តើអ្នកណានឹងគ្រងតំណែងបុរសទាបជាងគេបំផុតលើលោក បន្ទាប់ម្ចាស់តំណែងជនជាតិនេប៉ាល់បានស្លាប់ក្នុងវ័យ២៧ឆ្នាំ

(នេប៉ាល់)៖ បុរសជនជាតិនេប៉ាល់ ដែលជាប់ឈ្មោះជាបុរសទាបជាងគេបំផុតលើលោក ឈ្មោះ Khagendra Thapa Magar បានទទួលមរណភាពក្នុងមន្ទីរពេទ្យ ដោយសារជំងឺរលាកសួត ក្នុងវ័យត្រឹមតែ២៧ឆ្នាំ កាលពីថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។នេះបើយោងតាមការបញ្ជាក់របស់ស្ថាប័ន Guinness World Records។

សូមជម្រាបថា Khagendra Thapa Magar មានទម្ងន់៦គីឡូក្រាម កម្ពស់៦៧,០៨សង់ទីម៉ែត្រ បានជាប់ក្នុងកំណត់ត្រាពិភពលោក Guinness World Records កាលពីគាត់មានអាយុ១៨ឆ្នាំ នៅក្នុងឆ្នាំ២០១០ ក្នុងនាមជាបុរសទាបបំផុតលើលោកដំបូងគេ ហើយពេលនោះ នៅពេលដែលថតរូបទទួលតំណែង លោកមានរូបរាងតូចជាងវិញ្ញាបនបត្រដែលលោកកាន់ទៅទៀត។

ប៉ុន្តែ លោកKhagendra Thapa Magarបានបាត់បង់តំណែងនេះបន្ទាប់ពី លោក Chandra Bahadur Dangi ដែលជាជនជាតិនេប៉ាល់ដូចគ្នាឆក់យកនាមជាបុរសទាបជាងគេបំផុតនៅលើពិភពលោក ដោយសារតែគេមានកម្ពស់តែ ៥៤,៦ សង់ទីម៉ែត្រ ដែលទាបជាងលោកKhagendra Thapa Magarនោះ។ តែក្រោយមក លោកKhagendra Thapa Magar ក៏បានតំណែងរបស់ខ្លួនមកវិញ បន្ទាប់ពីលោក Chandra Bahadur Dangi បានមរណភាពក្នុងឆ្នាំ២០១៥ ។

ក្នុងនាមជាបុរសដែលទាបជាងគេនៅលើពិភពលោកបុរសវ័យ ២៧ ឆ្នាំរូបនេះបានធ្វើដំណើរទៅកាន់ប្រទេសជាង ១២ ហើយបានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នៅតាមបណ្តាប្រទេសអឺរ៉ុបនិងសហរដ្ឋអាមេរិក។

លោក Craig Glenday និពន្ធនាយកសៀវភៅ Guinness World Recordsបាននិយាយថា“ យើងសោកស្តាយខ្លាំងណាស់ដែលបានទទួលដំណឹងពីប្រទេសនេប៉ាល់ ថា Khagendra លែងនៅជាមួយយើងទៀតហើយ” ។គាត់និយាយថា“ ជីវិតអាចនឹងមានការពិបាកនៅពេលដែលអ្នកមានទម្ងន់ត្រឹមតែ ៦ គីឡូក្រាម ហើយអ្នកមិនសមនឹងពិភពលោក ដែលបានបង្កើតឡើងសម្រាប់មនុស្សទូទៅនោះទេ។

លោក Khagendra Thapa Magar បានក្លាយជាតំណាងផ្លូវការនៃយុទ្ធនាការទេសចរណ៍របស់ប្រទេសនេប៉ាល់ ដែលបានបង្ហាញថា គាត់ជាបុរសដែលតូចជាងគេបំផុតលើលោក ដែលកើតនៅក្នុងប្រទេសដែលមានកំពូលភ្នំខ្ពស់បំផុតនៅលើពិភពលោកគឺភ្នំអេវឺរេស។

យោងតាមការបញ្ជាក់ពីស្ថាប័នកំណត់ត្រាពិភពលោកហ្គីនណេស អះអាងថា បន្ទាប់ពីមរណភាពរបស់ លោកKhagendra Thapa Magar តំណែងបុរសដែលទាបជាងគេបំផុត តែមិនអាចធ្វើដំណើរបាន គឺធ្លាក់ទៅលើលោក Junrey Balawing មកពីប្រទេសហ្វីលីពីន ដែលមានកម្ពស់ត្រឹមតែ ៥៩,៩៣ សង់ទីម៉ែត្រ តែបុរសរូបនេះ មិនអាចដើរ ឬ ឈរបានដោយខ្លួនឯងបាននោះទេ។

ស្ថាប័នកំណត់ត្រាពិភពលោកហ្គីនណេស បានបន្ថែមទៀតថា សម្រាប់ឯតទគ្គកម្មបុរសចល័តទាបបំផុតលើលោកនៅពេលនេះ ត្រូវបានគ្រងដោយលោកEdward Nino Hernandez ក្នុងប្រទេសកូឡុំប៊ី ដែលមានកម្ពស់ ៧០,២១ សង់ទីម៉ែត្រ៕SN-ពុទ្ធិរៈ


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង