នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖កងយោធពលខេមរភូមិន្ទមានភារកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់និងប្រឆាំងដាច់ខាតពួកអមិត្តទាំងឡាយ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅអនុវត្ត ឆ្នាំ២០២០ របស់កងយោធពលខេមរភូមិន្ទ។ ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទយ៉ាងច្រើនផងដែរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីវាយតម្លៃអំពីចំណុចខ្លាំង និងចំណុចខ្សោយ នៃការអនុវត្តការងាររយៈពេលមួយឆ្នាំកន្លងទៅ និងពិភាក្សាផ្លាស់ប្តូរយោបល់ដកពិសោធន៍ កែលម្អចំណុចខ្វះខាត បញ្ហាប្រឈមនានាដែលមាន ព្រមទាំងដាក់ចេញ នូវទិសដៅភារកិច្ចឱ្យ កាន់តែសុក្រឹត្យសម្រាប់ពេលខាងមុខ ស្របពេលដែលកងយោធពលខេមរភូមិន្ទ បានបន្តភារកិច្ចដោយម៉ឺងម៉ាត់ ការពារខឿនឯករាជ្យយ៉ាងរឹងមាំ រក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម រួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងជាតិ និងលើកកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបន្តថា កងយោធពលខេមរភូមិន្ទ បានរួមសហការជាមួយនឹងកងនគរបាលជាតិ ធ្វើជាកម្លាំងស្នូលក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសបានរួមសហការយ៉ាងជិតស្និទ្ធ ជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ពួកឧទ្ទាម កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ កងយោធពលខេមរភូមិន្ទ រួមជាមួយប្រជាជននៅទូទាំងប្រទេស បានអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះខួបគម្រប់៦៦ឆ្នាំ នៃទិវាឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទដ៏មហោឡារិក ព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកដ៏សប្បាយរីករាយ គួបជាមួយនឹងការអបអរខួបលើកទី៤១ នៃការបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិ ខួបលើកទី២១ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងទៀតថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង និងអបអរសាទរយ៉ាងក្លៀវក្លា ចំពោះសមិទ្ធផលយ៉ាងធំធេង លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខលើការដឹកនាំនាវាកម្ពុជា ឱ្យមានសន្តិភាព និងអភិវឌ្ឍន៍។ នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានខិតខំប្រឹងប្រែងសម្រេចបានរាល់នូវភារកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ ព្រមជាមួយនេះ កិច្ចប្រជុំក៏សូមថ្លែងអំណរគុណដោយស្មោះ អស់ពីចិត្តចំពោះ សប្បុរសជន ក្រុមហ៊ុនឯកជន អង្គភាពសម្ព័ន្ធមេត្រីភាពទាំងឡាយ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការកសាងកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុជាតិនិងប្រជាជនយើង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នាជាកងយោធពលខេមរភូមិន្ទ មានភារកិច្ចដ៏ថ្លៃថ្លា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រឆាំងដាច់ខាតពួកអមិត្តទាំងឡាយ ដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ ដូច្នេះដើម្បីប្រមូលធាតុចូល និងជាគុណប្រយោជន៍ដល់ការដឹកនាំបញ្ជា និងគ្រប់គ្រងកងយោធពលខេមរភូមិន្ទ នៅក្នុងកិច្ចប្រជុំបូកសរុប នាឱកាសនេះ នាយឧត្តមសេនីយ៍ បានស្នើសុំឱ្យសមាជិកសមាជិកា ចូលរួមពិភាក្សាលើរបាយការណ៍ បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅអនុវត្ត ឆ្នាំ២០២០ ដោយផ្តោតការយកចិត្តទុកដាក់ ធ្វើការសន្និដ្ឋានអំពីសភាពការណ៍ទូទៅ ក្នុងកងយោធពលខេមរភូមិន្ទ ក្នុងបរិការណ៍នៃការប្រែប្រួលសភាពការណ៍ នៅក្នុងតំបន់ និងពិភពលោក នាឆ្នាំ២០២០នេះ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំរបស់យើងក៏ត្រូវយកចិត្តទុកដាក់ ពិនិត្យនូវការកំណត់ទិសដៅភារកិច្ចសម្រាប់ពេលខាងមុខ តើមានអ្វីត្រូវបំពេញបន្ថែម ឬក៏មានសំណូមពរអ្វីចាំបាច់ ដើម្បីប្រសិទ្ធភាពការងារនៅតាមកងឯកភាព និងស្ថាប័នមុនពេលផ្សព្វផ្សាយ និងចាត់តាំងអនុវត្ត?។សូមរំលឹកនូវប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ខឿនការពារជាតិរបស់កម្ពុជា ជាខឿនការពារជាតិ ដែលផ្អែកលើប្រជាជជន ដោយមានកងយោធពលខេមរភូមិន្ទជាស្នូល។ កងទ័ពកើតឡើងដោយសារប្រជាជនជារបស់ប្រជាជន បម្រើប្រជាជន និងរួមសុខរួមទុក្ខជាមួយនឹងប្រជាជន នៅគ្រប់កាលៈទេសៈ។ ពេលប្រជាជនមានទុក្ខលំបាក កងទ័ពត្រូវមានមុខជានិច្ចជាមួយប្រជាជន ហើយរាល់ជ័យជំនះរបស់កងទ័ព ក៏ជាជ័យជំនះរបស់ប្រជាជនដែរ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង