តុលាការក្រុងភ្នំពេញ ស្អែកនេះ នឹងបើកសវនាការកាត់ទោសជនក្បត់ជាតិ កឹម សុខា ករណីធ្វើសកម្មភាព​នយោបាយបម្រើបរទេស

(ភ្នំពេញ)៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្អែកនេះ នឹងបើកសវនាការជំនុំជម្រះទោសជនក្បត់ជាតិ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដើម្បីបន្តសួរដេញដោលជុំវិញផែនការ និងសកម្មភាព​នយោបាយបម្រើផលប្រយោជន៍បរទេសហើយបំផ្លាញជាតិឯង។

យោងតាមការគ្រោងទុក សវនាការនៅថ្ងៃស្អែនេះ នឹងផ្តោតទៅលើ​សកម្មភាព​នយោបាយក្បត់ជាតិរបស់លោក កឹម សុខា ដដែលដូចសវានាការ កាលពីសប្តាហ៍មុន ដែលសកម្មភាពទាំងនោះ មាននៅ​ក្នុង​វីដេឃ្លីបផ្សេងៗ បង្ហាញពីជនបរទេសគាំទ្រទាំងមធ្យោបាយ បច្ចេកទេស និងធនធាន​ហិរញ្ញវត្ថុ​ ដើម្បីរៀបចំផែនការនេះ។

សូមរំឭកថា មេធាវីការពាររដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែមករា​​​ ឆ្នាំ២០២០ បានប្រាប់អ្នកសារព័ត៌មានថា យ៉ាងហោចណាស់ មានប្រទេស៩ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា រួមមាន ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្រ្តាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា។ ក្រៅពីនេះ ក៏មានពាក់ព័ន្ធអង្គការអន្តរជាតិ និងបុគ្គលជាជនបរទេសមួយចំនួនទៀតដែរ តែលោកសុំមិនបញ្ចេញឈ្មោះ។

ចៅក្រមនៅក្នុងសវនាការសំណុំរឿងអ្នកនយោបាយក្បត់ជាតិនេះ​​​ មានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយមានចៅក្រម​ប្រឹក្សា ២រូបទៀត គឺលោក​​​ សេង លាង និងលោក ធាម ច័ន្ទពិសិដ្ឋ។ រីឯតំណាងអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ មានលោកព្រះរាជអាជ្ញារងពីររូប គឺលោក វង្ស​ ប៊ុនវិសុទ្ធ និងលោក ប្លង់​ សុផល។

ចំណែកមេធាវី​បួនរូប មានលោក ផែង ហេង, លោក ចាន់ ចេន, លោក ផាន់ ចាន់សាក់ និង​លោកស្រី ម៉េង សុធារី គឺជាមេធាវីការពារសិទ្ធិលោក កឹម សុខា នៅក្នុងសវនាការនេះ។ រីឯក្រុម​មេធាវី​​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​​លោក​មេធាវី គី តិច​៕

SWIFT NEWS- ផាន់ អាណា

 

 

 


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង