ជនរងគ្រោះម្នាក់ត្រូវបានសម្លាប់ ក្នុងករណីចិនចាប់ជំរិតចិននៅស្រុកអង្គស្នួល ខណៈនគរបាលចាប់ខ្លួនបានពីរនាក់

(ភ្នំពេញ) ៖ ឈានមកដល់រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលចម្រុះបានបំបែកសំណុំរឿង ជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នា ដែលបានកើតមានឡើងនៅស្រុកអង្គស្នួល ខេត្តកណ្ដាល បន្ទាប់ពីបានស្រាវជ្រាវអស់ជាច្រើនថ្ងៃ ។

ជាមួយនឹងប្រតិបត្តិការបង្រ្កាបករណីជនជាតិចិន ចាប់ជំរិតជនជាតិចិននេះ កម្លាំងនគរបាល ឃាត់ខ្លួនបានជនដៃដល់ ២នាក់ នៅម្ដុំរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែគួរឱ្យសោកស្តាយ ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យ សម្លាប់រួចបាត់ទៅហើយនៅក្នុងរថយន្ដ។

តាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីចាប់ជំរិតជនជាតិចិន នៅស្រុកអង្គស្នូល កម្លាំងជំនាញនៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន សហការជាមួយនគរបាល រាជធានីភ្នំពេញ និងនគរបាលខេត្តកណ្ដាល តាមស្រាវជ្រាវរហូតប្រទះឃើញជនសង្ស័យនៅម្ដុំរង្វង់មូលចោមចៅ។

លោកវរសេនីយ៍ឯក ជាវ វិបុល បានអះអាងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យ ២នាក់ ជាជនជាតិចិន ខណៈជនរងគ្រោះដែលជាជន ជាតិចិនដូចគ្នា ត្រូវបានគេសម្លាប់ដាក់ខាងក្រោយគូថឡាន ម៉ាក Lexus LX470 ពាក់ស្លាកលេខភ្នំពេញ2L-8689 ដែលជាមធ្យោបាយធ្វើសកម្មភាពចេញពីខេត្តកណ្ដាល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំបន្ដ ខណៈមូលហេតុ នៃករណីចាប់ជំរិតមិនទាន់ដឹងច្បាស់នៅឡើយទេ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង