រត់ចម្ងាយឆ្ងាយតំបន់អង្គរ កាន់តែប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ និងអ្នកចូលរួមកាន់តែច្រើន

(សៀមរាប)៖ ការប្រកួតរត់ចម្ងាយឆ្ងាយតំបន់អង្គរ (Angkor Ultra Trail) ២០២០ ចាប់ផ្តើមការប្រកួតផ្លូវការថ្ងៃស្អែនេះហើយ ខណៈដែលអ្នកចូលរួមទាំងអស់ ១២០០នាក់ មកពី៤៤ប្រទេសលើពិភពលោក។

លោក Jean Claude ប្រធានគណៈកម្មការរៀបចំទិវារត់ចម្ងាយឆ្ងាយតំបន់អង្គរបានប្រាប់ឱ្យដឹងថា សម្រាប់ការចុះឈ្មោះនេះមានលក្ខណៈល្អប្រសើរដែលទាក់ទាញបានការចុះឈ្មោះពីអ្នករត់ជាតិ និងអន្តរជាតិជាង១២០០នាក់ ក្នុងនោះអ្នករត់ជា ជនជាតិខ្មែរក៏មានការកើនឡើងដូចគ្នា ដែលគូសបញ្ជាក់អំពីការយល់ដឹងអំពីសារៈសំខាន់នៃទិវារត់ប្រណាំងបែបផ្សងព្រេងនេះ។

លោកបន្ថែមទៀតថាពីមួយឆ្នាំទៅមួយឆ្នាំទិវានេះកាន់តែល្អប្រសើរ ហើយរំពឹងថា ប្រជាពលរដ្ឋនឹងចូលរួមជួយជ្រោមជ្រែងដល់ទិវាអន្តរជាតិ មួយនេះពីពួកគាត់នៅតាមមូលដ្ឋាន។ ប្រធានគណៈកម្មការរៀបចំរូបនេះអះអាង នេះជាខួបលើកទី៥ ដែលទិវារត់ចម្ងាយឆ្ងាយមួយនេះត្រូវបានប្រារព្ធធ្វើឡើង ហើយជាសមិទ្ធផល ដែលទទួលបានការគាំទ្រយ៉ាងច្រើន ហើយក្នុងជនជាតិខ្មែរផ្តល់ការគាំទ្រយ៉ាងច្រើនដូចគ្នា។ តាមផែនការ នៅឆ្នាំ២០២១ ទិវា នេះនឹងរៀបចំឲ្យមានការរត់ប្រណាំង៨គីឡូម៉ែត្រ ដើម្បីផ្តល់ឱកាសដល់ជនជាតិខ្មែរចូលរួមរត់លើវិញ្ញា សាមួយនេះឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ (Angkor Ultra Trail) នៅតំបន់អង្គរ ខេត្តសៀមរាប លើកទី៥ ចម្ងាយ១២៨គីឡូម៉ែត្រនឹងត្រូវចាប់ផ្តើមនាវេលាម៉ោង៤ទៀបភ្លឺ ស្អែកថ្ងៃទី១៨មករា និងបញ្ចប់នាថ្ងៃ១៩ ខែមករា ឆ្នាំ២០២០។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងដែរថា តាមកម្មវិធី ដែលបានគ្រោងទុក នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣យប់ត្រូវជួបជុំគ្នា ហើយនៅវេលាម៉ោង៤ទៀបភ្លឺ ការរត់ប្រណាំងចាប់ផ្តើមចេញដំណើរ ហើយនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែមករា នឹងរៀបចំពិធីបំពាក់មេដាយប្រគល់រង្វាន់ជ័យលាភី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន និងលោកជំទាវស្ថានទូតបារាំង ប្រចាំកម្ពុជាក៏អញ្ជើញចូលរួមដែរ។ ព្រឹត្តិការណ៍កីឡា-ទេសចរណ៍បែបផ្សងព្រេងនេះបានទាក់ទាញអ្នកចូលរួមកាន់តែច្រើន សម្រាប់ឆ្នាំ២០២០នេះ កើនឡើងប្រមាណ១០% ដោយមានអ្នករត់មានចំនួន១២៥៥នាក់មកពី៤៥ប្រទេស។ ក្រៅពីវិញ្ញាសារត់១២៨គីឡូម៉ែត្រ ក៏មាន៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង១៦គីឡូម៉ែត្រដែរ៕

(ប្រភព៖ CAMBODIA SEA GAMES 2023)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង