បច្ចុប្បន្ន​ ប្រជាជនប្រមាណ​ ៥លាននាក់​ កំពុងប្រើប្រាស់សេវាទូទាត់​សងប្រាក់​តាមអេឡិចត្រូនិក​

(ភ្នំពេញ)៖ បណ្តាញប្រតិបត្តិការ និងពិពិធកម្មសេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានបន្តពង្រឹង និងបានជួយជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយបច្ចុប្បន្ន ចំនួនគណនីប្រាក់បញ្ញើបានកើនឡើងដល់ប្រមាណ ៧,៥ លានគណនី និងគណនីឥណទានកើនដល់ ៣.១ លានគណនី។ នេះបើតាមការឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០​១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ធនាគារជាតិ នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម ស្របតាមការរីក​ចម្រើន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់ប្រកបដោយឆាប់រហ័ស សុវត្ថិភាព ​និង​ងាយស្រួល​។​ បច្ចុប្បន្ន ប្រជាជនប្រមាណ ៥លាននាក់ កំពុងប្រើប្រាស់សេវាទូទាត់សងប្រាក់តាមអេឡិច​​ត្រូនិក។

ធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍស្តង់ដារ QR Code ដើម្បីសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនា​គារ និងហិរញ្ញវត្ថុ និងប្រតិបត្តិការទូទាត់ឆ្លងដែន។ លើសពីនេះ ប្រព័ន្ធបាគងត្រូវបានដាក់ឱ្យដំណើរការ​សាកល្បង ហើយប្រព័ន្ធរីថែលផេ (Retail Pay) ក៏ត្រូវបានដាក់ឱ្យដំណើរការជាបឋមបន្ថែមពីលើប្រព័ន្ធសេវាទូទាត់រហ័ស និងប្រព័ន្ធខេមបូឌានស៊ែស្វីចដែលកំពុងទទួលបានការចូលរួមពីគ្រឹះស្ថានសមាជិកថ្មីៗបន្ថែមទៀត៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង