សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើសភា និងរដ្ឋាភិបាលអូស្ត្រាលី បន្តគាំទ្រកម្ពុជា និងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាមកសិក្សានៅអូស្រ្តាលី

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ខែមករានេះបានដឹកនាំគណៈប្រតិភូរដ្ឋសភា ធ្វើមាតុភូមិនិវត្តពីការចូលរួៗកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីប៉ាហ្វិក(APPF) លើកទី២៨ នៅប្រទេសអូស្រ្តាលី ដែលបានប្រព្រឹត្តឡើងពីថ្ងៃទី១៣- ១៥ ខែមករាឆ្នាំ២០២០។

នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញឯកឧត្តម កែវ ពិសិដ្ឋ សមាជិក សភា មានប្រសាសន៏ឲ្យដឹងពីល្ធផលនៃការចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៨ នៅប្រទេសអូស្រ្តាលី របស់គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

កិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា (APPF) នាទីក្រុងកង់បេ រ៉ា ប្រទេសអូស្ត្រាលី តបតាមការអញ្ជើញរបស់ប្រធានស្ថាប័ននីតិ ប្បញ្ញត្តិប្រទេសអូស្រ្តាលី។

ឯកឧត្តម កែវ ពិសិដ្ឋ មានប្រសាសន៏បញ្ជាក់ទៀតថា៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ត្រូវបានសភាអូស្រ្តាលីផ្តល់កិត្តិយសជូន ឡើងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ។ ចំពោះសុន្ទរកថារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការវិញ មានភ្ជាប់មកជាមួយសេចក្តីប្រកាសព័ត៌មាននេះ។

កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយបានអនុម័តទទួលយកសេចក្តីសម្រេចចំនួន១៩ និងបានកំណត់កិច្ចប្រជុំលើកទី២៩ នឹងប្រារព្ធធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២១ និងនៅព្រះរាជាបណាចក្រថៃ ក្នុងឆ្នាំ២០២២។

មុនបិទបញ្ចប់កិច្ចប្រជុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានគណៈ ប្រតិភូនានា ដែលជាសមាជិកAPPF បានចុះហត្ថលេខាលើកំណត់ហេតុលទ្ធផលនៃកិច្ចប្រជុំលើកទី២៨ ក្រោមបរិយាកាសស្និទ្ធស្នាលជាទី បំផុត។

កំឡុងពេលចូលរួមកិច្ចប្រជុំ APPF ក្នុងប្រទេសអូស្រ្តាលីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាទ្វេភាគីជាមួយ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធានAPPF លើកទី២៨ ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ និងបានទទួលជួប ពិភាក្សាការងារជាមួយ លោក ជំទាវ តុង ធីហ្វុង អនុប្រធានរដ្ឋសភានៃសាធារណ រដ្ឋសង្គម និយមវៀតណាម ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិ បត្តិ ការរវាងសភាកម្ពុជានិងសភាបណ្តាប្រទេសជាមិត្ត។

ក្នុងជំនួបជាមួយ ឯកឧត្តម តូនី ស្មីត សម្តេចប្រធានរដ្ឋសភា បានស្នើសភានិងរដ្ឋាភិបាលអូស្ត្រាលី បន្តគាំទ្រកម្ពុជាជាបន្តទៀត ជាពិសេសជួយជំរុញអ្នកវិនិ យោគ និងទេសចរណ៍អូស្ត្រាលី ទៅកម្ពុជា និងបន្តជួយបណ្តុះបណ្តាលធនធាន មនុស្ស និងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាមកសិក្សានៅអូស្រ្តាលី ពីព្រោះការអភិវឌ្ឍន៍នៅកម្ពុជាសព្វថ្ងៃ ត្រូវការធនធានមនុស្សជាចាំបាច់។

សម្តេចអគ្គមហាពញាចក្រី បានគោរពអញ្ជើញ ឯកឧត្តម តូនី ស្មីត មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ ខាងមុខនេះ។

ចំពោះសំណើពាក់ព័ន្ធអាហារូបករណ៍ ឯកឧត្តមប្រធានរដ្ឋសភាអូស្រ្តាលី សន្យាគាំទ្រឱ្យមានការផ្តល់អាហារូបករណ៍ដល់និសិ្សតកម្ពុជាមកសិក្សានៅអូស្រ្តាលី អោយបានកាន់តែច្រើន ស្របតាមការអភិវឌ្ឍន៍នៅកម្ពុជាដែលត្រូវការធនធានមនុស្ស។

ដោយឡែកចំពោះជំនួបរវាង សម្តេចប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមនិងថ្នាក់ដឹកនាំរដ្ឋសភាឡាវវិញ ជាទម្លាប់របស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំង៣ ដែលមានប្រពៃណីជួបគ្នានៅពេលចូលរួមវេទិកាសភាអន្តរជាតិម្តងៗ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ព្រមទំាងបានចែករំលែកពីការវិវឌ្ឍន៍ថ្មីៗសភាពការណ៍ថ្មីៗ ពីគ្នាទៅវិញទៅមក ទៀតផង។

មុននឹងអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូ បានទទួលជួបសំណេះសំណាល សាកសួរសុខទុក្ខ និងទទួលទានអាហារជាមួយប្រជាពលរដ្ឋនិងនិស្សិតកម្ពុជា ដែលកំពុងរស់នៅនិងសិក្សា នៅក្នុងទីក្រុងកង់បេរ៉ានិងរដ្ឋក្បែរៗ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងកង់បេរ៉ា ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com