ផ្ទុះការរិះគន់នាយពាក់មី បើកបរគ្មានពាក់មី ត្រូវប៉ូលិសពិន័យ! ស្តាប់ការបកស្រាយរបស់នាយពាក់មី (Video Inside)

(សិល្បៈ)៖ កំពូលតារាកំប្លែងប្រចាំប្រទេសកម្ពុជា នាយពាក់មី បានបង្ហោះសារមួយនៅលើផេកហ្វេសបុក នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ដោយបញ្ជាក់ថា ខ្លួនត្រូវបានប៉ូលិសចរាចរណ៍នៅខេត្តបាត់ដំបង ផាកពិន័យអស់ទឹកប្រាក់ចំនួន ៤០ម៉ឺនរៀលដោយសារតែបើកលើសល្បឿនកំណត់ និងគ្មានប័ណ្ណបើកបរ។

នាយពាក់មី បានសរសេររៀបរាប់ក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា «ប៉ូលិសចរាចរណ៏ នៅបាត់ដំបង ចាប់អស់៤០ម៉ឺនរៀល មើលមុខ ប៉ូលិសញញឹម សូមបងប្អូនប្រយ័ត្នអស់លុយដូចខ្ញុំ (ចាប់ល្បឿន និងប័ណ្ណបើកបរ)»។

ជាមួយនឹងការបញ្ជាក់របស់ នាយពាក់មី បែបនេះ ក៏មានអ្នកគាំទ្រជាច្រើនបញ្ចេញមតិកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការចែករំលែកនេះ ប៉ុន្តែក៏មានមតិរិះគន់មួយចំនួនទៅលើរូបលោក ដោយអ្នកខ្លះលើកឡើងថា ជាតារាល្បី ហេតុអ្វីបើកបរលើសល្បឿនកំណត់ ហេតុអ្វីគ្មានប័ណ្ណបើកបរ? ជាពិសេស ភាគច្រើនរិះគន់ថា «ពាក់មី បើកឡាន អត់មាន ពាក់មី»។

ឆ្លើយយតបទៅនឹងការរិះគន់នេះ នាយពាក់មី ក៏បានបង្ហោះវីដេអូមួយឃ្លីបជាង៤នាទី ដើម្បីបកស្រាយនិង រៀបរាប់អំពីហេតុការណ៍លំអិត។ នាយពាក់មី បានអះអាងថា ឡានខ្លួនពិតជាត្រូវបានប៉ូលីសផាកពិន័យ ដោយសារតែ ការបើកបរលើសល្បឿននិងគ្មានបណ្ណបើកបរពិតមែន ប៉ុន្តែពេលនោះ គឺរូបលោកមិនមែនជាអ្នកបើកនោះទេ។

ចង់ជ្រាបច្បាស់សូមតាមដានការបញ្ជាក់របស់នាយពាក់មី ក្នុងវីដេអូខាងក្រោមនេះ៖

ទោះមានគេជេបន្តិចមែន​ តែក៏បានផុសអោយបងប្អូនបានដឹង​ ដេីម្បីកុំអោយខុសច្បាប់ប៉ូលិសចាប់អស់លុយដែ​ 40មុឺន​ កាត់ព្រឹក😄

Posted by Pek Mi CBS on Tuesday, 21 January 2020

នាយពាក់មី ក៏បានអះអាងថា មូលហេតុដែលជំរុញឱ្យខ្លួនបង្ហោះរូបភាពនិងវីដេអូ ពាក់ពន្ធ័នឹងករណី នគរបាលចរាចរណ៍ ផាកពិន័យនោះ គីធ្វើឡើងក្នុងគោលបំណងអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ ការពារគ្រោះថ្នាក់ផង និងមិនអស់លុយផង ព្រោះថា លុយ៤០ម៉ឺនរៀល គឺមានចំនួនច្រើនដែរ គឺលោកអាណិតបងប្អូន ដែលគាត់មិនដឹង។ នាយពាក់មី បន្ថែមថា ក្នុងខែមករា ឆ្នាំ២០២០នេះ ខ្លួនត្រូវបាននគរបាលចរាចរណ៍ផាកពិន័យចំនួន២ដង ហើយដែលលើកទី១ កាលពីថ្ងៃទី០១ ខែមករា នៅខេត្តស្វាយរៀង៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង