បន្ទាប់ពី​ទទួល​ខ្សែក​ពេជ្រ និង​ម៉ូតូ​ពី​ម្ចាស់​ហាង ទ្រី ដា​ណា នៅពេលនេះ ប្អូនស្រី ស្រ៊ុន កែវ​មរកត ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​!

(​ភ្នំពេញ​)៖ កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២០ ខែមករា ឆ្នាំ​២០២០ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បាន​ចាត់​ឱ្យ​លោកជំទាវ សោម សេរី​វឌ្ឍន៍ នាយិកា នាយកដ្ឋាន​ធនធានមនុស្ស​កាកបាទ​ក្រហម​កម្ពុជា និង​មន្ដ្រី​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​យុវតី ស្រ៊ុន កែវ​មរកត អាយុ ១៦ ឆ្នាំ ជា​យុវជន​កាកបាទក្រហម​កម្ពុជា និង​ជា​សិស្ស​រៀន​ថ្នាក់​ទី​៨C1 នៃ​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ ដែល​រងគ្រោះ​ដោយសារ​ផ្ទុះ​អំពើហិង្សា​ពី​សំណាក់​យុវតី ៤​នាក់ វាយដំ​យ៉ាងដំណំ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកជំទាវ​ក៏បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ជូន​ចំពោះ​យុវតី​រងគ្រោះ និង​ក្រុមគ្រួសារ ដែល​រង​ទុក្ខ​ដោយសារ​ការវាយដំ បំពាន​លើ​រាងកាយ និង​ផ្លូវចិត្ត​យ៉ាង​ព្រៃផ្សៃ ដោយ​ចេតនា​ពី​សំណាក់​យុវតី​ទំនើង ៤​នាក់ ក្នុងនោះ យុវតី ១​នាក់ កំពុង​សិក្សា​នៅក្នុង​វិទ្យាល័យ​ជាមួយ​យុវតី​រងគ្រោះ និង​យុវតី ៣​នាក់​ទៀត ជា​សិស្ស​មកពី​វិទ្យាល័យ​ខាងក្រៅ​។

​កាកបាទក្រហមកម្ពុជា បាន​បញ្ជាក់ថា «​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ បើ​មាន​ករណី​រងគ្រោះ​នានា ដោយសារ​រំលោភបំពាន លើ​រាងកាយ ផ្លូវចិត្ត ផ្លូវភេទ ពលរដ្ឋ​ក្រីក្រ រង​ទុក្ខលំបាក​នានា កាកបាទក្រហមកម្ពុជា តែងតែ​នៅ​ជាមួយ ដោយ​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​»​។​

​ដើម្បី​ជាការ​លើកទឹកចិត្ត និង​ផ្ដល់​កម្លាំងចិត្ត​ដល់​យុវតី​រងគ្រោះ កុំឱ្យ​បាក់​ទឹកចិត្ត មាន​វិបត្តិ​ផ្លូវចិត្ត​ពី​ការគំរាមកំហែង កាកបាទក្រហមកម្ពុជា ផ្ដល់នូវ​អំណោយ​មួយចំនួន រួមមាន មី​ជាតិ ១​កេស ត្រីខ ១០​កំប៉ុង ស្កសរ ២​គីឡូក្រាម ទឹកដោះគោឆៅ ១​ឡូ ឃី​ត​១(​សា​រ៉ុង​១ ក្រមា​១ មុង​១ ភួយ​១) និង​ថវិកា​មួយចំនួន​ផងដែរ​។​

​កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែមករា ឆ្នាំ​២០២០ លោកស្រី ទ្រី ដា​ណា ម្ចាស់​ហាង​ពេជ្រ ដា​ណា បាន​ជួប​ផ្ទាល់​ជាមួយ​ប្អូនស្រី ស្រ៊ុន កែវ​មរកត ហើយ​បាន​ផ្តល់នូវ​ខ្សែក​ពេជ្រ​មួយ​ខ្សែ និង​ម៉ូតូ​ទំនើប​ថ្មី​មួយគ្រឿង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ប្អូនស្រី​រងគ្រោះ ឲ្យ​រឹងមាំ និង​បន្ត​ខិតខំ​រៀនសូត្រ​តទៅទៀត​។​

​ហេតុការណ៍ វាយ​ធ្វើបាប​ប្អូនស្រី ស្រ៊ុន កែវ​មរកត ត្រូវបាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។ ភ្លាមៗ ក្មេងស្រី​សិស្សសាលា​ទំនើង ៤​នាក់ ត្រូវបាន​ចាប់ខ្លួន ហើយ​នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ ក៏មាន​ការសម្របសម្រួល ដោះស្រាយ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ក្រុម​ក្មេងស្រី​ទាំងនោះ បាន​សង​សំណង​ជំងឺ​ចិត្ត ២០០០ ដុល្លារ ដល់​ក្មេងស្រី​រងគ្រោះ និង​បាន​សុំទោស ហើយ​សន្យា​ឈប់​ធ្វើអំពើ​ល្មើស​ដូច្នេះ​ទៀតហើយ​។ ប៉ូលិស​បាន​ថតរូប និង​ថត​វិ​ដេ​អូ​ពី​ការសុំ​ទោស​របស់​ក្រុម​ក្មេងស្រី​ទាំង ៤​នាក់​នោះ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយក៏​ត្រូវ​ដោះលែង​មកវិញ​។​

​ប៉ុន្តែ​នៅ​ព្រលប់​ថ្ងៃទី​១៧​មករា ក្មេងស្រី​រងគ្រោះ មិន​សុខចិត្ត ហើយ​ស្នើ​ដល់​តុលាការ បន្ត​ចំណាត់ការ​តាមច្បាប់​លើ​ក្រុម​ក្មេងស្រី​ទាំង ៤​នាក់ ដោយសារ​នាង​អះអាងថា នាង​នៅតែ​ភ័យ​តក់ស្លុត និង​ខ្លាច​ក្រុម​ក្មេងស្រី​ទាំងនោះ វាយ​ធ្វើបាប​នាង​ទៀត​។​

​ឪពុក​ក្មេងស្រី​រងគ្រោះ លោក ឈិន សោ​ភណ្ឌ ក៏បាន​ប្រកាស ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​មាន​សមត្ថកិច្ច និង​តុលាការ ឲ្យ​ចាត់វិធានការ​តាមច្បាប់ លើ​ក្រុម​ក្មេងស្រី​ទាំង ៤​នាក់​។

​ប៉ុន្តែ​មកដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ មិនទាន់មាន​ចំណាត់ការ​ផ្លូវច្បាប់​ណាមួយ​ពី​តុលាការ​នៅឡើយ​ទេ​។ ក្រៅតែពី​លោក​ពេជ្រ​ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​សរសេរ​លិខិត​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដើម្បី​ស្នើសុំ​អន្តរាគមន៍​លើ​សំណុំរឿង​អំពើហិង្សា​នេះ ដើម្បី​កុំ​ឲ្យ​ក្មេងៗ​ដទៃទៀត យកតម្រាប់​តាម​។ ពោលគឺ​កុំ​ឲ្យ​គ្រាន់តែ​វាយតប់​ទាត់​ធាក់​ហើយ បង់លុយ ចប់​រឿង​ដូច្នេះ​៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង