ក្រសួងបរិស្ថានណែនាំឲ្យប្រជាពលរដ្ឋ​គួរតែពាក់ម៉ាស់ការពារ​ ខណៈគុណភាពខ្យល់​មានការធ្លាក់ចុះ​ ដែលអាចប៉ះពាល់​ចំពោះសុខភាព​សាធារណៈ​

(ភ្នំពេញ)៖ យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅរាជធានី ខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពភាពគុណភាពខ្យល់មានការធ្លាក់ចុះជាពិសេស កំហាប់ប៉ារ៉ាម៉ែត្រភាគ ល្អិតនិចល PM 10 និង PM 2.5 មាន ការកើនឡើងលើសកំណត់ស្តង់ដាដែលជាហានិ ភ័យបង្កការប៉ះពាល់ចំពោះ សុខភាពសាធារណៈ ហើយចាំបាច់ត្រូវចាត់វិធានការ ដើម្បីទប់ស្កាត់ការបំពុលខ្យល់នេះ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី១៧ ខែមករា។

ដើម្បីការពារសុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តល់អនុសាសន៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឬជាអ្នកដែលធ្វើការនៅខាងក្រៅអគាររយៈពេលយូរ គួរតែពាក់ម៉ាស់ការ​ពារ។

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា «រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ បើទោះជាលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់បង្ហាញថាកំហាប់ភាគល្អិតនិចល PM 2.5 មានការប្រែប្រួលកើនឡើង»។

បើតាមឯកឧត្តម នេត្រ ភក្ត្រា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែកម្ពុជាទេ ប៉ុន្តែ និន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដោយ​សារតែអាកាសធាតុ​នៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។

ឯកឧត្តមបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់​ប្រទេស​កម្ពុជា ​ដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការទេ។

តាមមន្ត្រីបច្ចេកទេសក្រសួងបរិស្ថាន ដែលបានធ្វើការតាមដានគុណភាពខ្យល់ ប្រភពបំពុលសំខាន់ៗដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវកំហាប់ភាគល្អិតនិចលក្នុងខ្យល់ PM2.5 នាដើមរដូវប្រាំងឆ្នាំនេះក្នុងរាជធានីភ្នំពេញ គឺបណ្តាលមកពីប្រភពបំពុលសំខាន់៖ ៧០% មកពីការបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដែលមានកំហាប់ស្ពាន់ធ័រខ្ពស់២០% ពីធូលីចេញពីការដ្ឋានសំណង់និងរោងចក្រលាយបេតុង ១០% មកពីប្រភពផ្សេងៗរួមមាន៖ ការដុតសំរាមនៅតាមលំនៅដ្ឋាន ធូលីដីនៅតាមដងផ្លូវ ការបញ្ចេញពីរោងចក្រ និងសិប្បកម្មជាដើម៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង