វិភាគៈ មុននឹងចាកចេញ លោក ស៊ី ជីនពីង ស្តីបន្ទោសអន្តរជាតិថា អយុត្តិធម៌ និងគ្មានសមត្ថភាពក្នុងទំនាក់ទំនងជាមួយសហភាពមីយ៉ានម៉ា

ប្រធានាធិបតិរបស់ប្រទេសចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃកាលពីថ្ងៃសៅរ៍ ទី១៨ មករានេះនៅសហភាពមីយ៉ានម៉ា ហើយមុននឹងចាកចេញពីប្រទេសសមាជិកអាស៊ានមួយនេះ លោក ស៊ី បានស្តីបន្ទោសសហគមន៍អន្តរជាតិថា អយុត្តិធម៌ និងគ្មានសមត្ថភាពក្នុងទំនាក់ទំនងជាមួយមីយ៉ានម៉ា ។

អយុត្តិធម៌ និងគ្មានសមត្ថភាព គឺប្រធានាធិបតីចិនរូបនេះ ចង់សំដៅលើសហគមន៍អន្តរជាតិ ដែលបានដាក់ទណ្ឌកម្មសហភាពមីយ៉ានម៉ាពីបទបង្ក្រាបជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា កាលពីឆ្នាំ២០១៧កន្លងទៅ ដែលបណ្តាលអោយជនមូស្ល៊ីមរ៉ូហ៊ីងយ៉ាប្រមាណជាង៧៣ម៉ឺននាក់ បានរត់ភៀសខ្លូនទៅកាន់ប្រទេសបង់ក្លាដែស ដែលជាប្រទេសជិតខាង ។

លោក ស៊ី ជីនពីង បានស្តីបន្ទោសសហគមន៍អន្តរជាតិបែបនេះ ជាការលើកទឹកចិត្ដមេដឹកនាំមីយ៉ានម៉ា ដែលត្រូវប្រឈមមុខនឹងតុលាការយុត្តិធម៌អង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយនេះ ក្នុងការសម្រេចថាតើត្រូវចាត់វិធានការបន្ទាន់ ឫអត់ប្រឆាំងនឹងមីយ៉ានម៉ា ទៅតាមការចោទប្រកាន់មីយ៉ានម៉ាពីបទប្រល័យពូជសាសន៍ ។

ក្រៅពីលើកទឹកចិត្តមេដឹកនាំមីយ៉ានម៉ាដោយស្តីបន្ទោសសហគមន៍អន្តរជាតិ លោក ស៊ី ជីនពីង ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣៣ផងដែរ ដែលជាគម្រោងអភិវឌ្ឍន៍ក្នុង គោលដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពមួយនេះ ដែលជាប្រទេសគន្លឹះដ៏សំខាន់ក្នុងការបើកច្រកលើគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ (one belt one road) ឫផ្លូវសូត្រចិន (Silk road) ដែលត្រូវជាគំនិតផ្តួចផ្តើមឡើងដោយផ្ទាល់ពីប្រធានាធិបតីចិនរូបនេះ ។

ចិនមានគម្រោងស្ថាបនាគន្លងផ្លូវសេដ្ឋកិច្ចដ៏សំខាន់ដោយតភ្ជាប់ពីចិនទៅមហាសមុទ្ទឥណ្ឌា ដែលជាប្រធានបទប្រមុខដឹកនាំចិនត្រូវជជែកពិភាក្សាជាមួយមេដឹកនាំមីយ៉ានម៉ាក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងនេះ ។

មេដឹកនាំសហភាពមីយ៉ានម៉ា ហាក់ដូចជាកំពុងទទួលភាពកក់ក្តៅខ្លាំងពីការគាំទ្ររបស់រដ្ឋាភិបាលចិន ខណៈដែលសហភាពមួយនេះកំពុងឯកាកាន់តែខ្លាំងលើឆាកអន្តរជាតិ ក្រោយពីបានធ្វើទុក្ខបុកម្នេញលើជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា ប៉ុន្តែជាមួយនឹងផែនការវិនិយោគធំៗដែលមានតម្លៃរាប់សិបពាន់លានដុល្លារអាមេរិក គឺចិនកំពុងធ្វើឱ្យមីយ៉ានម៉ារំពឹងលើឥទ្ធិពលខ្លួនកាន់តែខ្លាំងឡើងៗលើវិស័យសេដ្ឋកិច្ច ជាពិសេសគឺគម្រោងអភិវឌ្ឍន៍ ។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នេះ ត្រូវបានធ្វើឡើងនៅចំថ្ងៃខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងសហភាពមីយ៉ានម៉ា ហើយវត្ថុបំណងធំជាងគេរបស់ប្រធានាធិបតីចិន គឺការពន្លឿនផែនការអភិវឌ្ឃន៍ និងទម្លុះទម្លាយឧបសគ្គដែលធ្វើអោយរាំងស្ទះដល់គម្រោងសាងសង់ផ្លូវពាណិជ្ជកម្មថ្មីក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ។

