ឆ្នាំ២០២០នេះ​ ធនាគារជាតិនៃកម្ពុជា​ នឹងបន្តរក្សាស្ថិរភាពថ្លៃ​ និង​អត្រាប្តូរប្រាក់​

(ភ្នំពេញ)៖ សម្រាប់ទិសដៅការងារឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា នឹងបន្តរក្សាស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ ពង្រឹងការអភិវឌ្ឍវិស័យធនាគារ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងអភិវឌ្ឍប្រព័ន្ធទូទាត់។ល។ សំដៅរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយា​បន្ន និងសមភាព ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងគោលនយោបាយចតុកោណដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាល។ នេះបើតាមការឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពី​សន្និបាត​បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ធនាគារជាតិ នៅថ្ងៃទី​១៦-​១៧​ ខែមករា ឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថាសម្រេចបានក្នុងអត្រា ៧,១% ធៀបនឹង ៧,៥% នៅឆ្នាំ២០១៨ដែលគាំទ្រជាចម្បងដោយការនាំចេញ វិស័យសំណង់ និង​ទេសចរណ៍។ ជញ្ជីងទូទាត់ត្រូវបានប៉ាន់ស្មានថា នឹងមានអតិរេក ៩,៧% នៃផ.ស.ស. និងបានបន្តរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិដុលដល់ ១៨ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាលើការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណ ៧ខែ ខ្ពស់ជាងកម្រិតអប្បបរមាចំនួន ៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ អត្រាអតិផរណាត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតទាប ១,៩% (ធៀបនឹង ២,៥% នៅឆ្នាំ២០១៨) ដោយសារកំណើនថ្លៃទាបនៃក្រមម្ហូបអាហារ និងក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ។

ធនាគារជាតិបានបន្តថា កម្រិតទាបនៃអតិផរណានេះ ត្រូវបានរួមចំណែកគាំទ្រដោយការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤.០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក និងការគ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប។ គួររំលេចថា តម្រូវការប្រាក់រៀលបានកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់រៀលក្នុងចរាចរណ៍ (៣៣%)និងកំណើនប្រាក់បញ្ញើជា រៀល (៣ ៧%)។ កំណើននេះបានបន្ទាបកម្រិតដុល្លារូបនីយកម្មបន្តិច (វាស់ដោយអនុបាតប្រាក់បញ្ញើជារូបិយប័ណ្ណធៀបនឹងរូបិយវត្ថុទូទៅ) មកត្រឹម ៨២,៩% ធៀបនឹង ៨៨,៨%នៅឆ្នាំមុន។

វិស័យធនាគារបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបានរួមចំណែកយ៉ាងសកម្មគាំទ្រការរីកចម្រើននៃសេដ្ឋកិច្ច។ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ២៤,៥%ហើយឥណទានបាន​កើន ២៦%។ បណ្តាញប្រតិបត្តិការនិងពិពិធកម្មសេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏ត្រូវបានបន្តពង្រឹង និងបានជួយជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយបច្ចុប្បន្ន ចំនួនគណនីប្រាក់បញ្ញើបានកើនឡើងដល់ប្រមាណ ៧,៥ លានគណនី និងគណនីឥណទានកើនដល់ ៣.១ លានគណនី។ ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម ស្របតាមការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុ​ ដើម្បីបង្កើនប្រសិទ្ធ​ភាពនៃការទូទាត់ ប្រកបដោយឆាប់រហ័ស សុវត្ថិភាព និងងាយស្រួល។

បច្ចុប្បន្ន ប្រជាជនប្រមាណ ៥លាននាក់កំពុងប្រើប្រាស់សេវាទូទាត់សងប្រាក់តាមអេឡិចត្រនិក។ ធនា​គារ​ជាតិនៃកម្ពុជាកំពុងអភិវឌ្ឍស្តង់ដារ QR Code ដើម្បីសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិការទូទាត់ឆ្លងដែន។ លើសពីនេះ ប្រព័ន្ធបាគងត្រូវបានដាក់ឱ្យដំណើរការសាក​ល្បង ហើយប្រព័ន្ធរីថែលផេ (Retail Pay) ក៏ត្រូវបានដាក់ឱ្យដំណើរការជាបឋមបន្ថែមពីលើប្រព័ន្ធសេវាទូទាត់រហ័ស និងប្រព័ន្ធខេមបូឌានស៊ែស្វីចដែលកំពុងទទួលបានការចូលរួមពីគ្រឹះស្ថានសមាជិកថ្មីៗបន្ថែមទៀត។

ដោយឡែក អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ប.ក) ក៏បានដឹកនាំ សម្របសម្រួលនិងសហការអនុវត្តការងារនានា ដើម្បីប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា ហើយយុទ្ធសាស្ត្រ​ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០១៩-២០២៣ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមីនាកន្លងទៅនេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង