ក្រសួងអធិការកិច្ចបង្កើតកម្មវិធីទទួលពាក្យបណ្តឹងតាមអនឡាញ​ និងបណ្ណាល័យអេឡិចត្រូនិក​ ដើម្បីឲ្យប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹង​ និងមើលឯកសារច្បាប់​កាន់តែ​ងាយស្រួល​

(ភ្នំពេញ)៖ នៅក្នុងដំណាក់កាលនៃកាវិវត្តន៍វិស័យឌីជីធល និងដើម្បីបំរើសេវាកម្មឱ្យកាន់តែល្អប្រសើរ​ជូនប្រជាពលរដ្ឋ ក្រសួងបានតម្លើងកម្មវិធីទទួលពាក្យបណ្តឹងអនឡាញ និងគ្រោងដាក់ឱ្យប្រើប្រាស់អ៊ីបណ្ណាល័យ ដែលប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹង និងមើលឯកសារច្បាប់នានាតាមកុំព្យូទ័រ និងទូរ​ស័ព្ទដៃបានយ៉ាងងាយស្រួល។ នេះបើតាមការឲ្យដឹងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ​២០១៩ និងផែនការទិសដៅការងារសំរាប់អនុវត្តឆ្នាំ២០២០ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនា​ក់ទំនងជាមួយរដ្ឋភា-ព្រឹទ្ធសភា និងអធិការកិច្ច និងបានដំណើរការអស់រយៈពេលពេញមួយថ្ងៃ នៅសណ្ឋាគារសុខាភ្នំពេញ។

ជាមួយគ្នានេះ លោកជំទាវ ម៉ែន សំអន បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោមនេះ៖

១. ដោយសារការផ្សព្វផ្សាយច្បាប់ ជាតម្រូវការចាំបាច់ ក្រុមការងារក្រសួងត្រូវបន្តយុទ្ធនាការអប់រំ និងផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយគ្រប់២៥ រាជធានី-ខេត្ត ជាពិសេសទៅ តាមទីប្រជុំជន និងជនបទដាច់ស្រយ៉ាល និងជម្រុញការងារសិក្សាស្ទាបស្ទង់មតិ (Survey) ដោយបណ្តុះបណ្តាលពីវិធីសាស្ត្រ នៃការសិក្សាស្ទាបស្ទង់ និងការវិភាគទិន្នន័យដល់មន្រ្តីដែលពាក់ព័ន្ធ ដើម្បីធ្វើរបាយការណ៍ នៃលទ្ធផលដែលរកឃើញពីការស្ទាបស្ទង់ទាំងនោះ។

២. ត្រូវអនុវត្តបន្តនូវកម្មវិធី ទទួលពាក្យបណ្តឹងអនឡាញ និងបណ្ណាល័យ អេឡិចត្រូនិក (e-Library) ដែលតាមរយៈកម្មវិធីទាំងនោះ ប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងអាចមើលឯកសារច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តិនានាតាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួល។ ការអនុវត្តកម្មវិធីគឺជាការសម្រួលការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

៣. ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេត ស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ តាមរយៈការរកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និង​ឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។ រាល់ពាក្យបណ្តឹងដែលបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធពិនិត្យដោះស្រាយ ត្រូវតាមដាន ស៊ើបសួរព័ត៌មានអំពីវឌ្ឍភាព នៃការដោះស្រាយឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា រួចជូនព័ត៌មានទៅដើមបណ្តឹងវិញ។ ទង្វើនេះបង្ហាញពីការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ដែលជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ។

៤. វិទ្យាស្ថានជាតិអធិការកិច្ចត្រូវចំខ្លឹមសារ កម្មវិធីបណ្តុះបណ្តាលថ្នាក់បថម ថ្នាក់មធ្យម និងថ្នាក់ឧត្តម លើជំនាញអធិការកិច្ច និងជំនាញពាក់ព័ន្ធ។ វិទ្យាស្ថាន ក៏ត្រូវបណ្តុះបណ្តាលមុខជំនាញផ្សេងបន្ថែម ក្រៅពីអធិការកិច្ច ដូចជា ជំនាញអប់រំផ្សព្វផ្សាយច្បាប់ ជំនាញការសិក្សាស្រាវជ្រាវ ជំនាញវាយតម្លៃ ជំនាញផ្នែកស្ទាបស្ទង់មតិ និងជំនាញផ្សេងៗទៀត ដែលជាតម្រូវការចំាំបាច់របស់ក្រសួង។

៥. ក្នុងពេលបំពេញបេសកកម្មចុះធ្វើអធិការកិច្ច មន្ត្រី ឬភ្នាក់ងារអធិការកិច្ច ត្រូវគោរពឲ្យបានខ្ជាប់​ខ្ជួន និងម៉ឺងម៉ាត់ នូវក្រមសីលធម៌មន្ត្រីរាជការអធិការកិច្ច ដែលបានដាក់ចេញរួចហើយ។ ត្រូវ​មាន​ភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយយកច្បាប់ជាធំ។ ត្រូវមានឯកសណ្ឋាន ដូចដែលក្រសួងបានណែនាំរួចហើយ និងត្រូវអនុវត្តឱ្យបានល្អ តាមអភិក្រមទាំងប្រាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ “ឆ្លុះ​កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដែលយើងត្រូវចងចាំជានិច្ច។

៦. ទោះជាមានស្ថាប័នច្រើន មានភារកិច្ចស្រដៀងគ្នា ឬត្រួតគ្នាក៏ដោយ យើងត្រូវតែពន្យល់ពីសារៈសំខាន់​នៃការងារអធិការកិច្ច ដែលជាស្ថាប័នត្រួតពិនិ្យ ជម្រុញអភិបាលកិច្ចនិងប្រសិទ្ធភាពការងារ
ដល់ស្ថាប័នផ្សេងៗទៀតឱ្យយល់ និងត្រូវកែទស្សនៈដែលខុសឆ្គងពី “ការងារត្រួតគ្នា“ ទៅជា “ការងារបំពេញបន្ថែមគ្នាទៅវិញទៅមក” ដើម្បីរាជរដ្ឋាភិបាលតែមួយ។

៧. បង្កើនប្រសិទ្ធិភាព គុណភាពមន្ត្រីអ្នកនាំពាក្យ ឲ្យបានគ្រប់មន្ទីរខេត្ត រាជធានី ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ថា កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង