ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការផ្តួចផ្តើមគំនិតអាចជារឿងងាយ ប៉ុន្តែការលំបាកគឺការប្រែក្លាយគំនិតនេះឱ្យទៅជាសកម្មភាព

(ភ្នំពេញ) ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរខួប ១០ ឆ្នាំ របស់សមាគមយុវជនក្រុម៨ ដែលបានប្រារព្ធឡើង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។មានប្រសាសន៍នាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការចូលរួមអបអរសាទរចំពោះខួប ១០ ឆ្នាំ នៃការបង្កើតសមាគមយុវជនក្រុម ៨ ដែលជា ១០ ឆ្នាំពោរពេញទៅដោយសមិទ្ធិផល និងសកម្មភាពជាច្រើន និងសូមកោតសរសើរដល់បងប្អូនយុវជនសមាជិក សមាជិកា ក្រុម ៨ ទាំងអស់ ដែលបានចូលរួមជួយជំរុញចក្ខុវិស័យរបស់ សមាគមយុវជនក្រុម ៨ ឱ្យទៅជាសកម្មភាពការងារជាក់ស្តែងក្នុងការចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យមានជីវភាព រស់នៅល្អប្រសើរ និងកាន់តែរីកម្រើន។ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា មិនមែនជាការងាយស្រួលសោះឡើយ ក្នុងការផ្ទេរគំនិតឱ្យទៅជាសកម្មភាព ហើយធ្វើឱ្យជោគជ័យ។ អ្វីៗត្រូវចាប់ផ្តើមពីការមានគំនិត ដែលអាចងាយនឹងផុសឡើង ប៉ុន្តែការលំបាក គឺការប្រែក្លាយគំនិតនេះ ឱ្យទៅជាសកម្មភាព, ធ្វើឱ្យសកម្មភាពនេះដំណើរការទៅមុខ, និងទទួលបានការរីកចម្រើនជោគជ័យ ដោយរក្សាបាននិរន្តភាពយូរអង្វែង។ ទាំងនេះ គឺទាមទារឱ្យមានចក្ខុវិស័យរួម, ឆន្ទៈរួម, ការសាមគ្គីគ្នាដោយផ្អែកលើគោលដៅ រួម ហើយនីតិវិធីក្នុងការអនុវត្ត យើងអាចកែសម្រួលជាប្រចាំឱ្យសមស្រប និងឱ្យចំគោលដៅ។ឯកឧត្តម ហ៊ុន ម៉ាណែត ចាត់ទុកថា គន្លឹះជោគជ័យរបស់សមាគមយុវជនក្រុម ៨ ក៏មិនខុសពីកត្តាជោគជ័យរបស់ក្រុមហ៊ុន, សាលារៀន, សា្ថប័នរដ្ឋ ឬកងទ័ពឡើយ សំខាន់ គឺត្រូវមានចក្ខុវិស័យ និងទិសដៅច្បាស់លាស់។ មានចក្ខុវិស័យត្រឹមត្រូវ ទើបអាចកៀរគរអ្នកដែលមានទស្សនៈដូចគ្នាមកចូលរួមបាន។ ចក្ខុវិស័យជាកត្តាកំណត់ទាញឱ្យមានការគាំទ្រ, ការចូលរួម និងសកម្មភាពច្រើន។ ជាក់ស្តែងសមាគមបានចាប់ផ្តើមតាំងពីសមាជិក ៩ នាក់ មកទល់ថ្ងៃនេះ មានសមាជិកកើនដល់ជិត ២០០ រយនាក់ ហើយក្នុងនោះបានធ្វើសកម្មភាពប្រកបដោយស្មារតីលះបង់ខ្ពស់ និងបានចូលរួមបរិច្ចាគកម្លាំងកាយចិត្ត និងធនធានថវិកាផ្ទាល់ខ្លួន ជួយដល់ប្រជាពលរដ្ឋបានរាប់ពាន់រាប់ម៉ឺននាក់។ ការចាប់ផ្តើមពីតូច ប៉ុន្តែពុះពាររក្សាសកម្មភាព ការងារឱ្យបានដូចភ្លៀងរលឹមនេះ បានចូលរួមចំណែកសំខាន់ណាស់ ក្នុងការរក្សា និងជួយជំរុញទស្សនវិស័យឱ្យមាន និរន្តរភាព ដោយមិនចប់ត្រឹមជំនាន់យើងនេះទេ គឺត្រូវកសាងយន្តការ និងពង្រឹងប្រព័ន្ធការងារ ដើម្បីបន្តវេនឱ្យអ្នកជំនាន់ក្រោយៗទៀតផងដែរ។ជាថ្មីម្តងទៀត ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរស្មារតីនៃកិច្ចខិតខំប្រឹងប្រែងទាំងឡាយកន្លងមក របស់សមាគមយុវជនក្រុម ៨ ដែលតែងនៅជាមួយប្រជាពលរដ្ឋជាប់ជាប្រចាំ និងសូមលើកទឹកចិត្តឱ្យបន្តបន្តចក្ខុវិស័យនេះ បន្តសកម្មភាពនេះ និងបន្តស្មារតីនេះទៅមុខឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជួយសង្គមជាតិយើង។ស្របជាមួយនឹងភាពជោគជ័យរបស់សមាគមយុវជនក្រុម ៨ នេះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា នៅគ្រប់ប្រទេសលើសាកលលោក អង្គការ-សមាគម មានតួនាទីជួយបំពេញបន្ថែមដល់ ការងាររបស់រដ្ឋាភិបាល ដែលតែងប្រឈមនឹងការលំបាកក្នុងការបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ទាំងអស់។ យ៉ាងណាក៏ដោយ អង្គការ-សមាគម ក៏មិនអាចដើរតួនាទីជំនួសរដ្ឋាភិបាលបានដែរ ដោយរដ្ឋាភិបាលត្រូវដើរតួនាទី សំខាន់ក្នុងគិតគូរវិនិយោគលើការអភិវឌ្ឍរយៈពេលវែងសម្រាប់ប្រជាជន។ ដូច្នេះ វាជាកិច្ចការសំខាន់ផងដែរ ដែលអង្គការ-សមាគមអាចចូលរួមបំពេញបន្ថែមជាមួយរដ្ឋាភិបាល ជួយដោះស្រាយការលំបាកបន្ទាន់ចំពោះមុខពិតប្រាកដរបស់ប្រជាជន និងបន្តគិតគូរអំពីអនាគតរយៈពេលវែងជូនពួកគាត់។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានខិតខំណាស់ ក្នុងការកៀរគរលើកទឹកចិត្តឱ្យអង្គការ-សមាគមទាំងក្នុង និងក្រៅ ចូលរួមជាយន្តការជួយដល់ប្រជាពលរដ្ឋយើង ដោយគ្មានការរើសអើង ពីព្រោះគោលបំណងដ៏ធំបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺដឹកនាំប្រទេសចង់ឱ្យប្រជាពលរដ្ឋមានមានជីវភាពរស់នៅល្អប្រសើរ, ប្រទេសជាតិមានសន្តិភាពចៀសផុតពីទុក្ខវេនា, មានចំណេះដឹង, មានការងារធ្វើ និងមានអនាគតល្អរុងរឿង៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង