សម្តេចតេជោ ហ៊ុន សែន៖ ​កម្ពុជានៅតែត្រូវការ​ការវិនិយោគ​ពីវៀតណាម​ ជាពិសេសការកែច្នៃផលិតផល​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​

(ភ្នំពេញ)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែមករា បានអញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, ឯកអគ្គរដ្ឋទូត​វៀត​ណាមប្រចាំនៅកម្ពុជា លោក វូ ក្វាងមិញ, ពាណិជ្ជករ អ្នកជំនួញខ្មែរ និងវៀតណាម ព្រមទាំងប្រជាពលរដ្ឋ​វៀតណាមមួយចំនួនទៀត ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខ។ ទន្ទឹមនឹងនោះ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការជួបជុំនេះគឺជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រទេសជិតខាងល្អ ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក ជាពិសេសលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរដែលសម្រេចបាននូវវឌ្ឍនភាពល្អទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការទូត។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអណរគុណដល់វិនិយោគិនវៀតណាមដែលជ្រើស​រើសកម្ពុជាជាកន្លែងវិនិយោគ និងការពង្រីកអាជីវកម្មផ្សេងៗ ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងការលើកទឹកចិត្តសម្រាប់ការវិនិយោគ ការធ្វើធុរកិច្ចដែលមានលក្ខណៈប្រកួតប្រជែងស្មើភាព ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ និងការវិនិយោគលើគ្រប់វិស័យដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយសម្រេចតាមគោលដៅដែលបានគ្រោងទុក ហើយកម្ពុជានៅតែត្រូវការការវិនិយោគពីវៀតណាម ជាពិសេសការកែច្នៃផលិតផលកម្ពុជាទៅកាន់ប្រទេសវៀតណាម។

នេះជាឆ្នាំទីមួយដែល សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជួបជុំជាមួយបងប្អូនអ្នកវិនិយោគវៀតណាម មុនបុណ្យចូលឆ្នាំវៀតណាមមកដល់ ហើយសម្តេចបានសម្រេចអោយមានការជួបបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីពង្រឹងចំណងមិត្តភាព និងបង្កើននូវជំនឿទុកចិត្តរវាងគ្នានិងគ្នា ជាពិសេសគឺពង្រឹង​ការជឿទុកចិត្តរវាងវិនិយោគិនវៀតណាមនៅកម្ពុជា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង