រដ្ឋមន្ត្រី​ព័ត៌មាន ចេញ​សារ​តប​នឹង​ស្ត្រី​អ្នកកាសែត Online ​ម្នាក់ ដែល​រិះគន់​ពិធី​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​អ្នកសារព័ត៌មាន​

(​ភ្នំពេញ​)៖ នៅ​កណ្តាលអធ្រាត្រ ថ្ងៃទី​១៦ ឈានចូល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​សារ​តាម​ហ្វេ​ស​ប៊ុ​ក តប​នឹង​ស្ត្រី​អ្នកកាសែត Online ​ម្នាក់ ដែល​បាន​រិះគន់​ពិធី​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​អ្នកសារព័ត៌មាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ លើកឡើងថា «​ធម្មតា ខ្ញុំ​មិន​តប​សារ​មនុស្ស​ដែល​និយាយ​ខុស​រឿង​តែឯង​នោះទេ តែ​ដោយ​ឃើញ​សារ​នារី​ម្នាក់ និយាយ​រិះគន់​ដល់​ការជួបជុំ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​១៤ មករា ២០២០ ដោយ​ចាត់​ថា ជាការ​មិន​បើក​អោយមាន​ការជជែក​ពិភាក្សា​ដឹង​ពី​សុខទុក្ខ​អ្នកកាសែត​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែមថា «​ខ្ញុំ​គិតថា អ្នក​និយាយ​ប្រហែល​មិនសូវ​ទៅធ្វើ​ការ ឬក៏​អង្គភាព​នោះ មាន​ប្រព័ន្ធ​ជូនដំណឹង​ផ្ទៃក្នុង​មិនល្អ​។ នៅមុន​ពេល​ជួប​ជា​រៀងរាល់ឆ្នាំ សមាគម​អ្នកកាសែត តែង​ពិគ្រោះគ្នា លើក​ពី​ចំណុច ដែល​ត្រូវ​ដាក់ជូន​នាយករដ្ឋមន្ត្រី សំរេច ហើយ​ក្រសួង​ព័ត៌មាន ពិនិត្យ​ពី​ចំណុច​ណា ដែល​គួរ​ដាក់ ដើម្បី​សម្តេចនាយក​រដ្ឋមន្ត្រី សំរេច​ជាគោលការណ៍ គឺ​និយាយ​ពី​រឿង​ព្រៃ មិន​និយាយ​ពី​ដើមឈើ​ទេ​។ នៅក្នុង​ឆ្នាំនេះ បញ្ហា ដែល​លើកឡើង គឺ​កិច្ចការពារ​អ្នកកាសែត នៅ​ចំពោះមុខ​ច្បាប់ និង សំណូមពរ​អ្នកកាសែត ចង់​មាន​ប្រព័ន្ធ​សន្តិសុខ​សង្គម នៅពេល​ពួកគេ​មាន​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​។ ដោយ​ប្រព័ន្ធ ប​.​ស​.​ស​. មាន​នីតិវិធី​ច្បាស់លាស់​ហើយ ក្រសួង​មាន​គំរោង​បើក​សិក្ខាសាលា​មួយ ជូន​អ្នកកាសែត​ដោយ​អញ្ជើញ​តំណាង​ក្រសួង​សង្គមកិច្ច​មក​ពន្យល់ ហេតុនេះ នៅសល់តែ​រឿង​ការពារ​អ្នកកាសែត នៅ​ចំពោះ​ការ​ប្តឹងផ្តល់​នានា​។ ហើយ​សំណូមពរ​នេះ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ដោះស្រាយ​ជូន​នៅ​ថ្ងៃទី ១៤ មករា នោះ​ហើយ តែ​ប្រហែល​អ្នក​រិះគន់​នោះ រវល់​តែវ៉ែ​ជជែក​គ្នា បានជា​មិនឮ ឬ​យ៉ាងណា​?»​។​

​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ គណនី​ហ្វេ​ស​ប៊ុ​ក Ly Na ដែល​គេ​ដឹងថា ស្ត្រី​អ្នកកាសែត​នេះ ជា​ប្រពន្ធក្រោយ​របស់លោក សុវណ្ណ សុខា ដែល​ត្រូវជា​ឪពុក​លោក សុវណ្ណ រិទ្ធី នៅ​អង្គភាព ធី​វី ហ្វេ​ស​ប៊ុ​ក TvFB បាន​បង្ហោះ​សារ​ថា នៅ​ឆ្នាំក្រោយ​នាង​សុំ​មិន​ចូលរួម​បាយ​សាមគ្គី​ជាមួយ​នាយករដ្ឋមន្ត្រី​ទៀត​ទេ ព្រោះ​មិនបាន​ឲ្យ​អ្នកកាសែត ផ្តល់ព័ត៌មាន​ពី​សុខទុក្ខ និង​ភាព​បិទបាំង​របស់​មន្ត្រី​ថ្នាក់ក្រោម ទៅ​រដ្ឋាភិបាល​។​

​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ ស្ត្រី​អ្នកកាសែត​ឈ្មោះ លី​ណា បាន​សរសេរ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​បកស្រាយ​សារ​បង្ហោះ​ថ្ងៃមុន ដែល​នាំ​ឲ្យ​មានប្រតិកម្ម​ជាច្រើន​ពី​មហាជន ពិសេស​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ​។

​សារ​របស់​អ្នកស្រី លី​ណា ដែល​យកមក​បង្ហោះ​ជា​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ ហាក់ដូចជា​នាង​សរសេរ​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដោយ​នាង​លើកឡើងថា នាង​គ្រាន់តែ​ចង់អោយ​មន្ត្រី​ថ្នាក់ក្រោម​មួយចំនួន​តូច យក​គំរូ​តាម​សម្តេច ដែល​ខិតខំ​បម្រើ​ពលរដ្ឋ គ្មាន​ពាក្យ​ថា ហត់ រហូត​ទទួលបាន​សន្តិភាព​ដល់​បច្ចុប្បន្ន​៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com