ដើម្បីពន្លឿនផែនការអភិវឌ្ឍន៍ លោក ស៊ី ជីនពីង បានកាន់កញ្ចប់ថវិកាដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកទៅតាមខ្លួនផងដែរក្នុងដំណើរទស្សនកិច្ចនេះ ដែលប្រធានាធិបតីចិនរូបនេះ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្លឹមៗបំផុតមួយចំនួន គឺគម្រោងបង្កើតតំបន់ឧស្សាហកម្មពិសេស និងគម្រោងសាងសង់កំពង់ផែ ដែលមានទំហំទឹកប្រាក់ប្រមាណ១ពាន់៣រយលានដុល្លារអាមេរិកនៅភាគខាងលិចនៃសហភាពមីយ៉ានម៉ា ។

លើសពីគម្រោងទាំងពីរនេះ ចិននឹងបង្ហើយកិច្ចព្រមព្រៀងសាងសង់ផ្លូវរថភ្លើងប្រវែង ១៧០០គីឡូម៉ែត្រ តភ្ជាប់ពីក្រុងកំពង់ផែ Kyaukpyu របស់មីយ៉ានម៉ាទៅកាន់ទីក្រុង Kumming នៃខេត្តយូណាមរបស់ប្រទេសចិន ។

ម្រោងនេះជាការពង្រឹងសេដ្ឋកិច្ចតំបន់ខាងលិចមីយ៉ានម៉ា ហើយផ្លូវរថភ្លើងត្រូវឆ្លងកាត់តំបន់ភ្នំភាគខាងជើងមីយ៉ានម៉ាផង ដែលជាតំបន់អសន្តិសុខនិងកាន់កាប់ដោយពួកឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ានម៉ាជាច្រើនក្រុមនៅរ៉ាឃីនផង មុននឹងទៅដល់ព្រំដែនចិន ប៉ុន្តែផ្លូវនេះជាច្រកសេដ្ឋកិច្ចប្រកបដោយយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ចិន ដែលអាចឆ្លងកាត់ត្រង់ទាំងទៅទាំងមកតាមមហាសមុទ្ទឥណ្ឌា ។

គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិននៅមីយ៉ានម៉ា ហាក់ដូចជាជួយសម្រាលទណ្ឌកម្មសេដ្ឋកិច្ចរបស់អន្តរជាតិលើរដ្ឋាភិបាលសឹកមីយ៉ានម៉ា ដែលមិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ១៩៩០កន្លងទៅ និងជាការបើកផ្លូវឱ្យអ្នកវិនិយោគចិនបានឱកាសចូលទៅបណ្តាក់ទុននៅសហភាពមីយ៉ានម៉ា ។

គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ ក៏កំពុងតែជួយសម្រាលផងដែរលើទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់ទៅលើមីយ៉ានម៉ាប្រឆាំងនឹងសកម្មភាពធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលសហភាពមួយនេះបានបើកទ្វារកាន់តែធំទទួលលុយចិនជាច្រើនសិបពាន់លានដុល្លារអាមេរិកក្នុងទម្រង់ជាវិនិយោគ ។

អាចនិយាយបានថា ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រៅពីពង្រឹងតួនាទីជាប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ ចិនជាប្រទេសវិនិយោគលំដាប់លេខមួយនៅសហភាពមីយ៉ានម៉ា ព្រមទាំងបើកច្រកសេដ្ឋកិច្ចរបស់ខ្លួនភ្ជាប់ទឹកដីចិនទៅនឹងមហាសមុទ្ទឥណ្ឌា ក្នុងក្របខ័ណ្ឌនៃការសាងផ្លូវសូត្រថ្មី ។

លោកប្រធានាធិបតីចិន បានសន្យាធ្វើវិនិយោគក្នុងវិស័យជាច្រើនទៀត ក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារ ដែលជាតំណាងហានិភ័យដ៏ធំធេងសម្រាប់មីយ៉ានម៉ាដែលរំពឹងខ្លាំងលើការជួយជ្រោមជ្រែងពីចិន ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង