង​ផែនការ ការងារ​ដែល​បានដាក់​ចេញ​សំដៅ​រួមគ្នា លើកឡើង​នូវ​គោលការណ៍ និង​វិធានការ​សម្រាប់​អនុវត្ត​នាពេលខាងមុខ​បន្តទៀត​។

​ឯកឧត្តម បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩ កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ កងទ័ពជើងទឹក​បាន​យកចិត្តទុកដាក់ ប្រមូលផ្ដុំ​ដឹកនាំ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម ក្នុងនោះ​ភារកិច្ច​កិច្ចការពារ​បូរណភាព​ទឹកដី​។ កងទ័ពជើងទឹក​ក៏បាន​ពង្រឹង​ប្រៀប​ការពារ​ដែនទឹក កោះ ឆ្នេរ ដែនអាកាស និង​ធ្វើ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ បាន​ជាប់​ជាប្រចាំ​។ ជាមួយ​នោះ បាន​ចាត់តាំង​កម្លាំង និង​មធ្យោបាយ​ចេញ​ធ្វើ​សកម្មភាព ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​រក្សា​សន្តិសុខ ចូលរួម​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ ព្រមទាំង​ចេញ​ល្បាត​រួមគ្នា​នៅ​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ជាមួយ​កងទ័ពជើងទឹក​ប្រទេសជិតខាង​ផងដែរ​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម វង្ស ពិ​សេន បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងទ័ពជើងទឹក ដែល​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ បានសម្រេច​ភារកិច្ច​គួរ​ជាទី​មោទនៈ ទាំង​កិច្ចការពារ​បូរណភាព​ទឹកដី ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ក៏ដូចជា​ការហ្វឹកហ្វឺន និង​ថែទាំ​ជួសជុល​សម្ភារៈ​គ្រឿង​បំពាក់​។

​ឯកឧត្តម បាន​គូសបញ្ជាក់​ពី​សភាពការណ៍​ជាតិ អន្តរជាតិ ដែល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​សភាព​ប្រែប្រួល ស្មុគស្មាញ ដែល​ទាមទារ​ឲ្យ​នាយ​នា​វី ពល​នាវិក ទាំងអស់​ត្រូវ​លើកកម្ពស់​ការប្រុងប្រយ័ត្ន និង​តាមដាន​ជាប់​ជាប្រចាំ ក្នុងនោះ​បង្ក្រាប​ឲ្យ​បាន​ដាច់ខាត នូវ​រាល់​ឧបាយកល នៃ​ចលនា​បដិវត្តន៍​ពណ៌ ដែលមាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ទន្ទឹម​នោះ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ នាយ​នា​វី នាយ​នា​វី​រង និង ពល​នា​វឹក​កងទ័ពជើងទឹក​ទាំង​អស់ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ការកំណត់​ទិសដៅ​ភារកិច្ច​សម្រាប់​ពេលខាងមុខ នូវ​អ្វី​ដែលជា​ការចាំបាច់ ដើម្បី​ប្រមូលផ្ដុំ​ធ្វើការ​ដោះស្រាយ បង្កើន​ប្រសិទ្ធភាព​ការងារ​នៅតាម​កងឯកភាព មុននឹង​ធ្វើការ​ផ្សព្វផ្សាយ និង​ចាត់តាំង​អនុវត្ត​៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង