កម្ពុជាស្នើឲ្យជប៉ុនជួយលើវិស័យទឹកស្អាត​ជាជំនួយឥតសំណង​ និងការបណ្តុះបណ្តាល​ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាន​ទឹកស្អាត​ស្របតាមស្តង់ដារ​

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានស្នើឲ្យភាគីជប៉ុនដែលមានជំនាញខ្ពស់លើវិស័យទឹកស្អាត ជួយកម្ពុជាបន្តទៀត ក្នុងលក្ខណៈជាជំនួយឥតសំណង និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីលើការងារគ្រប់គ្រង និងថែរក្សារោងចក្រប្រព្រឹត្តិកម្មទឹកស្អាត។ ឯកឧត្តមបានស្នើបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម YAMAMOTO KOZO សមាជិកសភានៃប្រទេសជប៉ុន និងសហការី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាទទួលបានទឹកស្អាតប្រើប្រាស់ គឺមិនអាចបំភ្លេចបានពីការរួមចំណែកដ៏សំខាន់ពីភាគីជប៉ុនឡើយ។ ប៉ុន្តែទោះបីយ៉ាងណាកម្ពុជា នៅត្រូវការជំនួយឧបត្ថម្ភលើវិស័យទឹកស្អាតនេះបន្តទៀត ទាំងតំបន់ទីក្រុង ទីប្រជុំជន និងជនបទ ដើម្បីសម្រេចបានតាមគោល​ដៅឆ្នាំ២០២៥ របស់ក្រសួងផង និងគោលនយោបាយរបស់សម្តេចតេជានាយករដ្ឋមន្រ្តី ដែលចង់ឲ្យប្រជា​ពលរដ្ឋកម្ពុជាទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ក្នុងតម្លៃសមរម្យ ដើម្បីជៀសផុតពីការឆ្លងជំងឺផ្សេងៗ ​ដោយសារការប្រើប្រាស់ទឹកមិនស្អាតផង។ ក្នុងនោះទីក្រុងភ្នំពេញដែលកំពុងរីកខ្លួនធំមួយជាពីរក៏កំពុងមានតម្រូវការកើនឡើងលើវិស័យទឹកស្អាតជាចាំបាច់។

តាមរយៈឯកឧត្តម YAMAMOTO KOZO សមាជិកសភាជប៉ុន ឯកឧត្តមបានស្នើឲ្យដៃគូជប៉ុន ជួយដល់កម្ពុជាបន្ថែមទៀតលើវិស័យទឹកស្អាត ក្នុងលក្ខណៈជាជំនួយឥតសំណង និងមានក្រុមហ៊ុន SPC
(Special Purpose Company) មួយដែលមានសមត្ថភាពជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីលើការងារគ្រប់គ្រង និងថែរក្សារោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ក្រោយភាគីជប៉ុនផ្ទេរការគ្រប់គ្រងដល់ភាគីកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈជំនួយឥតសំណង និងជួយឲ្យថ្លៃទឹកលក់ចេញជូនប្រជាពលរដ្ឋកាន់តែមានតម្លៃថោកសមរម្យ ជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ពីព្រោះការវិនិយោគលើវិស័យទឹកស្អាត ត្រូវការចំណាយដើមទុនច្រើនណាស់ ដើម្បីទទួលបានទឹកស្អាតស្របតាមស្តង់ដារ ដែលភាគីជប៉ុនមានជំនាញខ្ពស់លើវិស័យនេះ។

ឯកឧត្តម YAMAOTO KOZO សមាជិកសភាជប៉ុន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនឥតឈប់​ឈររបស់កម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តមធ្លាប់មកកម្ពុជាចំនួន ០៤ លើក និងធ្លាប់ជួប​សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជាចំនួនពីរដងទាំងលើកនេះ។ ឯកឧត្តមឃើញថា កម្ពុជាមានការអភិវឌ្ឍន៍លឿនជាលំដាប់ ជាពិសេសរាជធានីភ្នំពេញ មានទំហំរីកកាន់តែធំ ជាមួយនិងលំនៅដ្ឋានមូល​ដ្ឋាន​អាជីវកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មកាន់តែសម្បូរបែប ដែលពិតណាស់តម្រូវការអភិវឌ្ឍន៍ នឹងត្រូវការជាចាំបាច់។ ក្នុងនោះវិស័យទឹកស្អាត ជាកត្តាសំខាន់មិនអាចខ្វះបាន ដែលឯកឧត្តមនឹង​ពាំនាំ​និងលើកបញ្ហានេះ ដល់សភាជប៉ុន ដើម្បីពិនិត្យលទ្ធភាពជួយដល់កម្ពុជាលើវិស័យទឹកស្អាតនេះជាបន្តបន្ទាប់ទៀត៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com